ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ៖ ស្ត្រីរួមចំណែកយ៉ាងសំខាន់ មិនអាចកាត់ថ្លៃបាន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាង និងថែរក្សាសន្តិភាព

05-03-2026 17:20

(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅវិមានរដ្ឋចំការមន បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» និងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងផែនការសកម្មភាព ឆ្នាំ២០២៦ របស់គណៈកម្មការកិច្ចការនារីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាពលោក ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងវត្តមានសមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋាន មន្ត្រីរាជការ ទីប្រឹក្សា ជំនួយការ និងភ្នាក់ងារជាតិជាប់កិច្ចសន្យា ជាច្រើនរូប។

ក្រោយពីបានស្តាប់ព្រះរាជសារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងក្រោយពីបានស្តាប់នូវរបាយការណ៍សង្ខេបរបស់គណៈកម្មការកិច្ចការនារីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងចំណាប់អារម្មណ៍របស់អង្គពិធីជុំវិញប្រធានបទរួចមក លោកប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានគាំទ្រដល់ប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ក៏ដូចជាគូសបញ្ជាក់ពីការរួមចំណែកយ៉ាងសកម្មរបស់ស្ត្រី ដែលជាសារអំពាវនាវមួយក្នុងគោលបំណងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការ អភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។

លោកប្រធានបានគូបញ្ជាក់បន្ថែម ទៀតថា សន្តិភាព និងសន្តិសុខ គឺជាមូលដ្ឋានគ្រឹះនៃសុខុមាលភាពរបស់ស្ត្រី និងក្រុមគ្រួសារ ដែលផ្តល់នូវបរិយាកាសអំណោយផលអាចឱ្យពួកគេរស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការភ័យ ខ្លាច ការពារស្ត្រី និងក្មេងស្រីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការពារសិទ្ធិស្ត្រីនិងក្មេងស្រី និងផ្តល់នូវកាលានុវត្តភាពពេញលេញសម្រាប់ស្ត្រីក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត កសាង និងថែរក្សាសន្តិភាព និងសន្តិសុខទាំងបែបប្រពៃណី និងមិនប្រពៃណី ដែលទាំងនេះនឹងរួមចំណែកពន្លឿនការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ លើកកម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារនិងសង្គម។

ទន្ទឹមនេះ ក្នុងនាមក្រុមប្រឹក្សាធម្មនុញ្ញ លោកប្រធាននៅតែរក្សាជំហរឱ្យមានកញ្ចប់ថវិកាឆ្លើយ តបការងារយេនឌ័រ បន្តលើកទឹកចិត្ត ផ្តល់ការគាំទ្រ ផ្តល់ឱកាសពេញលេញនិងស្មើភាពជូនមន្ត្រីរាជការជានារីក្នុងភាពជាអ្នកដឹកនាំនៅគ្រប់កម្រិតនៅក្នុងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ។ លើសពីនេះ លោកប្រធានបានផ្តល់អនុសាសន៍ផ្តាំផ្ញើ ជូនដល់មន្ត្រីរាជការ ជាពិសេសមន្ត្រីរាជការជានារី ក្នុងអគ្គលេខាធិការដ្ឋាន ឱ្យបន្តខិតខំអភិវឌ្ឍចំណេះដឹង ជំនាញ ជាពិសេសជំនាញឌីជីថល ព្រមទាំងត្រូវមានភាពអង់អាចក្នុងការបញ្ចេញសមត្ថភាព បង្ហាញនូវសក្តានុពល និងថាមពលពេញលេញ ឆ្លើយតបទៅនឹងតម្រូវការការងារនិងតម្រូវការរបស់សង្គម ដើម្បីអាចទទួលបាននូវសមធម៌ ការទទួលស្គាល់ និង ឱកាសស្មើគ្នា ក្នុងការងារជាមួយនឹងបុរស។

លោកប្រធានលើកទឹកចិត្តដល់មន្ត្រីរាជការទាំងអស់ ឱ្យបន្តការសិក្សារៀនសូត្រជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាពទាំងបុរស និងនារី និងជាពិសេសឱ្យមាន ការយល់ដឹង ភ្ញាក់រលឹក ចូលរួម និងគាំទ្រដល់ការលើកកម្ពស់សិទ្ធិស្ត្រីនិងសមភាពយេនឌ័រ ដោយចាប់ពី គ្រួសារខ្លួនឯង កន្លែងធ្វើការ និងសង្គមស្របតាមទិសស្លោក «លើកតម្កើងស្ត្រី គឺផ្តល់តម្លៃខ្លួនឯង»

នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកប្រធានបានជូនអំណោយអនុស្សាវរីយ៍ និងផ្កា ជូនលោកស្រីសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងលោកស្រី នាងកញ្ញា ជាទីប្រឹក្សា ជំនួយការរបស់សមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ មន្ត្រីរាជការ ភ្នាក់ងារជាតិជាប់កិច្ចសន្យា និងនិវត្តជននៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញផងដែរ ៕