ក្រសួងការងារ ជំរុញឱ្យម្ចាស់រោងចក្រសហគ្រាសយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ ដើម្បី «បង្ការការដួលសន្លប់» ក្នុងរដូវក្តៅ

04-03-2026 17:41

(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ បានជំរុញដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ដើម្បីការពារកុំឱ្យមានការដួលសន្លប់ ក្នុងអំឡុងពេលបំពេញការងារក្នុងរដូវក្តៅ។

លោក ស៊ុន មេសា បានបញ្ជាក់ថា៖ «នេះជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ចំពោះកម្មករនិយោជិត ក៏ដូចជាប្រយោជន៍របស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដើម្បីធានាថា បរិយាកាសនៅកន្លែងធ្វើការរក្សាបានភាពល្អប្រសើរ ប្រកបដោយសុវត្ថិភាព និងការពារកុំឱ្យមានការដួលសន្លប់ ក្នុងពេលបំពេញការងារ នៅពេលអាកាសធាតុក្តៅ»

លោក ស៊ុន មេសា បានលើកឡើងថា វិធានការចាំបាច់មួយចំនួនដែលម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់អាចអនុវត្តបាននៅរដូវក្តៅរួមមាន ការត្រួតពិនិត្យ និងថែទាំជាប្រចាំនូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់នៅតាមអគារធ្វើការ និងបើកឱ្យដំណើរការឱ្យបានយ៉ាងហោចណាស់ ១ម៉ោង មុនពេលអនុញ្ញាតឱ្យកម្មករនិយោជិតចូលធ្វើការ។ បើកបង្អួច ទ្វារទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ នៅកន្លែងធ្វើការដែលមិនមាន លំហូរខ្យល់គ្រប់គ្រាន់ និងរៀបចំទុកដាក់សម្ភារៈនិងវត្ថុធាតុដើមឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព។

អ្នកនាំពាក្យរូបនេះបានបន្តថា បន្ថែមពីនេះត្រូវផ្គត់ផ្គង់ទឹកស្អាតឱ្យបានគ្រប់គ្រាន់ស្របតាមការកើនកម្ដៅនៃអាកាសធាតុ និងណែនាំដល់កម្មករ និយោជិតឱ្យបរិភោគទឹកស្អាតឱ្យបានញឹកញាប់ ព្រមទាំងស្លៀក សម្លៀកបំពាក់សមស្របតាមស្ថានភាពអាកាសធាតុ។ ជាមួយគ្នានោះ អាចបាញ់ទឹកនៅលើដំបូលអគារធ្វើការឱ្យបានយ៉ាងតិច ២ដង ក្នុង ១ថ្ងៃ,ចាត់បុគ្គលិកទទួលបន្ទុកត្រួតពិនិត្យឧបករណ៍វាស់ស្ទង់កម្ដៅជាប្រចាំនៅកន្លែងធ្វើការ និងបង្កើនការអប់រំនិងផ្សព្វផ្សាយអំពីវិធានការការពារសុខភាពជាប្រចាំដល់កម្មករនិយោជិត និងក្រើនរំឭក អំពីវិធានការទាំងនោះតាមរយៈប្រព័ន្ធជូនដំណឹងជាសំឡេងនៅក្នុងសហគ្រាស គ្រឹះស្ថាន។

បើតាមលោក ស៊ុន មេសា ក្នុងករណីចាំបាច់ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត អាចធ្វើការទំនាក់ទំនង មកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធ Hotline លេខ "១២៨៦" ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ឬអាចដាក់ពាក្យបណ្តឹងតាមនីតិវិធីប្រអប់ បណ្តឹងអនាមិករបស់ក្រសួង ដើម្បីចុះធ្វើការវាយតម្លៃកម្រិតហានិភ័យ ដែលអាចកើតមានឡើងចំពោះសុវត្ថិភាព និងសុខភាពកម្មករនិយោជិតក្នុងអំឡុងពេលសីតុណ្ហភាពនៅក្នុងសហគ្រាស គ្រឹះស្ថានឡើងកម្ដៅខ្លាំង៕