លោក អ៊ុច បូររិទ្ធ អញ្ជើញចូលរួមពិធីចម្រើនអាយុវឌ្ឍនមង្គល សម្ពោធឆ្លងកុដិ និងបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តព្រះអង្គកងជុំ ខេត្តសៀមរាប
04-03-2026 17:07
(ភ្នំពេញ)៖ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភានៃកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី ចម្រើនអាយុវឌ្ឍនមង្គល ព្រះវិរិយានុបាល សេង ពេជ្រ ព្រះចៅអធិការវត្តព្រះអង្គកងជុំ សម្ពោធឆ្លងកុដិ និងបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តព្រះអង្គកងជុំ (ហៅវត្តព្រះអង្គខ្មៅ)ខេត្តសៀមរាប នាថ្ងៃទី៣ និងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។
ជាមួយនឹងការអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចម្រើនអាយុវឌ្ឍនមង្គល នាពេលនោះ លោកប្រធានស្តីទីព្រឹទ្ធសភា និងលោកជំទាវ ក៏បានអញ្ជើញជាអធិបតីពិធីកាត់ខ្សែបូសម្ពោធឆ្លងកុដិ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងមានការដង្ហែអង្គផ្កាប្រាក់សាមគ្គី វេប្រគេនដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា នៅក្នុងវត្តព្រះអង្គកងជុំ។
នាវេលាព្រឹកថ្ងៃដដែល ប្រធានស្តីទីព្រឹទ្ធសភា អមដំណើរដោយ ទីប្រឹក្សា និងសហការី បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនដល់វីរកងទ័ពជួរមុខ កំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែន នៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី រួមមាន ស៊ីទែនស្តុកទឹកចំណុះ ២០០០លីត្រ ចំនួន ២០ស៊ីទែន និងទឹកបរិសុទ្ធ ចំនួន ៤០០យួរ នៅសាលាខេត្តសៀមរាប៕














