សង្រ្គាម៤ថ្ងៃនៅមជ្ឈឹមបូព៌ា បណ្តាលឱ្យជើងហោះហើរជាង ៩៥០០ជើងត្រូវបានលុបចោល ខណៈកម្ពុជាមានជើងហោះហើរតភ្ជាប់ទៅតំបន់នោះ ៥២ជើងក្នុង១សប្តាហ៍
04-03-2026 21:52
(មជ្ឈឹមបូព៌ា)៖ ជើងហោះហើរប្រមាណជាង ៩ ៥០០ជើង នៅក្នុងតំបន់មជ្ឈឹមបូព៌ា ត្រូវបានលុបចោល ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីផ្ទុះសង្រ្គាមរវាងអ៊ីរ៉ង់ ជាមួយអាមេរិក និងអ៊ីស្រាអែល។ នេះបើតាមលោក ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ដែលបានតាមដានការហោះហើរនៅក្នុងតំបន់នេះ។
លោកបានឱ្យដឹងថា ការលុបចោលទាំងនេះត្រូវបានបង្កឡើងដោយការបិទដែនអាកាស ក្នុងតំបន់បន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ីរ៉ង់ រួមទាំងការវាយប្រហារដែលប៉ះពាល់ដល់រដ្ឋឈូងសមុទ្រ និងអាកាសយានដ្ឋាន។ នៅថ្ងៃទី ២៨ ខែកុម្ភៈ ជើងហោះហើរចំនួនជាង ១ ៤០០បានលុបចោល, ចំណែកថ្ងៃទី១ ខែមីនាបានលុបចោលជាង ៣ ៤០០ជើង, នៅថ្ងៃទី២ ខែមីនា លុបចោលជាង ៣ ៤០០ជើង និងនៅថ្ងៃទី៣ ខែមីនា បានលុបចោលជាង ១ ៣០០ជើង។
ការលុបចោលជើងហោះហើរចោលទាំងនេះ ពាក់ព័ន្ធទៅនឹងអាកាសយានដ្ឋានទាំង ៧ ធំៗនៅក្នុងតំបន់ រួមមាន នៅឌូបៃ (DXB) ដូហា (DOH) អាប៊ូ ដាប៊ី (AUH) Sharjah (SHJ) គុយវ៉ែត (KWI) បារ៉ែន(BAH) និងDubai World Central (DWC)។ ជើងហើរដែលត្រូវបានលុបចំនួនជាង៩ ៥០០ជើងនេះ មិនមែនជាការលុបចោលទូទាំងពិភពលោកទេ។
លោក ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា ក្នុងចំណោមជើងហោះហើរដែលត្រូវបានលុបចោលទាំងនេះ ក្នុងនោះកម្ពុជាមាន៥២ជើងក្នុងមួយសប្តាហ៍ ព្រោះកម្ពុជាមានភ្ជាប់ជើងហោះហើរនៅ ឌូបៃ (DXB) ដូហា (DOH) និងអាប៊ូ ដាប៊ី (AUH)៕




