ក្រសួង-ស្ថាប័ន និងអង្គការដៃគូ បើកកិច្ចស​ន្ទនាសង្គម និងការបង្កើនសមត្ថភាព ដើម្បីពង្រឹងយន្ដការបង្ការ និងដោះស្រាយវិវាទការងារនៅកម្ពុជា

05-03-2026 14:05

(ភ្នំពេញ)៖ កម្មវិធីភាពជាដៃគូ ILO-Korea នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦នេះ បានរៀបចំសិក្ខាសាលា ការផ្ទៀងផ្ទាត់ និងផ្ដល់សុពលភាព លើលទ្ធផលស្រាវជ្រាវ ស្ដីពី កិច្ចស​ន្ទនាសង្គម និងការបង្កើនសមត្ថភាព ដើម្បីពង្រឹងយន្ដការបង្ការ និងដោះស្រាយវិវាទការងារនៅកម្ពុជា។

សិក្ខាសាលានេះ បានរៀបចំធ្វើឡើង ក្រោមអធិបតីភាព លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានការចូលរួមពីលោក Shin Hochul ប្រធានទីប្រឹក្សាបច្ចេកទេស កម្មវិធីភាពដៃគូកិច្ចសហប្រតិបត្ដិការ ILO-កូរ៉េ ព្រមទាំងតំណាងក្រសួង-ស្ថាប័ន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ឆ្លៀតក្នុងឱកាសនេះ លោកស្រី សុវណ្ណ វណ្ណារតន៍ បានធ្វើការវាយម្លៃខ្ពស់ ចំពោះការអនុវត្ដដោយជោគជ័យ នូវគម្រោងកិច្ចស​ន្ទនាសង្គម និងការបង្កើនសមត្ថភាព ដើម្បីពង្រឹងយន្ដការបង្ការ និងដោះស្រាយវិវាទការងារនៅកម្ពុជា។

លោកស្រីបានឲ្យដឹងថា គោលបំណងសំខាន់ នៃសិក្ខាសាលានេះ វាមិនត្រឹមតែផ្ដោតលើការត្រូតពិនិត្យ ពិគ្រោះយោបល់បច្ចេកទេស និងគោលនយោបាយនូវអ្វី ដែលក្រុមសិក្សាស្រាវជ្រាវ បានរៀបចំឡើងទេ ប៉ុន្ដែវាជាឱកាសមួយយ៉ាងសំខាន់ ដែលយើងទាំងអស់គ្នា អនុវត្ដនូវរប្រៀបវារៈការងារ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា ស្របតាមតម្រូវការត្រីភាគីកម្ពុជា។

ជាពិសេសវិស័យឯកជន និងកម្មករនិយោជិត ដែលបាននឹងកំពុងធ្វើការនូវប្រព័ន្ធ ក៏ដូចជាការឆ្លើយតបបន្ទាន់មួយ ជាមួយនឹងតម្រូវការដែលធ្វើយ៉ាងណា ឲ្យទំនាក់ទំនងវិជ្ជាជីវៈ ក៏ដូចជាទំនាក់ទំនងការងារ រវាងកម្មករនិយោជិត និងនិយោជក កាន់តែមានភាពល្អប្រសើរឡើង។ នេះជាការបញ្ជាក់បន្ថែម របស់លោកស្រី សុវណ្ណ វណ្ណារតន៍។

បើតាមប្រធានទីប្រឹក្សាបច្ចេកទេស កម្មវិធីភាពដៃគូកិច្ចសហប្រតិបត្ដិការ ILO-កូរ៉េ, គោលបំណងសំខាន់ នៃសិក្ខាសាលានេះ គឺដើម្បីពិនិត្យមើលវឌ្ឍនភាពបណ្តោះអាសន្ន នៃការស្រាវជ្រាវ និងប្រមូលមតិស្ថាបនាពីដៃគូ និងភាគីពាក់ព័ន្ធសំខាន់ៗ។

សិក្ខាសាលានេះ ប្រមូលផ្តុំនូវធាតុផ្សំត្រីភាគីរបស់កម្ពុជា រួមមាន៖ អ្នករៀបចំគោលនយោបាយ សេវាការងារ និងមុខរបរកូរ៉េ (KLES) អ្នកស្រាវជ្រាវ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាថា ការស្រាវជ្រាវនេះ នៅតែមានភាពពាក់ព័ន្ធ និងស្របតាមគោលបំណងនៃគម្រោង។

សិក្ខាសាលានេះ មានគោលដៅជំរុញ ឱ្យមានការយល់ដឹងរួម អំពីលទ្ធផលស្រាវជ្រាវបណ្តោះអាសន្ន ក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗ។ វាក៏នឹងបម្រើជាវេទិកា សម្រាប់ប្រមូលមតិ ស្ថាបនា ដើម្បីកែលម្អការសិក្សា និងបង្កើនភាពពាក់ព័ន្ធរបស់វា ទៅនឹងការអភិវឌ្ឍន៍គោលនយោបាយ។

លើសពីនេះ សិក្ខាសាលា នឹងជួយពង្រឹងកិច្ចសហការ និងកសាងទំនុកចិត្តទៅវិញទៅមក ក្នុងចំណោមត្រីភាគី និងដៃគូ ក្នុងខណៈពេលដែលផ្តល់នូវការណែនាំ ជាយុទ្ធសាស្ត្រ សម្រាប់ការអនុវត្តគម្រោង និងការស្រាវជ្រាវ ក្នុងដំណាក់កាលបន្តបន្ទាប់៕