អភិបាលស្រុកស្ទោង៖ សុខទុក្ខពលរដ្ឋក្នុងមូលដ្ឋាន ជាសុខទុក្ខរបស់មន្ត្រី
04-03-2026 16:44
(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ បានលើកឡើងថា សុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន គឺជាសុខទុក្ខរបស់មន្ត្រីផ្ទាល់។ ដូច្នេះ មន្ត្រីមូលដ្ឋាន ត្រូវរកឱ្យឃើញនូវបញ្ហា ត្រូវដំណោះស្រាយឱ្យពេលវេលា និងមានប្រសិទ្ធភាពបំផុត។
ការលើកឡើងដូច្នេះរបស់លោកអភិបាលស្រុក បានធ្វើឡើងក្នុងឱកាសដែលលោកបានបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភស្បៀង គ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋងាយរកហានិភ័យនៅក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ។
លោកបានសង្កត់ធ្ងន់ធ្ងរ ប្រសិនបើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានបញ្ហាណាមួយនោះ អាជ្ញាធរភូមិ ឃុំ និងជំនាញពាក់ព័ន្ធត្រូវដុតដៃ ដុតជើងប្រញាប់ប្រញាល់ចុញជួយឱ្យអស់ពីលទ្ធភាព និងបន្ទាន់បំផុតដែលជាការរួមសុខរួមទុក្ខជាមួយគ្នា រកឱ្យឃើញនូវបញ្ហាព្រមទាំងដំណោះស្រាយដែលមានប្រសិទ្ធភាពបំផុត។ លើសពីនេះ បើពលរដ្ឋក្នុងមូលដ្ឋានរស់នៅប្រកបដោយសុខសុវត្ថិភាពមានសុខុមាលភាពបរិបូណ៌នេះមន្ត្រីត្រូវខិតខំរួមរស់ និងលើកកម្ពស់ កិច្ចការនេះឱ្យកាន់តែប្រសើរឡើងថែមទៀត។
បន្ថែមពីនេះ លោក សាយ គឹមឡម បានលើកទឹកចិត្តដល់អាជ្ញាធរឃុំពពក ត្រូវខិតខំផ្ដល់សេវាប្រកបដោយតម្លាភាពឆាប់រហ័ស ជាពិសេសត្រូវពន្លឿន និងធ្វើបច្ចុប្បន្នភាពបណ្ណគ្រួសារក្រីក្រ និងហានិភ័យជូនពលរដ្ឋឱ្យបានឆាប់រហ័សអស់ពីលទ្ធភាពតាមដែលអាចធ្វើទៅបានដើម្បីអត្ថប្រយោជន៍ពួកគាត់ និងត្រូវពង្រឹងគុណភាពប្រសិទ្ធភាពការងារកាន់តែប្រសើរឡើងថែមទៀត ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ថា ការជួបជួបសំណេះសំណាលនៅក្នុងឱកាសនេះមានប្រជាពលរដ្ឋងាយរងហានិភ័យចំនួន១៥គ្រួសារ ហើយលោក សាយ គឹមឡម បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ សម្លៀកបំពាក់មួយចំនួនផងដែរ៕
























