នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ បន្តពង្រឹងការងារស៊ើបអង្កេត ស្រាវជ្រាវ បង្ការ និងបង្រ្កាបបទល្មើសគ្រឿងញៀនឱ្យសកម្មថែមទៀត

04-03-2026 21:15

(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្តខែមីនា របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន លោកនាយការិយាល័យទាំង១១ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យវាយតម្លៃអំពីលទ្ធផលការងារក្នុងខែកុម្ភៈកន្លងមក និងពិភាក្សាអំពីបញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងការអនុវត្តភារកិច្ច។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ការ បង្រ្កាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ក៏បានលើកឡើងអំពីការពង្រឹងសមត្ថភាព ក្រមសិលធម៌ វិជ្ជាជីវៈ ជាពិសេសការបង្កើនកិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធ ក៏ដូចជាការអនុវត្តច្បាប់ឲ្យបានតឹងរឹង និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងស្ថានភាព និងល្បិចកលថ្មីៗរបស់មុខសញ្ញាបទល្មើសគ្រឿងញៀន។

ដើម្បីសម្រេចបានលទ្ធផលល្អបន្ថែមទៀតសម្រាប់ខែមីនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានណែនាំឲ្យថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ បន្តពង្រឹងការងារស៊ើបអង្កេត ស្រាវជ្រាវ បង្ការ និងបង្រ្កាបបទល្មើសគ្រឿងញៀនឲ្យសកម្មថែមទៀត ដោយផ្តោតលើការប្រមូលព័ត៌មានសម្ងាត់ ការអនុវត្តប្រតិបត្តិការតាមគោលដៅ និងការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិប្រឆាំងគ្រឿងញៀន និងថែរក្សាសុខសន្តិភាពជូនសង្គមជាតិ៕