អគ្គលេខាធិការអាស៊ាន កោតសរសើរ និងគាំទ្រក្រសួងប្រៃសណីយ៍ ក្នុងការធ្វើពិពិធកម្មថ្នាល VERIFY និងថ្នាល DG SuperApp ចូលទៅក្នុងប្រទេសតំបន់អាស៊ាននិងប្រទេសផ្សេងទៀត
04-03-2026 18:57
(ភ្នំពេញ)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានថ្លែងកោតសរសើរចំពោះសមិទ្ធផលគួរឱ្យកត់សម្គាល់របស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ជាពិសេស ការអភិវឌ្ឍថ្នាល VERIFY និងថ្នាល DG SuperApp និងបានគាំទ្រក្រសួង ក្នុងការធ្វើពិពិធកម្មថ្នាលទាំងនេះទៅក្នុងប្រទេសតំបន់អាស៊ាននិងប្រទេសជាមិត្តផ្សេងទៀត។
អគ្គលេខាធិការអាស៊ាន បង្ហាញការគាំទ្របែបនេះ ធ្វើឡើង នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសដែល លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ អគ្គលេខាធិការអាស៊ាន នៅទីស្ដីការក្រសួង។
ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកអគ្គលេខាធិការ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានចែករំលែកអំពីវឌ្ឍនភាពនៃបរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាល ជោគជ័យនៃការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ការអភិវឌ្ឍធនធានមនុស្សឌីជីថល និងការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ជាអាទិ៍ ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល VERIFY.GOV.KH និងថ្នាល DG SuperApp។ បច្ចុប្បន្ន ថ្នាល VERIFY ដែលត្រូវបានទទួលស្គាល់ជាថ្នាលសាធារណៈឌីជីថលសកល និងបានទទួលការចាប់អារម្មណ៍យកទៅប្រើប្រាស់ពីសំណាក់ប្រទេសក្នុងតំបន់។
លោកអគ្គលេខាធិការ កៅ គឹមហួន បានថ្លែងកោតសរសើរចំពោះសមិទ្ធផលគួរឱ្យកត់សម្គាល់របស់ ក.ប.ទ. ជាពិសេស ការអភិវឌ្ឍថ្នាល VERIFY និងថ្នាល DG SuperApp និងគាំទ្រ ក.ប.ទ. ក្នុងការធ្វើពិពិធកម្មថ្នាលខាងលើចូលទៅក្នុងប្រទេសតំបន់អាស៊ាននិងប្រទេសជាមិត្តផ្សេងទៀត។ បន្ថែមលើនេះ លោកអគ្គលេខាធិការ បានចាត់ទុកការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការយល់ដឹងពីបច្ចេកវិទ្យាឌីជីថលនៅតាមសហគមន៍ ខណៈការយល់ដឹងពីបច្ចេកវិទ្យានៅកម្រិតនៅឡើយ។
លោករដ្ឋមន្រ្តី និង លោកអគ្គលេខាធិការ ក៏បានពិភាក្សាគ្នាពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាឌីជីថល កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ានលើការងារបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត សន្តិសុខសាយប័រ និងការរៀបចំពិព័រណ៍បច្ចេកវិទ្យាឌីជីថលអាស៊ាន។
លោករដ្ឋមន្រ្តី និង លោកបណ្ឌិត កៅ គឹមហួន ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទបន្ថែមទៀតរវាង ក្រសួង និង អគ្គលេខាធិការដ្ឋានអាស៊ាន៕











