អគ្គស្នងការដ្ឋាននគរបាលជាតិ បើកវគ្គបំប៉ននីតិវិធី «សួរចម្លើយ» របស់នគរបាលទេសចរណ៍ និងណែនាំឲ្យមន្រ្តីនគរបាលយកចិត្តទុកដាក់សិក្សា
05-03-2026 14:26
(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបំប៉នជំនាញ «នីតិវិធីសួរចម្លើយ» ជូនដល់មន្ត្រីនគរបាលទេសចរណ៍ ចំណុះនាយកដ្ឋាននគរបាលទេសចរណ៍ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។
ពិធីនេះ ធ្វើនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ លោកឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន លោកនាយ នាយរងការិយាល័យ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានណែនាំឲ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់សិក្សា ស្វែងយល់អំពីគោលការណ៍ និងនីតិវិធីថ្មីៗ ដើម្បីអនុវត្តការងារឲ្យបានត្រឹមត្រូវ មានប្រសិទ្ធភាព និងទទួលខុសត្រូវខ្ពស់។
លោកអគ្គស្នងការរង បានគូសបញ្ជាក់ថា ការសួរចម្លើយត្រូវអនុវត្តដោយផ្អែកលើច្បាប់ គោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងចៀសវាងរាល់ទម្រង់អំពើរំលោភបំពាន ដែលអាចប៉ះពាល់ដល់គុណភាពសំណុំរឿង និងភាពជឿជាក់របស់សាធារណជន។
លោកបន្តថា ការពង្រឹងជំនាញនិតិវិធីសួរចម្លើយ គឺជាចំណុចគន្លឹះមួយ ក្នុងការធានាបាននូវការស៊ើបអង្កេតប្រកបដោយវិជ្ជាជីវៈ បង្កើនជំនឿទុកចិត្ត និងលើកកម្ពស់កេរ្តិ៍ឈ្មោះកងកម្លាំងនគរបាលជាតិ។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ចេវ ហាក់ ក៏បានលើកឡើងអំពីតួនាទីសំខាន់របស់នគរបាលទេសចរណ៍ ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសនៅតាមតំបន់ទេសចរណ៍ ដែលមានភ្ញៀវជាតិ-អន្តរជាតិ។
បើតាមអគ្គស្នងការរង, វគ្គបំប៉ននេះ ក៏ជាការបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ក្នុងការអភិវឌ្ឍធនធានមនុស្ស បង្កើនសមត្ថភាពជំនាញ និងបន្តកែលំអគុណភាពការងារ ឲ្យសមស្របតាមបរិបទសង្គម និងការវិវត្តន៍វិស័យទេសចរណ៍ ដើម្បីរួមចំណែកថែរក្សាបរិយាកាសសន្តិសុខ សុវត្ថិភាព និងភាពជឿជាក់របស់ប្រទេស។
សូមជម្រាបថា វគ្គបំប៉ននេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ហើយត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ និងពង្រឹងចំណេះដឹងផ្នែកនីតិវិធីសួរចម្លើយ ឲ្យស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដោយផ្តោតសំខាន់លើការគោរពសិទ្ធិមនុស្ស ការធានាតម្លាភាព និងភាពត្រឹមត្រូវ ក្នុងដំណើរការស៊ើបអង្កេត ដោយមានគ្រូឧទេសនាមដែលមានបទពិសោធន៍យូរឆ្នាំ រួមនិងទ្រឹស្តី និងការអនុវត្តន៍អំពីបច្ចេកទេសសួរចម្លើយ ការប្រមូល និងគ្រប់គ្រងភស្តុតាង ការរៀបចំសំណុំរឿងឲ្យបានគ្រប់គ្រាន់តាមនីតិវិធី និងការអនុវត្តការងារជាក់ស្តែងរបស់នគរបាលជាតិ៕














