រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ស្វាមីភក្តិចំពោះភរិយា និងក្រុមគ្រួសារ ប្រៀបបាននឹងការបង្កើតឱ្យមានសន្តិសុខ និងសន្តិភាពនៅក្នុងសង្គមជាតិ

05-03-2026 16:25

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ស្វាមីភក្តិចំពោះភរិយា និងក្រុមគ្រួសារ គឺបៀបដូចជាការបង្កើតឱ្យមានសន្តិសុខនិងសន្តិភាពសម្រាប់សង្គមជាតិ ដែលនេះគឺសមស្របទៅនឹងប្រធានបទ សន្តិសុខ និងសន្តិភាពសម្រាប់ស្រ្តីនិងគ្រួសារ នៃទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥។

សារលើកទឹកចិត្តដល់មន្រ្តីរាជការជាស្រ្តីនៃក្រសួងបរិស្ថាន របស់លោកបណ្ឌិត អ៊ាង សុផល្លែត គឺប្រៀបដូចជាសារដាស់តឿនក្រើនរំលឹក ជំរុញឱ្យមានការគាំទ្រ និងចូលរួមពីសំណាក់បុរសៗនៅទូទាំងប្រទេស ដើម្បីការពារស្រ្តី កុមារីឱ្យពួកគេទទួលបានសុវត្ថិភាព តម្លៃ និងអំណាច ឈានឆ្ពោះទៅសម្រេចបាននូវសមិទ្ធផលនានា តាមរយៈការប្រើប្រាស់សក្តានុពលពេញលេញរបស់ពួកគេ។

ឆ្លៀតក្នុងឱកាសនៃការអបអរ សាទរទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ លោករដ្ឋមន្រ្តីបានសម្តែងនូវការអរគុណជូនចំពោះគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន និងក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងបរិស្ថាន ដែលបានសហការរៀបចំ ទិវាអន្តរជាតិ នារី៨មីនា ខួបលើកទី១១៥ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ឡើង។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានផ្ញើសារលើកទឹកចិត្តដល់ស្រ្តីទាំងអស់ និងជាពិសេសស្រ្តី កុមារីដែលរស់នៅក្នុងជំរំជនភៀសឹកទាំងអស់ ឱ្យទទួលបានសុខ សុវត្ថិភាព និងសន្តិភាព។ សន្តិភាព គឺជាគ្រឹះក្នុងការអភិវឌ្ឍ និង សុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីបន្តការពង្រឹងសមត្ថភាព សាមគ្គីភាព និងការសម្រេចរួមគ្នា ឱ្យបាននូវភាពស្អាត ភាពបៃតង និងចីរភាពនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលជាភាពសុខដុមរមនីយកម្មនៅក្នុងសង្គមជាតិក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕