ដល់ពេលហើយ! រដ្ឋបាលខេត្តពោធិ៍សាត់ កំណត់ពេលវេលា នៃការបើកបិទបំពងសំឡេង សម្រាប់ម្ចាស់អាជីវកម្មចិញ្ចឹមត្រចៀកកាំ

04-03-2026 16:24

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់ពេលវេលា នៃការប្រើប្រាស់ឧបករណ៍បំពងសំឡេង ក្នុងខេត្តពោធិ៍សាត់ សម្រាប់ម្ចាស់អាជីវកម្ម និងអ្នកចិញ្ចឹមសត្វត្រចៀកកាំ។

នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្ត ដែលអង្គភាពព័ត៌មាន Fresh News ទើបនឹងទទួលបាននារសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។

ក្នុងសេចក្តីជូនដំណឹងនោះ បានសរសេររៀបរាប់ថា រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្ម និងអ្នកចិញ្ចឹមសត្វត្រចៀកកាំទាំងអស់ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ឱ្យបានជ្រាបថា ដើម្បីធានាបាននូវ សុខុមាលភាព សុខដុមនីយកម្មក្នុងការរស់នៅ និងបញ្ចៀសការរំខានដោយសំឡេង ទៅលើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន រដ្ឋបាលខេត្តសូមកំណត់ពេលវេលាបើកឧបករណ៍បំពងសំឡេង សម្រាប់ម្ចាស់អាជីវកម្ម និងអ្នកចិញ្ចឹមសត្វត្រចៀកកាំ ក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ដូចខាងក្រោម៖

*ពេលព្រឹក (បើក)៖ ចាប់ពីម៉ោង ០៦:០០នាទីព្រឹក ដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់

*ពេលរសៀល (បើក)៖ ចាប់ពីម៉ោង ០២:០០នាទីរសៀល ដល់ម៉ោង ០៦:០០នាទីល្ងាច

*យប់ (បិទ)៖ ចាប់ពីម៉ោង ០៦:០០នាទីល្ងាច ដល់ម៉ោង ០៦:០០នាទីព្រឹក

ទន្ទឹមនេះ ស្នើឱ្យមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយ និងតាមដានត្រួតពិនិត្យជាប្រចាំ ចំពោះទីតាំងចិញ្ចឹមសត្វត្រចៀកកាំទាំងអស់ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ ក្នុងករណីម្ចាស់អាជីវកម្ម និងអ្នកចិញ្ចឹមសត្វច្រចៀកកាំរូបណាមិនអនុវត្ត និងល្មើសស្មារតីនៃសេចក្តីជូនដំណឹងនេះ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

រដ្ឋបាលខេត្តពោធិ៍សាត់ សង្ឃឹមនឹងជឿជាក់ថា ម្ចាស់អាជីវកម្ម និងអ្នកចិញ្ចឹមសត្វច្រចៀកកាំទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់តាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕