គ្រួសារកងទ័ព និងជនភៀសសឹក ចំនួន១៤០នាក់ រស់នៅក្នុងសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ទទួលបានអំណោយ ក្នុងឱកាសខួបលើកទី១១៥ ទិវានារីអន្តរជាតិ ៨ មីនា

05-03-2026 17:29

(ពោធិ៍សាត់)៖ លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត តំណាង លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល ចែកស្បៀង និងផ្តល់សម្ភារៈប្រើប្រាស់ផ្សេងៗ ជូនដល់គ្រួសារវីរកងទ័ព និងជនភៀសសឹក ចំនួន១៤០នាក់ រស់នៅក្នុងសង្កាត់ចំរើនផល ក្នុងឱកាសអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នៅសាលប្រជុំសាលាសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់។

លោកស្រី សិទ្ធិ ណារ៉ាស៊ី ប្រធានមន្ទីរកិច្ចការនារី ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ទិវាអន្តរជាតិនារី ៨ មីនា គឺជាទិវាដែលរំលឹកដល់ការតស៊ូរបស់ស្រ្តីនៅទូទាំងពិភពលោក ដើម្បីសិទ្ធិសេរីភាព ភាពយុត្តិធម៌ និងសមធម៌ក្នុងសង្គម។ លោកស្រីបន្តថា ចលនានេះបានចាប់ផ្តើមឡើងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩០៨ នៅពេលដែលកម្មការិនីផ្នែកកាត់ដេរប្រមាណ ១៥,០០០នាក់ បានធ្វើបាតុកម្មដង្ហែរក្បួនតាមដងផ្លូវ។ ពួកគេបានទាមទារនូវលក្ខខណ្ឌ ៣យ៉ាងគឺ៖ កាត់បន្ថយម៉ោងធ្វើការ, ដំឡើងប្រាក់បៀវត្សរ៍ឱ្យសមរម្យ និងសិទ្ធិក្នុងការបោះឆ្នោត។

លោកស្រីបន្ថែមថា ឆ្នាំ១៩១០៖ ក្នុងសន្និសីទអន្តរជាតិស្តីពីស្ត្រីធ្វើការ នៅទីក្រុងកូពែនហាក ប្រទេសដាណឺម៉ាក ស្ត្រីម្នាក់ឈ្មោះ Clara Zetkin (ជនជាតិអាល្លឺម៉ង់) បានស្នើឱ្យមាន "ទិវាអន្តរជាតិនារី" ដើម្បីរំលឹកដល់ការតស៊ូរបស់ស្រ្តី។ សំណើនេះត្រូវបានគាំទ្រយ៉ាងពេញទំហឹងពីស្ត្រីជាង ១០០នាក់ មកពី ១៧ប្រទេស។ ក្នុងឆ្នាំ១៩១៧៖ ស្ត្រីនៅប្រទេសរុស្ស៊ីបានធ្វើកូដកម្មទាមទារ "នំបុ័ង និងសន្តិភាព" (Bread and Peace) នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ (តាមប្រតិទិនជូលីន) ដែលត្រូវនឹងថ្ងៃទី៨ ខែមីនា (តាមប្រតិទិនគ្រីស្តសាសនា)។ ចាប់តាំងពីពេលនោះមក ថ្ងៃទី៨ មីនា ក៏ក្លាយជាថ្ងៃប្រវត្តិសាស្ត្រ។ រហូតដល់ឆ្នាំ១៩៧៥ ទើបអង្គការសហប្រជាជាតិ (UN) បានចាប់ផ្តើមប្រារព្ធទិវាអន្តរជាតិនារីជាផ្លូវការ និងបានកំណត់យកថ្ងៃទី៨ មីនា ជាថ្ងៃសម្រាប់ពិភពលោកទាំងមូល អបអរសាទរសមិទ្ធផលរបស់ស្ត្រី និងបន្តជំរុញសមភាពយេនឌ័រ។

លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត ក្នុងនាម លោក ខូយ រីដា អភិបាលខេត្ត លោកស្រីពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកជួបសំណេះសំណាលជាមួយបងប្អូន ជាពិសេស គ្រួសារវីរកងទ័ព និងជនភៀសសឹក ក្នុងឱកាសដ៏វិសេសវិសាល នៃការអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទដ៏មានអត្ថន័យថា «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។ លោកស្រីបានជម្រាបជូនថា ប្រធានបទនៅឆ្នាំនេះបានរំលេចចេញឱ្យឃើញយ៉ាងច្បាស់ថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន។ បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍ ហើយស្ត្រី និងកុមារ នឹងក្លាយជាជនរងគ្រោះមុនគេបង្អស់។

លោកស្រីអភិបាលរងខេត្ត បានបន្តថា បងប្អូនជាភរិយាវីរកងទ័ព គឺជាបង្អែកដ៏រឹងមាំនៅទិសក្រោយ ដែលបានលះបង់ និងអត់ធ្មត់ខ្ពស់បំផុត ដើម្បីឱ្យស្វាមីមានស្មារតីពេញលេញ ក្នុងការការពារបូរណភាពទឹកដី និងសន្តិសុខជាតិ។

លោកស្រី ប៉ុក ណាឌី បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែផ្តល់តម្លៃខ្ពស់ដល់ស្រ្តី ជាពិសេសតាមរយៈគោលនយោបាយគាំពារសង្គម លើកកម្ពស់សិទ្ធិ សមភាព និងភាពអង្គអាចស្រ្តីនិងក្មេងស្រីដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍ ប្រកបដោយចីរភាពនិងបរិយាបន្ន។ដូច្នេះ «ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ, ការគាំពារស្ត្រី គឺជាការកសាងគ្រួសារដ៏រឹងមាំ និងសហគមន៍ដែលមានសុវត្ថិភាព»

លោកស្រី ក៏សូមផ្ដាំផ្ញើដល់បងប្អូននារីទាំងអស់ សូមបន្តថែរក្សាសុខភាព ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដើម្បីជាបង្អែកក្នុងគ្រួសារ, ត្រូវពង្រឹងចំណេះដឹង ដោយបន្តសិក្សារៀនសូត្រ និងអភិវឌ្ឍជំនាញ ដើម្បីបង្កើនចំណូលគ្រួសារ និងត្រូវចូលរួមរក្សាសន្តិសុខ ដោយចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងជៀសឆ្ងាយពីគ្រឿងញៀន៕