មេអាវុធហត្ថខេត្តព្រះសីហនុជួបសំណេះសំណាល និងនាំយកអំណោយចែកជូនគ្រួសារកងរាជអាវុធហត្ថ របួសពិការ និងទីទាល់ក្រ រួមទាំងយោធិនមានជំងឺកំពុងព្យាបាល ចំនួន១០គ្រួសារ
04-03-2026 22:55
(ព្រះសីហនុ)៖ អនុវត្តតាមគោលការណ៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះជួបសំណេះសំណាល សួរសុខទុក្ខដល់គ្រួសារកងរាជអាវុធហត្ថ របួសពិការ និងទីទាល់ក្រ ព្រមទាំងយោធិនដែលមានជំងឺសម្រាកព្យាបាល និងអតីតយោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍ មានជីវភាពខ្វះខាត ចំនួន១០គ្រួសារ។
ក្នុងឱកាសនោះដែរ លោកបាននាំយកនូវសម្ភារ:ឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនដល់គេហដ្ឋាន ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។
អំណោយដែលបានឧបត្ថម្ភនាពេលនោះ ១គ្រួសារទទួលបាន អង្ករ២បាវ ស្មើនឹង៤០គីឡូក្រាម, មីខ្លាឃ្មុំ ចំនួន២កេសតូច, ទឹកត្រីចំនួន១យួរ, ទឹកស៊ីអ៊ីវចំនួន១យួរ, ទឹកសុទ្ធចំនួន១កេស និងថវិកាចំនួន ៤០ម៉ឺនរៀល៕


















