រដ្ឋបាលឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល អំពាវនាវពលរដ្ឋ និងភ្ញៀវទេសចរអញ្ជើញមកលេង «ប្រាសាទព្រៃដើមស្រុក» ឲ្យបានច្រើន (Video inside)

05-03-2026 16:30

(ព្រៃវែង)៖ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងបង្ហាញពីសក្ដានុពលវប្បធម៌ក្នុងមូលដ្ឋាន រដ្ឋបាលឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជិតឆ្ងាយ មកទស្សនាកម្សាន្តនៅ «ប្រាសាទព្រៃដើមស្រុក» ឱ្យបានច្រើន។

លោក ហ៊ន់ ហាក់ ជំទប់ឃុំទី១ នៃឃុំព្រៃទឹង បានឱ្យដឹងថា ប្រាសាទព្រៃដើមស្រុកនេះនៅឆ្ងាយពីទីរួមខេត្ត ហើយសព្វថ្ងៃមិនសូវមានអ្នកដំណើរពីស្រុកឆ្ងាយមកលេងនោះទេ មានតែអ្នកស្រុកភូមិតែប៉ុណ្ណោះ។

​ជំទប់ឃុំទី១ បន្ថែមថា ការអញ្ជើញមកលេងរបស់បងប្អូន មិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងធំធេងក្នុងការផ្សព្វផ្សាយ និងថែរក្សាការពារសម្បត្តិវប្បធម៌នៅក្នុងស្រុកស៊ីធរកណ្ដាលនេះ ឱ្យកាន់តែមានភាពល្បីល្បាញ។ ប្រាសាទនេះមិនត្រឹមតែជាសំណង់ថ្មដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលបង្កប់នូវជំនឿសក្ការៈ និងភាពត្រជាក់ត្រជុំ ស័ក្តិសមសម្រាប់អ្នកដែលចង់មកបួងសួងសុំសេចក្តីសុខសប្បាយ។

ធ្វើដំណើរឆ្លងកាត់វាលស្រែខៀវស្រងាត់ និងភូមិឋានដ៏សុខសាន្ត មុននឹងទៅដល់ទីតាំងប្រាសាទ ដែលផ្តល់នូវអារម្មណ៍ស្រស់ស្រាយ ខុសប្លែកពីភាពអ៊ូអរក្នុងក្រុង។

អាជ្ញាធរឃុំបានយកចិត្តទុកដាក់ខ្ពស់លើការរៀបចំបរិស្ថានជុំវិញឱ្យមានសណ្តាប់ធ្នាប់ ស្អាត និងធានាបាននូវសុវត្ថិភាពខ្ពស់សម្រាប់ភ្ញៀវទេសចរគ្រប់រូបផងដែរ៕