រដ្ឋមន្រ្តីសុខាភិបាល៖ ការទប់ស្កាត់ការកកើតជំងឺគ្រុនចាញ់ឡើងវិញមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការរក្សាសមិទ្ធផលដែលសម្រេចបានជាប្រវត្តិសាស្ត្រនៃកម្ពុជា
05-03-2026 16:30
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល ក្រោមប្រធានបទ៖ «រួមគ្នាដើម្បីកម្ពុជា គ្មានជំងឺគ្រុនចាញ់ គ្មានជំងឺព្រូនស៊ីស្តូ ក្រោយឆ្នាំ២០២៥»។
ទន្ទឹមនេះដើម្បីភាពប្រសើរឡើងបន្ថែមទៀត និងនវានុវត្តន៍ ទាំងគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សមធម៌ និងនិរន្តរភាពកម្មវិធីជាតិទាំងបី បើទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ក៏មន្រ្តីសុខាភិបាលត្រូវថែទាំ ពិនិត្យ ព្យាបាល និងត្រូវនៅក្បែរប្រជាជនជានិច្ចប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ក្នុងនោះត្រូវប្រកាន់ខ្ជាប់នូវការសម្ងាត់ ការយល់ព្រមនឹងគ្នាជាមួយអ្នកជំងឺ ចេះពន្យល់ អនុវត្តតាមក្បួន រក្សាសិទ្ធអ្នកជំងឺ ជាពិសេសដោយសមភាព។
នាឱកាសនោះលោកសាស្រ្តាចារ្យ ឈាង រ៉ា ក៏បានណែនាំដល់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត សូមបន្តការទទួលខុសត្រូវ និងពង្រីកវិសាលភាពសកម្មភាពការងារលើការលើកទឹកចិត្តថ្នាក់មូលដ្ឋានផ្ទាល់ឱ្យបន្តខិតខំអនុវត្តនូវផែនការសកម្មភាពការងាររបស់កម្មវិធីជាតិទាំងបី ផ្តោតលើគុណភាព និងប្រសិទ្ធភាព ពិសេសការកៀរគរការចូលរួមរបស់ប្រជាពលរដ្ឋ និងសហគមន៍ លើកកម្ពស់អនាម័យផ្ទះសំបែង បរិស្ថានល្អ និងរស់នៅស្អាត។
ឆ្លៀតក្នុងឱកាសនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍តម្រង់ទិសមួយចំនួនសម្រាប់យករៀបចំផែនការសកម្មភាព និងផ្សាភ្ជាប់ផែនការយុទ្ធសាស្រ្តសុខាភិបាលទី៤ ប្រកបដោយគណនេយ្យភាព និងតម្លាភាព ដូចខាងក្រោម៖
*ទី១៖ ខិតខំអនុវត្តកម្មវិធីជាតិទាំងបី ឱ្យកាន់តែប្រសើរឡើង បន្ថែមទៀតទាំងគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងប្រកបដោយសមធម៌។
*ទី២៖ ត្រូវពង្រឹង និងពង្រីកមូលធនមនុស្សដោយប្រកាន់យកភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ មានការទទួលខុសត្រូវខ្ពស់បំផុតលើតួនាទី និងភារកិច្ច មានឆន្ទៈមុតស្រួច និងបុរេសកម្ម
*ទី៣៖ ត្រូវស្គាល់ឱ្យបានច្បាស់លាស់នូវវឌ្ឍនភាពសមិទ្ធកម្ម និងរួមគ្នាកំណត់ឱ្យបានគ្រប់ជ្រុងជ្រោយទាន់ពេលវេលា លើការវិភាគដោះស្រាយរាល់បញ្ហាប្រឈមឱ្យស្របតាមកាលៈទេសៈ។
*ទី៤៖ ត្រូវពង្រីកសមត្ថភាព និងវិសាលភាពប្រព័ន្ធសេវាស្របតាមយុគសម័យឌីជីថល និងបច្ចេកវិទ្យា
*ទី៥៖ មជ្ឈមណ្ឌលជាតិ ត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ រួសរាន់រៀបចំផែនការយុទ្ធសាស្រ្តបន្តឆ្នាំ២០២៦-២០៣៥ ដើម្បីភាពរឹងមាំ និងនិរន្តរភាពការងារកៀរគរធនធានសម្រាប់អនុវត្តការងារក្រោយជំងឺគ្រុនចាញ់ត្រូវបានលុបបំបាត់។
*ទី៦៖ កម្មវិធីគ្រុនចាញ់ ត្រូវប្តេជ្ញារួមគ្នារក្សាឱ្យបាន «មិនឱ្យមានករណីជំងឺគ្រុនចាញ់ឆ្លងថ្មីក្នុងប្រទេសកម្ពុជាឡើយ» ដើម្បីត្រៀមលក្ខណៈស្នើសុំវិញ្ញាបនបត្រពីអង្គការសុខភាពពិភពលោក បញ្ជាក់ពីការលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា។
*ទី៧៖ កម្មវិធីគ្រុនឈាម ត្រូវពង្រឹងដោយបុរេសកម្ម តាមដានស្ថានភាពជំងឺ និងការអន្តរាគមន៍ឆ្លើយតបចំគោលដៅទាន់ពេល ដើម្បីកាត់បន្ថយអត្រាស្លាប់រហូតដល់សូន្យ និងកាត់បន្ថយអត្រាអ្នកជំងឺគ្រុនឈាមឱ្យមកនៅទាបបំផុត តាមរយៈការពង្រឹងគុណភាព និងប្រសិទ្ធភាពការងារអប់រំសុខភាព ការលុបបំបាត់ប្រភពបង្កបង្កើតភ្នាក់ងារចម្លងមូសខ្លា ការដាក់ថ្នាំសម្លាប់ដង្កូវទឹក និងបាញ់ថ្នាំ។
*ទី៨៖ កម្មវិធីដង្កូវព្រូន ត្រូវបង្កើនសកម្មភាពតាមដានស្រាវជ្រាវ ផ្សព្វផ្សាយអប់រំសុខភាព និងផ្តល់ថ្នាំទម្លាក់ព្រូនដល់សាលារៀន និងសហគមន៍ ដើម្បីកាត់បន្ថយការឆ្លង និងការរីករាលដាល តាមរយៈការសហកាគ្នាមណ្ឌលសុខភាព និងសាលារៀន។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណដល់ថ្នាក់ខេត្ត ក្រសួង មន្ទីរ អង្គភាព គ្រឹះស្ថានពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានជាក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ ដៃគូអភិវឌ្ឍ និងដៃគូអនុវត្តនានា និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ដែលបានសហការ សហប្រតិបត្តិការ សម្របសម្រួល និងអនុវត្តសកម្មភាពប្រយុទ្ធ និងលុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដង្កូវព្រូន ទទួលបានលទ្ធផលគួរជាទីមោទនៈ។
សូមជម្រាបជូនថា ក្នុងឆ្នាំ២០២៥ ករណីឆ្លងក្នុងស្រុកបានថយចុះ ៨៤% បើប្រៀបនឹងឆ្នាំ២០២៤ (ពី ៣២២ មកនៅ ៥២ ករណី) ខណៈករណីនាំចូលពីក្រៅប្រទេសមាន ៥៥ ករណី។ អត្រាអាំងស៊ីដង់បានថយចុះពី ០,២៦% នៅឆ្នាំ២០២១ មកនៅ ០,០០៣% ក្នុងឆ្នាំ២០២៥ ដែលស្ទើរស្មើសូន្យ។ ទូទាំងប្រទេសមិនមានករណីឆ្លងថ្មីក្នុងប្រទេសត្រូវបានរកឃើញឡើយចាប់ពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ រហូតដល់បច្ចុប្បន្ន បញ្ជាក់ពីប្រសិទ្ធភាពនៃការគ្រប់គ្រង និងប្រព័ន្ធតាមដានជំងឺ៕





























