សភាពាណិជ្ជកម្មអ៉ីតាលី ជំរុញគំនិតផ្តួចផ្តើមអ្វីខ្លះ ដើម្បីបង្កើនការផ្លាស់ប្តូរផ្នែកអប់រំ និងបង្កើតឱកាសសម្រាប់សិស្ស និស្សិត និងអ្នកជំនាញកម្ពុជា ដើម្បីចូលរួមជាមួយអ៉ីតាលី? (Video inside)
04-03-2026 20:02
(ភ្នំពេញ)៖ លោកបណ្ឌិត Riccardo Corrado អនុប្រធានសភាពាណិជ្ជកម្មអ៉ីតាលីនៅកម្ពុជា (ItaCham) បានលើកឡើង ពីសកម្មភាពដែលសភាពាណិជ្ជកម្មអ៉ីតាលី កំពុងជំរុញគំនិតផ្តួចផ្តើម ដើម្បីបង្កើនការផ្លាស់ប្តូរផ្នែកអប់រំ និងបង្កើតឱកាសកាន់តែច្រើនសម្រាប់សិស្ស និស្សិត និងអ្នកជំនាញកម្ពុជា ដើម្បីចូលរួមជាមួយប្រទេសអ៉ីតាលី។
បើតាមលោកអនុប្រធាន គឺសភាពាណិជ្ជកម្មអ៉ីតាលី កំពុងជួយបង្កើតឱកាសអាហារូបករណ៍ដល់កម្ពុជាទៅសិក្សានៅអ៉ីតាលី, ចង់ផលិតអ្នកស្រាវជ្រាវកម្ពុជាបន្ថែមទៀត និងនាំយកវិនិយោគិនអ៉ីតាលីមកវិនិយោគនៅកម្ពុជា។
លោកបណ្ឌិត Riccardo Corrado បានលើកឡើងថា អាជីពរបស់លោកក្នុងប្រទេសកម្ពុជា គឺការអប់រំឧត្តមសិក្សា។ លោកបានរម្លឹកពាក្យមួយឃ្លាថា មានការលេងសើចបន្តិច ដោយនិយាយថា «អ្នកមិនទៅរកការអប់រំទេ ព្រោះអ្នកចង់ក្លាយជាអ្នកមាន ប៉ុន្តែអ្នកទៅរកការអប់រំ ព្រោះអ្នកដឹងពីតម្លៃរបស់វាសម្រាប់សង្គម»។ ដោយសារតែបែបនេះ ពេលលោកមក និងចាប់ផ្តើមធ្វើការនៅប្រទេសកម្ពុជា លោកបានឃើញសក្តានុពល ហើយលោកក៏បានឃើញផងដែរនូវអ្វីដែលកម្ពុជានៅខ្វះខាត។
លោកបណ្ឌិត Riccardo Corrado បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំមកពីប្រទេសអ៉ីតាលី ខ្ញុំបានសិក្សានៅទីនោះ ហើយខ្ញុំគិតថា នៅទីនោះពិតជាមានកន្លែងទំនេរច្រើនសម្រាប់ការសហការ និងមានកន្លែងទំនេរច្រើនសម្រាប់ប្រជាជនកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ពីប្រទេសអ៉ីតាលី និងប្រទេសអ៉ីតាលីពីប្រទេសកម្ពុជា។ ដោយសារតែដូចអ្វីៗទាំងអស់ វាត្រូវតែឈ្នះ-ឈ្នះសម្រាប់ភាគីទាំងពីរ។ ខ្ញុំបានឃើញប្រទេសអ៉ីតាលី គឺស្រដៀងគ្នាទៅនឹងប្រទេសជប៉ុន»។
លោកបានបន្តថា «យើងជាសង្គមដែលមានវ័យចំណាស់ ដែលមានន័យថាយើងមានមនុស្សចាស់ច្រើន។ សម្រាប់ការផលិត យើងត្រូវការមនុស្សវ័យក្មេង។ នៅប្រទេសកម្ពុជា នៅពេលដែលខ្ញុំបានមកទីនេះ ខ្ញុំបានឃើញនិស្សិតជាច្រើនដែលពិតជាមានទេពកោសល្យ និងមានសក្តានុពល ប្រសិនបើមានការណែនាំ។ ប៉ុន្តែពេលខ្លះ ពួកគេមិនមានឱកាស ឬពួកគេមិនឃើញឱកាស។ ដូច្នេះខ្ញុំនិយាយថា មិនមែនទេ យើងគ្រាន់តែជូនដំណឹងដល់ពួកគេអំពីឱកាសនៃការសិក្សានៅប្រទេសអ៉ីតាលី ដោយសារតែយើងមានអាហារូបករណ៍ច្រើននៅប្រទេសអ៉ីតាលី។ ដូច្នេះ យើងបានធ្វើការរហូត ដើម្បីបញ្ចូលប្រទេសកម្ពុជាឡើងវិញក្នុងរយៈពេលដ៏ខ្លី ហើយកម្ពុជាត្រូវបានបញ្ចូលក្នុងបញ្ជីនៃប្រទេសដែលមានសិទ្ធិទទួលបានអាហារូបករណ៍នៅប្រទេសអ៉ីតាលី»។
សម្រាប់លោកបណ្ឌិត Riccardo Corrado សភាពាណិជ្ជកម្មអ៉ីតាលីនៅកម្ពុជា បានធ្វើការរហូតជានិច្ច ដើម្បីបញ្ចូលប្រទេសកម្ពុជាឡើងវិញ ទៅក្នុងបញ្ជីនៃប្រទេសដែលមានសិទ្ធិទទួលបានអាហារូបករណ៍នៅប្រទេសអ៉ីតាលី។
លោកបានពន្យល់ពីមូលហេតុដែលកម្ពុជាធ្លាប់ត្រូវបានដកចេញពីបញ្ជីនៃប្រទេសដែលមានសិទ្ធិទទួលបានអាហារូបករណ៍អ៉ីតាលី ដោយសារប្រជាជនកម្ពុជាមិនបានដាក់ពាក្យសុំទៅប្រទេសអ៉ីតាលី ដូច្នេះគេក៏ផ្តល់កន្លែងទំនេរបន្ថែមទៀតដល់ប្រទេសផ្សេង។ ឥឡូវនេះ សភាពាណិជ្ជកម្មអ៉ីតាលី កំពុងធ្វើសកម្មភាពជាច្រើន ដើម្បីឱ្យប្រជាជនកម្ពុជាបានដឹងពីឱកាសអាហារូបករណ៍នៅប្រទេសអ៉ីតាលី៕





