អភិបាលខេត្តបាត់ដំបង បើកការដ្ឋានជួសជុលផ្លូវបេតុងសរសៃដែក១ខ្សែប្រវែង១,៣៨០ម៉ែត្រ ក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង
04-03-2026 20:42
(បាត់ដំបង)៖ លោក សុខ លូអភិបាល ខេត្តបាត់ដំបង នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦បានបើកការដ្ឋានជួសជុលផ្លូវផ្លូវលេខ៥៣០ ប្រទេសបេតុងសរសៃដែក ចាប់ពីផ្លូវលេខ ប្រវែង១,៣៨០ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតក្នុងភូមិចំការសំរោង១សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
ក្នុងឱកាសនោះ លោក សុខ លូ ក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំរំដោះយកដីចំណីផ្លូវសាធារណៈរបស់រដ្ឋនៅគ្រប់ឃុំ សង្កាត់ ក្រុង ស្រុក ទូទាំងខេត្តបាត់ដំបង ដើម្បីបើកផ្លូវ និងពង្រីកផ្លូវឱ្យបានធំទូលាយងាយស្រួលប្រជាពលរដ្ឋធ្វើដំណើរ។
ជាមួយគ្នានេះ លោក បានណែនាំដល់ប្រជាពលរដ្ឋមិនឱ្យមានការលក់ដូរលើដងផ្លូវទៀតទេត្រូវលក់ដូនៅក្នុងផ្ទះចៀសវាងបង្កផលប៉ះពាល់ដល់អ្នកធ្វើដំណើរលើដងផ្លូវ។
លោក បានពន្យល់ប្រជាពលរដ្ឋអំពីការខិតខំរបស់អាជ្ញាធរក្នុងការរំដោះដីចំណីផ្លូវសាធារណៈរបស់រដ្ឋគឺដោយសាររាជរដ្ឋាភិបាលមានចក្ខុវិស័យវែងឆ្ងាយក្នុងការររៀបចំការអភិវឌ្ឍនានាទៅថ្ងៃអនាគត។
ទន្ទឹមនឹងនេះ លោក អភិបាលខេត្តបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបងដែលបានចូលរួមរុះរើ កាត់សំយាបដែលសង់លើដីចំណីផ្លូវដើម្បីរដ្ឋបាលខេត្តអាចបើកផ្លូវ និងពង្រីកផ្លូវឱ្យបានធំទូលាយ។
ស្របពេលជាមួយគ្នានេះ លោក សុខ លូ បានរំលេចពីទស្សនៈវិស័យរបស់រដ្ឋបាលខេត្តក្នុងការរៀបចំក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងដែល ឆ្លាតវៃ ស្អាត បៃតង និងអាចដើរបានដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបង្កើនការទាក់ទាញភ្ញៀវទេសចរ។
លោកបានណែនាំដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវរៀបចំការដាក់សូឡាបំភ្លឺផ្លូវសាធារណៈ នៅពេលផ្លូវបានស្ថាបនារួច និងបន្តអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបញ្ឈប់ការដុតសំរាម និងជំរុញប្រជាពលរដ្ឋឱ្យចេះចូលរួមរាយការណ៍ករណីគ្រឿងញៀនតាមកម្មវិធីទូរសព្ទដៃApp NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% ដើម្បីឱ្យសមត្ថកិច្ចចុះអន្តរាគមន៍នៅក្នុងមូលដ្ឋាននានាផងដែរ៕

































