សិក្ខាសាលាពិគ្រោះយោបល់ និងធ្វើសុពលភាព លើការស្រាវជ្រាវ ស្ដីពី «កាតាលីករសកល សម្រាប់អន្ដរកាលសមធម៌ ក្នុងវិស័យសំណងនៅកម្ពុជា»
04-03-2026 20:16
(ភ្នំពេញ)៖ សិក្ខាសាលាពិគ្រោះយោបល់ និងការផ្ដល់សុពលភាព លើលទ្ធផលស្រាវជ្រាវ ស្ដីពី ការអនុវត្ដគំនិតផ្ដួចផ្ដើម កាតាលីករសកល សម្រាប់ជំរុញវឌ្ឍនភាពប្រកបដោយសមធម៌ ក្នុងឧស្សាហកម្មសំណង់នៅកម្ពុជា បានរៀបចំដោយ កម្មវិធីភាពជាដៃគូ ILO-Korea។
សិក្ខាសាលានេះ ធ្វើឡើងក្រោមវត្ដមាន លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក សោម ចំណាន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងមានការចូលរួម ពីអ្នកពាក់ព័ន្ធជាច្រើនទៀត នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។
លោក Shin Hochul ប្រធានទីប្រឹក្សាបច្ចេកទេស កម្មវិធីភាពដៃគូកិច្ចសហប្រតិបត្ដិការ ILO-កូរ៉េ បានឲ្យដឹងថា របៀបវារៈថ្ងៃនេះ ត្រូវបានរៀបចំឡើង ដោយផ្តោតលើសកម្មភាពជាចម្បង៖
* ពិនិត្យលទ្ធផលស្រាវជ្រាវចុងក្រោយ និងវាយតម្លៃលើភាពជាក់ស្តែងរបស់វា។
* ពិចារណាលើផែនការសកម្មភាពថា តើអាចអនុវត្តបានក្នុងបរិបទស្ថាប័នកម្ពុជាដែរឬទេ។
* កំណត់ជំហានបន្ទាប់ ទំនួលខុសត្រូវ និងយន្តការសម្របសម្រួល តាមរយៈការពិភាក្សាក្រុម។
* កសាងការយល់ដឹងរួមគ្នា ក្នុងចំណោមភាគីត្រីភាគីលើទិសដៅអនុវត្តទៅមុខ។
លោក Shin Hochul បានឲ្យដឹងទៀតថា កម្មវិធី ILO-កូរ៉េ ប្តេជ្ញាគាំទ្រការអនុវត្ត មិនមែនត្រឹមតែផលិតរបាយការណ៍នោះទេ។ យើងជឿជាក់ថា សុវត្ថិភាព និងសុខភាពការងារ (OSH) គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ចាប់ផ្តើម។
ជាមួយគ្នានេះ លោក Shin Hochul បានលើកឡើងថា តាមរយៈការបង្ហាញលទ្ធផលស្រាវជ្រាវ ដោយក្រុមការងារ KLES ការពិភាក្សាតាមក្រុម និងការផ្លាស់ប្តូរទស្សនៈ ក្នុងចំណោមភាគីត្រីភាគី ថ្ងៃនេះ គឺជាថ្ងៃដែលពោរពេញ ដោយខ្លឹមសារយ៉ាងស៊ីជម្រៅ។
«អ្វីដែលសំខាន់បំផុត យើងត្រូវបានរំលឹកថា «អន្តរកាលដ៏សមធម៌» (Just Transition) នៅក្នុងវិស័យសំណង់នៅកម្ពុជា មិនមែនជារឿងអរូបីនោះទេ»។ នេះការគូសបញ្ជាក់ របស់លោក Shin Hochul។
លោក Shin Hochul បានឲ្យដឹងថា ទស្សនៈនិងការយល់ដឹង ពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន ដែលបានលើកឡើងនៅថ្ងៃនេះ នឹងក្លាយជាឯកសារយោង ដ៏មានតម្លៃសម្រាប់កម្មវិធី ILO-កូរ៉េ ក្នុងការកំណត់ទិសដៅ គាំទ្រឱ្យបានល្អបំផុតទៅថ្ងៃមុខ៕
















