សមាគមអតីតនិស្សិតកម្ពុជាសិក្សាពីប្រទេសចិនចាប់ដៃជាមួយវិស័យឯកជនចិនពង្រឹងសមត្ថភាពយុវជន និងសហគ្រិនវ័យក្មេង

04-03-2026 17:12

(ភ្នំពេញ)៖ សមាគមអតីតនិស្សិតកម្ពុជាសិក្សាពីប្រទេសចិន (C.C.A.A.) និងក្រុមហ៊ុនស៊ីណូ-ខេមបូឌាន វេនឈ័រ ក្នុងគោលបំណងពង្រឹងភាពជាដៃគូ និងលើកកម្ពស់ការ ផ្លាស់ប្តូរយុវជនកម្ពុជា-ចិន ស្របតាមទិសដៅអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជំនួបនេះធ្វើឡើងនាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នាទីស្នាក់ការរបស់សមាគមអតីតនិស្សិតកម្ពុជាសិក្សាពីប្រទេសចិន។

លោក LIOA XING តំណាង ក្រុមហ៊ុន ស៊ីណូ-ខេមបូឌាន វេនឈ័រ និងគណៈប្រតិភូ បានលើកយកផែនការសម្រាប់ឆ្នាំ២០២៦ យកមកជជែកពិភាក្សាជាមួយសមាគម C.C.A.A. ដែលផ្តោតលើ៖

១.ការរៀបចំកម្មវិធីផ្លាស់ប្តូរយុវជន និងទស្សនកិច្ចសិក្សាទៅប្រទេសចិន
២.ការផ្តល់អាហារូបករណ៍ និងកម្មវិធីហាត់ការងារ
៣.ការបង្កើតវេទិកាសហការយុវជន និងសហគ្រិនវ័យក្មេង
៤.ការបណ្តុះបណ្តាលជំនាញផ្នែកបច្ចេកវិទ្យា គ្រប់គ្រង និងភាសាចិន ដោយក្រុមហ៊ុនបានបញ្ជាក់ថា គោលដៅសំខាន់គឺបង្កើតបណ្តាញយុវជនដែលមានសមត្ថភាព អាចធ្វើការនៅក្នុងបរិបទអន្តរជាតិ និងជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ច-វប្បធម៌រវាងប្រទេសទាំងពីរ។

ក្នុងនាមសមាគម C.C.A.A. លោកបណ្ឌិត ជា មុនីឫទ្ធិ បានវាយតម្លៃខ្ពស់ចំពោះជំនួបនេះ ដែលផ្តល់ផផលប្រយោជន៍សម្រាប់យុវជននៃប្រទេសទាំងពីរកម្ពុជា-ចិន។

លោកបណ្ឌិត ជា មុនីឫទ្ធិ បានបញ្ជាក់ថា៖ «ជាលទ្ធផលនៃជំនួប ភាគីយើងទាំងពីរបានរួមគ្នារៀបចំផែនការសហការសម្រាប់ឆ្នាំ២០២៦ ដែលផ្តោតលើកម្មវិធីផ្លាស់ប្តូរយុវជន អាហារូបករណ៍ និងហាត់ការ ការបង្កើតវេទិកាសហគ្រិនវ័យក្មេង ព្រមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា គ្រប់គ្រង និងភាសាចិន បង្ហាញពីទិសដៅច្បាស់លាស់ក្នុងការបម្លែងធនធានមនុស្សឱ្យក្លាយជាកម្លាំងចលករសេដ្ឋកិច្ច។ វាជាការឆ្លើយតបសមស្របទៅនឹងតម្រូវការទីផ្សារការងារក្នុងបរិបទសេដ្ឋកិច្ចឌីជីថល និងការប្រកួតប្រជែងអន្តរជាតិ។ បន្ថែម ពីលើនេះ ភាគីយើងទាំងពីរបន្តឈរនៅលើមាត្រដ្ឋានជាតិ ស្របតាមគោលដៅនៃការកសាងមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ ដោយភ្ជាប់ការសិក្សាទៅនឹងការអនុវត្តជាក់ស្តែង និងបង្កើនឱកាសការងារជាមួយតម្រូវការវិនិយោគ និងការអភិវឌ្ឍ»

លោកបណ្ឌិតបន្តថា ក្រុមការងាររបស់សមាគមដែលមានលោក បណ្ឌិត ជា ពុំសក្ខីណា អនុប្រធានសមាគមកំពុងបំពេញបេសកកម្មការងារលើការរៀបចំបញ្ចូលទិន្នន័យរបស់ អតីតនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សាពីប្រទេសចិនលើគ្រប់កម្រិតសិក្សា និងគ្រប់ជំនាញ ហើយលោក បណ្ឌិតបានរំលេចថាក្នុងឆ្នាំសិក្សា ២០២៤-២០២៥ និស្សិតកម្ពុជាមានប្រមាណជាង១០០០នាក់កំពុងសិក្សានៅលើ ជាង ១០០សាកលវិទ្យាល័យនានាក្នុងប្រទេសចិន។

ស្របតាមគោលដៅនៃ «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» លោកបណ្ឌិតក៏បានគូសបញ្ជាក់ពីបេសកកម្ម របស់សមាគមក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល កម្ពុជាលើការផ្លាស់ប្តូរយុវជន និងការបង្កើនឱកាសសិក្សានៅ ក្រៅប្រទេស ជាពិសេសនៅប្រទេសចិន សំដៅលើក កម្ពស់កិច្ចកសាងមូលធនមនុស្សរបស់កម្ពុជាប្រកបដោយសមត្ថភាពខ្ពស់ក្នុងការប្រកួតប្រជែងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

ក្រោយការបិទជំនួប ភាគីទាំងពីរបានប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តផែនការឆ្នាំ២០២៦ ឱ្យទទួលបានលទ្ធផលជាក់ស្តែង និងចីរភាព។ ជំនួបនេះ ជាជំហានសំខាន់មួយក្នុងការរួមចំណែក អនុវត្តគោលនយោបាយជាតិ ដោយបានបើកទ្វាកាលានុវត្តភាពដល់យុវជនកម្ពុជាដែលជាសសរស្តម្ភដ៏រឹងមាំសម្រាប់កសាងគ្រឹះអភិវឌ្ឍនៃសង្គមជាតិកម្ពុជា៕