អូស្រ្តាលី បញ្ជូនយន្តហោះយោធាទៅកាន់មជ្ឈិមបូព៌ា ក្រោមផែនការបន្ទាន់ ដើម្បីជម្លៀសប្រជាជន (Video inside)

05-03-2026 17:02

(ស៉ីដនី)៖ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បាននិយាយថា បាននិងកំពុងដាក់ពង្រាយសម្ភារៈយោធា ទៅកាន់តំបន់មជ្ឈិមបូព៌ា ជាផ្នែកមួយនៃផែនការបន្ទាន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Albanese បានប្រាប់សភាជាតិថា រដ្ឋាភិបាលបានបញ្ជូនក្រុមឆ្លើយតបវិបត្តិចំនួន ៦ក្រុមទៅកាន់តំបន់ និងបានដាក់ពង្រាយសម្ភារយោធារួច ក្រោមផែនការបន្ទាន់មួយកាលពីដើមសប្តាហ៍។ លោកក៏បានអគុណដល់ប្រជាជនអូស្ត្រាលីទាំងអស់ ដែលព្រមចូលទៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់មួយ ដើម្បីជួយដល់ជនរួមជាតិរបស់ខ្លួនផងដែរ។ បើតាមមន្រ្តីអូស្រ្តាលីពីររូប យន្តហោះយោធាពីរគ្រឿង ត្រូវបានបញ្ជូនទៅមជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា បណ្តាប្រទេសនានា កំពុងជម្លៀសពលរដ្ឋរបស់ខ្លួន ចេញពីមជ្ឈិមបូព៌ាក្នុងសប្តាហ៍នេះ បន្ទាប់ពីការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់ សម្លាប់មេដឹកនាំកំពូល Ayatollah Ali Khamenei និងបង្កឱ្យមានសង្រ្គាមក្នុងតំបន់៕