អភិបាលខេត្តពោធិ៍សាត់ ដោះស្រាយបញ្ចប់ករណីទំនាស់ដីធ្លីចុងក្រោយ ដើម្បីបើកផ្លូវអភិវឌ្ឍន៍តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅកាន់វត្តហ្លួង
04-03-2026 16:58
(ពោធិ៍សាត់)៖ ភាពជោគជ័យ នៃនយោបាយឈ្នះ-ឈ្នះ, រដ្ឋបាលខេត្តពោធិ៍សាត់ សម្រេចបាននូវសមិទ្ធផលដ៏សំខាន់មួយទៀត ក្នុងការដោះស្រាយផលប៉ះពាល់ទីតាំងដីសាធារណៈរបស់រដ្ឋ សម្រាប់គម្រោងពង្រីកហេដ្ឋា រចនាសម្ព័ន្ធផ្លូវស្អាត បូករួមទាំងការបំពាក់ភ្លើងសូឡា និងដាំដើមឈើលម្អនៅអមសង្ខាងផ្លូវ ក្នុងភូមិសាស្ត្រស្រុកបាកាន និងក្រុងពោធិ៍សាត់។
ជាក់ស្តែងនាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យ និងដោះស្រាយដោយផ្ទាល់ ជាមួយគ្រួសារចុងក្រោយ ដែលនៅសេសសល់ រហូតឈានដល់ការឯកភាពគ្នាជាឯកច្ឆន្ទ ដើម្បីឈានទៅសម្រេចបានការចាក់ពង្រីកតួផ្លូវ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៥ ចូលតាមផ្លូវជាតិលេខ៥៥ រហូតដល់វត្តហ្លួង ដោយឆ្លងកាត់ បូជនីយដ្ឋានជាប្រវត្តិសាស្ត្រ ទេពឧកញ៉ា ឃ្លាំង មឿង ដែលជាបេះដូងនៃជំនឿសាសនា និងវប្បធម៌របស់បងប្អូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់។
បើតាមលោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន បានឱ្យដឹងថា ក្នុងដំណើរការអនុវត្តគម្រោង ចំណុចបូជនីយដ្ឋា ទេពឧកញ៉ា ឃ្លាំង មឿង មានបងប្អូនប្រជាពលរដ្ឋ ចំនួន៧គ្រួសារ លើ៨ក្បាលដី ស្មើនឹង៩៩.៩% ដែលគ្មានប្លង់កម្មសិទ្ធិស្របច្បាប់ បានបង្ហាញនូវស្មារតីសហការខ្ពស់ ដោយយល់ព្រមរុះរើសំណង់ និងទទួលយកគោលនយោបាយដោះស្រាយដីសម្បទាពីរដ្ឋបាលខេត្ត ដើម្បីប្រយោជន៍រួមនៃសោភ័ណភាព និងការអភិវឌ្ឍខេត្ត។
លោកបន្តថា ទោះបីជាការងារស្ទើរតែសម្រេចបានទាំងស្រុង ក៏នៅសេសសល់គ្រួសារ ចំនួន០១គ្រួសារ លើ០១ក្បាលដី គឺឈ្មោះ សឹម តុប ដែលមិនទាន់ឯកភាពទទួលយកការដោះស្រាយ។ ជាមួយគ្នានោះ ក៏មានបុគ្គលឈ្មោះ តុប ពីតែន (Ten Ten) ដែលត្រូវជាកូនរបស់ឈ្មោះ សឹម តុប បានធ្វើការអុកឡុក និងថតវីដេអូផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុក បង្កឱ្យមហាជនមានការភ័ន្តច្រឡំយ៉ាងចាស់ដៃ មកលើអាជ្ញាធរមានសមត្ថកិច្ច។
លោក ឆាយ គឹមម៉ុង បន្ថែមថា ឈរលើគោលការណ៍សន្តិវិធី និងការយោគយល់ខ្ពស់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៏បានចុះទៅជួបពិភាក្សា និងពន្យល់ដោយផ្ទាល់ជាមួយម្ចាស់ផ្ទះ។ បន្ទាប់ពីការពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល និងយោគយល់ពីផលប្រយោជន៍ជាតិ ម្ចាស់ផ្ទះចុងក្រោយរូបនេះ បានស្ម័គ្រចិត្តយល់ព្រម ទទួលយកការដោះស្រាយតាមគោលការណ៍របស់ខេត្ត ដែលបានកំណត់ជូន។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា លោកមិនចង់ឱ្យប្រជាពលរដ្ឋណាម្នាក់រងទុក្ខនោះទេ ការអភិវឌ្ឍត្រូវតែដើរទន្ទឹមគ្នានឹងការយោគយល់។ នៅពេលនេះ បងប្អូនប្រជាពលរដ្ឋ បានឯកភាពគ្នា១០០%ហើយ នេះសបញ្ជាក់ពីស្មារតីស្រឡាញ់ខេត្តពោធិ៍សាត់ទាំងអស់គ្នា និងធ្វើឱ្យលោកមានឆន្ទះ បន្តការងារអភិវឌ្ឍន៍ខេត្តបន្ថែមទៀត។
លោកបានជំរុញឱ្យក្រុមការងារបច្ចេកទេស ចុះអនុវត្តការឈូសឆាយ និងស្ថាបនាឱ្យស្របតាមស្តង់ដារគុណភាព ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងទទួលស្វាគមន៍ភ្ញៀវទេសចរដែលមកកម្សាន្តនៅបូជនីយដ្ឋាន ទេពឧកញ៉ា ឃ្លាំង មឿង និងតាមបណ្តារមណីយដ្ឋាននានាក្នុងខេត្ត។
បន្ទាប់ពីបានដោះស្រាយបញ្ហាដីធ្លីបញ្ចប់ជាស្ថាពរ លោក ខូយ រីដា ក៏បានបន្តដំណើរចុះពិនិត្យដោយផ្ទាល់ នូវវឌ្ឍនភាពការងារ នៅសាលាអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែក្រវាញ ដើម្បីតាមដានការអនុវត្តតាមការណែនាំកន្លងមក លើការរៀបចំកែលម្អសោភ័ណភាពទូទៅ ដើម្បីបង្កើតបរិយាកាសសិក្សាឱ្យកាន់តែស្រស់បំព្រង និងទាក់ទាញដល់សិស្សានុសិស្ស, ការគ្រប់គ្រងសម្រាម និងការថែរក្សាអនាម័យក្នុងបរិវេណសាលា ដើម្បីធានាបាននូវសុខុមាលភាពរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជំរុញ និងកោតសរសើរចំពោះថ្នាក់ដឹកនាំសាលា ដែលបានខិតខំកែប្រែមុខមាត់សាលារៀន៕





















































