សាស្ត្រាចារ្យ និស្សិត សាកលវិទ្យាល័យឯកទេសនៃកម្ពុជា ចូលរួមដាំដើមកោងកាង នៅសហគមន៍នេសាទត្រពាំងសង្កែ ស្រុកទឹកឈូ សំដៅលើកកម្ពស់បរិស្ថាន និងស្តារព្រៃកោងកាងឡើងវិញ

05-03-2026 14:29

(កំពត)៖ លោកបណ្ឌិត ថោង យ៉ាងវ៉ាន់ សាស្ត្រាចារ្យសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) បានប្រាប់ឲ្យដឹងថា ដើម្បីផ្សារភ្ជាប់ការសិក្សាអប់រំទៅនឹងសហគមន៍ ពិសេសផ្សារភ្ជាប់ជីវិត ទៅនឹងបរិស្ថាន គឺលោក ហម សាវ៉េត នាយកសាកលវិទ្យាល័យឯកទេសនៃកម្ពុជាសាខាខេត្តកំពត នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំសាស្ត្រាចារ្យ និស្សិត និងបុគ្គលិក ចូលរួមដាំដើមកោងកាងនៅសហគមន៍នេសាទត្រពាំងសង្កែ ស្ថិតក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធនាការ «ពន្លកបៃតង់» របស់ក្រសួងបរិស្ថាន ក្រោមប្រធានបទ «ដាំដើមកោងកាងដើម្បីសហគមន៍ និងបរិស្ថាន»

លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា ដើមកោងកាងមានប្រយោជន៍ច្រើនសម្រាប់ មនុស្ស សត្វ និងបរិស្ថាន និងបានស្នើពលរដ្ឋ និងទេសចរចូលរួមលើកកម្ពស់បរិស្ថាន និងស្តារព្រៃកោងកាងឡើងវិញ។ ដើមកោងកាងជាឆ្នាំងបាយ អ្នកនេសាទ និងជាអនាគតក្មេងៗក្នុងសហគមន៍។ កោងកាងស្រូបយកឧស្ម័នពុលហើយផលិតអ៊ុកស៊ីសែន ជួយទប់ស្កាត់ការឡើងកំដៅ និងការបាក់ច្រោះដី។

ចំណែកនិស្សិត ដែកចូលរួមដាំដើមកោងកាង បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងយល់ឃើញថា ក្នុងនាមជានិស្សិត ក្រៅពីការខិតខំរៀនសូត្រនៅក្នុងសាលា ក៏ត្រូវចូលរួមក្នុងសកម្មភាពការងារសង្គមផងដែរ។ ជាក់ស្តែងការ មកសិក្សាស្វែងយល់ អំពីសហគមន៍ត្រពាំងសង្កែ និងការចូលរួមដាំកោងកាង ពិតជាសកម្មភាពមួយគួរឲ្យរីករាយ និងមានប្រយោជន៍ ហើយជាសារមួយសម្រាប់លើកទឹកចិត្តដល់ពលរដ្ឋ និងភ្ញៀវទេសចរ ឲ្យចូលរួមលើកកម្ពស់ បរិស្ថាន និងចូលរួមដាំកោងកាង ឲ្យកាន់តែផលផុសច្រើនថែមទៀត។

លោក ស៊ឹម ហីម ប្រធានសហគមន៍ត្រពាំងសង្កែ បានលើកឡើងថា ការអភិរក្ស និងការស្តារ ដើមកោងកាងឡើងវិញ គឺជាការងារអទិភាពរបស់សហគមន៍ ព្រោះដើមកោងកាង ជាជីវិត ជាឆ្នាំងបាយរបស់ប្រជានេសាទតំបន់ឆ្នេរ ហើយការចូលរួមដាំដើមកោងកាងតែមួយដើម ស្មើនឹងជួយផ្តល់អាហារដល់អ្នកនេសាទម្នាក់ ពេញមួយជីវិត។

គួររំលឹកថា សហគមន៍នេសាទត្រពាំងសង្កែខាងលើ កន្លងមកតែងតែមានការយកចិត្តទុកដាក់ ណែនាំជុំវិញការអភិវឌ្ឍន៍ពីលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ ដែលធ្វើឲ្យសហគមន៍មួយនេះ មានទេសភាពស្រស់ស្អាត ផាសុខភាព សម្រាប់ពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ពីមួយឆ្នាំទៅមួយឆ្នាំមកសម្រាក លេងកម្សាន្តកាន់តែច្រើនឡើងថែមទៀត៕