លោកស្រី យក់ សម្បត្តិ៖ ជំងឺផ្តាសាយបក្សី នៅតែបង្កហានិភ័យសម្រាប់សុខភាពសាធារណៈ ទាំងនៅកម្ពុជា និងក្នុងតំបន់
05-03-2026 17:17
(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ជំងឺផ្តាសាយបក្សី A(H5N1) នៅតែបង្កហានិភ័យ និងគំរាមគំហែងសម្រាប់សុខភាពសាធារណៈ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់។
ការថ្លែងរបស់លោកស្រី យក់ សម្បត្តិ ខាងលើធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្តីពីការស្រាវជ្រាវ លើជំងឺផ្តាសាយបក្សីនៅកម្ពុជា ដោយប្រើវិធីសាស្រ្តសុខភាពតែមួយ ៖ ផ្តើមពីកត្តាគំរាមកំហែង ប្រែក្លាយទៅជាការត្រៀមលក្ខណៈនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦។
ពិធីនេះមានការអញ្ជើញចូលរួមពីលោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, លោកវេជ្ជបណ្ឌិត Dennis Laurant អគ្គនាយកនៃមន្ទីរពេទ្យគន្ធបុប្ផា, លោកសាស្រ្តាចារ្យ André Spiegel នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា, លោកវេជ្ជបណ្ឌិត Eric D’Ortenzio ប្រធាននាយកដ្ឋាន យុទ្ធសាស្រ្តនិងដៃគូរ នៃភ្នាកងារបារាំង និងលោក លោកស្រី មកពីអង្គភាពនានា នៃក្រសួងសុខាភិបាល ក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងអង្គការ ដៃគូអភិវឌ្ឍន៍នានា សរុបចំនួន ៣៥នាក់។
លោកស្រី យក់ សម្បត្តិ បានថ្លែងថា «ជំងឺផ្តាសាយបក្សី A(H5N1) ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាក្នុងខែធ្នូ ឆ្នាំ២០០៣។ ជំងឺនេះបានបង្កជាមហន្តរាយសម្រាប់សុខភាពសាធារណៈ ដោយសារ អត្រានៃការស្លាប់របស់អ្នកជំងឺមានកម្រិតខ្ពស់ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់»។
លោកស្រី បានបន្ថែមទៀតថា ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២២ យើងមិនបានរកឃើញជំងឺផ្តាសាយបក្សីលើមនុស្សទេ ក្នុងប្រទេសយើង ប៉ុន្តែចាប់ពីឆ្នាំ២០២៣ មកដល់ឆ្នាំ២០២៥ ការរកឃើញនូវករណីផ្តាសាយបក្សីថ្មីៗ ជាបន្តបន្ទាប់នៅកម្ពុជា ការណ៍នេះបានរំឭកយើងអំពីតម្រូវការសម្រាប់ការប្រុងប្រយ័ត្ន
និងត្រៀមខ្លួនជាប្រចាំដើម្បីឆ្លើយតប និងគ្របគ្រងការរីករាលដាលនៃជំងឺនេះអោយមានប្រសិទ្ធិភាពខ្ពស់ ដោយប្រើវិធីសាស្ត្រ «សុខភាពតែមួយ» ដើម្បីកំណត់ចំណុចខ្វះខាតក្នុងការស្រាវជ្រាវជាអាទិភាពរបស់យើង សម្រាប់ការត្រៀមខ្លួនទុកជាមុន និងការឆ្លើយតបចំពោះជំងឺផ្តាសាយបក្សី និងត្រូវលើកជាសកម្មភាពអាទិភាពបំពេញចំណុចខ្វះខាតទាំងនេះ ដោយប្រើប្រាស់ឱ្យអស់លទ្ធភាព នៃកិច្ចសហប្រតិបត្តិការ អន្តរអង្គភាព និងក្នុងតំបន់ ព្រមទាំងបច្ចេកវិទ្យាព័ត៌មានវិទ្យា បញ្ញាសប្បនិមិត្ត។
នៅក្នុងឱកាសនោះលោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានឱ្យដឹងថា ប្រទេស«កម្ពុជាយើងបានឈានមុខគេក្នុងការរៀបចំប្រព័ន្ធតាមដានជំងឺដែលឆ្លងពីសត្វមកមនុស្សតាមរយៈកិច្ចសហការល្អរវាង ក្រសួងសុខាភិបាល ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងបរិស្ថាន។ ប៉ុន្តែយើងនៅខ្វះយន្តការសំរបសំរួលការធ្វើការងារសិក្សាស្រាវជ្រាវអំពីជំងឺផ្តាសាយបក្សីនេះដោយប្រើប្រាស់វិធីសាស្ត្រ សុខភាព តែមួយនិងខ្វះខាតនូវសមត្ថភាពធនធានមនុស្សក្នុងការងារស្រាវជ្រាវជំងឺឆ្លងដែលកើតឡើងថ្មីៗ»។
ដូចនេះ ការរៀបចំសិក្ខាសាលាស្តីពីការស្រាវជ្រាវ លើជំងឺផ្តាសាយបក្សី នៅកម្ពុជា ដោយប្រើវិធីសាស្រ្តសុខភាពតែមួយ ៖ ផ្តើមពីកត្តាគំរាមកំហែង ប្រែក្លាយទៅជាការត្រៀមលក្ខណៈ ធ្វើឡើងក្នុងគោលបំណងជួយពង្រឹងការត្រៀមខ្លួនទុកជាមុនក្នុងការឆ្លើយតបចំពោះជំងឺផ្តាសាយ បក្សី នៅប្រទេសកម្ពុជា និងការគំរាមកំហែងពីជម្ងឺឆ្លងចេញពីសត្វ ផ្សេងៗទៀត ដែលអាចនឹងកើតចេញមកជាយថាហេតុនៅពេលអនាគត តាមរយៈការរៀបចំបង្កើតនូវ ក្រុមការងារសម្របសម្រួលការងារស្រាវជ្រាវ មួយដែលមានចរិតលក្ខណៈបែប «សុខភាពតែមួយ (One Health)» ដោយមានការចូលរួមពីអ្នកស្រាវជ្រាវ សហការគ្នា ពីក្រសួងសុខាភិបាល ជាមួយក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងបរិស្ថាន។
សូមជម្រាបថា សិក្ខាសាលានាថ្ងៃនេះ គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីវិទ្យាសាស្ត្រផ្សេងៗទៀតជាច្រើនដែលសាកលវិទ្យាល័យ ប្រារព្ធរៀបចំឡើងដើម្បីអបអរសាទរ ខួបទី៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំ ១៩៤៦ ដល់ ឆ្នាំ២០២៦៕























