ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ នៅពេល «អំណាចនៃច្បាប់ត្រូវបានជំនួសដោយ ច្បាប់នៃអំណាច» នឹងជាបញ្ហាប្រឈមសម្រាប់ប្រទេសតូចៗ ដែលតែងតែពឹងផ្អែកលើច្បាប់អន្តរជាតិ (Video inside)
05-03-2026 15:11
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា នៅពេល «អំណាចនៃច្បាប់ត្រូវបានជំនួសដោយ ច្បាប់នៃអំណាច» នឹងជាបញ្ហាប្រឈមសម្រាប់ប្រទេសតូចៗ ដែលតែងតែពឹងផ្អែកលើច្បាប់អន្តរជាតិ។
លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីបើកសន្និបាត ដើម្បីពិនិត្យសមិទ្ធផលប្រចាំឆ្នាំ២០២៥ របស់ក្រសួង និងលើកទិសដៅការងារឆ្នាំ២០២៦ ដែលបានរៀបចំឡើងនៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ចំពោះមុខអង្គពិធី លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីបញ្ហាដែលពិភពលោកកំពុងជួបប្រទះ តួយ៉ាងដូចជាបញ្ហាសង្គ្រាមពាណិជ្ជកម្ម ហើយថ្មីៗនេះ គឺសង្គ្រាមរវាងអាមេរិក និងអ៉ីស្រាអែល លើអ៉ីរ៉ង់ និងសង្គ្រាមក្នុងតំបន់ផងនោះ បាននិងបង្ហាញពីសញ្ញាណនៃការធ្លាក់ចុះនៃសណ្ដាប់ធ្នាប់ពិភពលោក សន្ដិសុខជាសកល។
លោករដ្ឋមន្ត្រី បានបន្តថា ការណ៍នេះនឹងជះឥទ្ធិពលមកដល់តំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាដែលជៀសមិនផុត។ ដោយ លោ បានថ្លែងថា៖ «បរិការណ៍ថ្មីនេះ នឹងជះឥទ្ធិពលអវិជ្ជមានដល់អាស៊ី អនុតំបន់អាស៊ីអាគ្នេយ៍ និងដល់កម្ពុជាយើងតែម្ដង។ ទំនោរលេចឡើងកាន់តែខ្លាំង អំណាចនៃច្បាប់ ត្រូវបានជំនួសដោយច្បាប់នៃអំណាច ហើយនេះនឹងក្លាយជាការប្រឈមមួយ ពោលគឺជាការប្រឈមសម្រាប់ប្រទេសតូច ដែលតែងតែពឹងផ្អែកលើច្បាប់អន្តរជាតិ ធ្វើជាខែលការពារផលប្រយោជន៍គោលរបស់ខ្លួន ស្ថិតក្នុងពិភពលោកមួយដែលច្បាប់អន្តរជាតិត្រូវបានគេគៀសចេញ»។
ស្របជាមួយនឹងបរិបទពិភពលោកបែបនេះ, លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សន្និបាតនេះមិនត្រឹមតែបូកសរុបលទ្ធផលការងារសម្រេចបាននោះទេ តែជាការប្រមូលផ្ដុំមន្ត្រីការទូតទាំងអស់ ដើម្បីពិភាក្សា ពិគ្រោះយោបល់ ស្វែងរកដំណោះស្រាយ និងមធ្យោបាយនានា ដើម្បីការពារផលប្រយោជន៍គោលរបស់ជាតិ និងប្រជាជន។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងរយៈពេល ២ថ្ងៃ មន្ត្រីការទូតទាំងអស់ នឹងត្រូវពិភាក្សាគ្នាអំពីបន្ទាត់នយោបាយការបរទេសរបស់កម្ពុជា មធ្យោបាយ និងធនធានផ្សេងៗ ក្នុងន័យធានា និងបញ្ជាក់ជំហរអព្យាក្រឹត្យភាពរបស់កម្ពុជា៕










