លោក ឃួង ស្រេង៖ បុរសគ្រប់រូប កុំគោរព និងលើកកម្ពស់ស្ត្រី ត្រឹមតែមួយថ្ងៃ (៨មីនា) តែត្រូវគោរព និងលើកកម្ពស់ស្ត្រីជារៀងរហូត និងជាប្រចាំ ឱ្យសមនឹងការលះបង់របស់ស្រ្តី

04-03-2026 18:19

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា បុរសគ្រប់រូប មិនត្រូវគោរព និងលើកកម្ពស់ស្ត្រី ត្រឹមតែមួយថ្ងៃ (៨មីនា) គឺត្រូវគោរព និងលើកកម្ពស់ស្ត្រីជារៀងរហូត និងជាប្រចាំ ព្រោះស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងបានលះបង់គ្រប់បែបយ៉ាង ដើម្បីសង្គមជាតិ សង្គមគ្រួសារ ព្រមទាំងបានប្តូរជីវិត ដើម្បីបង្កើតបុត្រក្នុងគ្រួសារ។

ការលើកឡើងបែបនេះ បានធ្វើឡើង ក្នុងពិធីសំណេះសំណាល នៃខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបន្តថា ជានិច្ចជាកាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមន៍កាយឬទ្ធិនារីកម្ពុជា តែងតែយកអស់នូវកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងបញ្ញាស្មារតី ដើម្បីគាំទ្រ និងលើកកម្ពស់ ជំរុញនារីកម្ពុជា ឱ្យចូលរួមក្នុងសកម្មភាពអភិវឌ្ឍជាតិមាតុភូមិ តាមរយៈការបង្កើតចំនួនស្ត្រី ជាមន្ត្រីរាជការស៊ីវិល តាមកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីមុខងារសាធារណៈ ក្នុងតំណែងជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន។

លោក ឃួង ស្រេង បានបញ្ជាក់ថា ក្នុងសង្គ្រាមជាមួយថៃ ស្ត្រីកម្ពុជា បានជួយយ៉ាងច្រើន ទាំងនៅជួរមុខ និងនៅជួរក្រោយ ដោយស្ត្រីបានផ្សព្វផ្សាយពីព័ត៌មានពិតនៅកម្ពុជា ដែលទាហានថៃឈ្លានពានទឹកដីកម្ពុជា ឱ្យអន្តរជាតិបានដឹង។ បន្ថែមពីនេះ ស្រ្តីកម្ពុជាក៏ជាវីរៈនារី ការពារទឹកដី ដោយជួយប្តីជាទាហានជួរមុខ បាញ់តបត ជាមួយទាហានថៃ ដើម្បីការពារទឹកដី។ ស្ត្រី ក្រៅពីលះបង់ប្តីទៅសមរភូមិមុខ ខណៈពួកគាត់នៅជួរក្រោយ ក៏បានជួយឧបត្ថមដល់កងទ័ពជួរមុខ និងមើលថែទាំអប់រំកូន ចៅ នៅក្នុងគ្រួសារថែមទៀត បើគ្មានស្ត្រី បុរសពិតជាជួបការលំបាក។

លោកអភិបាលរាជធានី បានគួសបញ្ជាក់ទៀតថា «ខ្មែរយើង បានលើកកម្ពស់សិទ្ធិសេរីភាព ផ្តល់តម្លៃដល់បងប្អូននារី តាំងពីសម័យបុព្វកាលមកម្ល៉េះ តាមរយៈពាក្យពេចន៍ អក្សរសាស្ត្រ ភាសា ក្នុងការងារសង្គម ដូចជា មេភូមិ, មេទ័ព, មេក្រុម, មេដំបូល, មេគ្រួសារ, មេឃុំ, មេស្រុក ជាដើម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានផ្តល់ឱកាសផ្តល់ការងារដល់បងប្អូននារីអោយមានឱកាសចូលប្រឡូកគ្រប់សកម្មភាពសង្គម ទាំងនយោបាយ, សេដ្ឋកិច្ច សង្គមកិច្ច មនុស្សធម៌ ជាដើម ឱ្យមានសមភាពយេនឌ័រ ជាមួយបុរស»

គួរបញ្ជាក់ថា ក្នុងឱកាសនេះដែរ លោក ឃួង ស្រេង និងលោកស្រី និងលោក ម៉ប់ សារិន និងលោកស្រី បានផ្តល់អំណោយលើកទឹកចិត្តដល់ បងប្អូននារី ចំនួន២៦៦នាក់ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតផងដែរ៕