កម្ពុជា និងអូស្ត្រាលី រួមនឹងស្ថាប័នពាក់ព័ន្ធផ្នែកសិទ្ធិមនុស្ស បង្កើតវេទិកាស្តីពី បរិយាបន្ន សមភាព និងការមិនរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ការផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធរវាងប្រទេសទាំងពីរ

05-03-2026 18:24

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងតំណាងគណៈកម្មាធិការសិទ្ធិមនុស្សអូស្ត្រាលី រួមនឹងស្ថាប័នដែលធ្វើការងារពាក់ព័ន្ធផ្នែកសិទ្ធិមនុស្សនៅកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ បានបង្កើតវេទិកាស្តីពី «បរិយាបន្ន សមភាព និងការមិនរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធរវាងកម្ពុជា និងអូស្ត្រាលី»

វេទិកានេះដែរ ដោយមានការចូលរួមពី លោកស្រី ឡុង សូនីតាអនុប្រធានប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក Benjamin Moreau
មន្ត្រីទទួលបន្ទុកការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិ មនុស្សប្រចាំកម្ពុជា លោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរង នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ។

នាឱកាសនេះដែរ លោកស្រី ឡុង សូនីតា បានលើកឡើងថា កម្ពុជាមិនចាត់ទុកទំនោរផ្លូវភេទ ឬអត្តសញ្ញាណយេនឌ័រជាបទឧក្រិដ្ឋទេ ហើយក៏មិនមានវិធានការដាក់ទណ្ឌកម្មសម្រាប់ទំនាក់ទំនងភេទដូចគ្នាទេ។ ហើយកម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការជំរុញសមភាពអ្នកស្រឡាញ់ភេទដូចគ្នាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ តាមរយៈការលើកកម្ពស់ការយល់ដឹង ការដោះស្រាយការមាក់ងាយ និងធានាការការពារពីអំពើហិង្សាតាមរយៈក្របខ័ណ្ឌគោលនយោបាយជាតិ ដូចជា ផែនការសកម្មភាពជាតិលើកទី៤ ដើម្បីទប់ស្កាត់ការប្រើអំពើហិង្សាលើស្ត្រី ជាដើម។

លោកស្រី ឡុង សូនីតា បានបន្ដថា ការការពារប្រឆាំងនឹងការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវបានបញ្ជាក់នៅក្នុងមាត្រាទី៣១ នៃរដ្ឋធម្មនុញ្ញកម្ពុជា និងគ្របដណ្តប់ពីមាត្រា២៦៥ ដល់២៧០ នៃក្រមព្រហ្មទណ្ឌកម្ពុជា ដែលធានានូវសមភាពនៅចំពោះមុខច្បាប់សម្រាប់ពលរដ្ឋទាំងអស់។ ខណៈពេលដែលវិធានការទាំងនេះកំពុងលើកទឹកចិត្ត តែហាក់នៅតែមានគម្លាតនៅក្នុងគោលនយោបាយជាក់លាក់ និងវិធានការនីតិបញ្ញត្តិ ដើម្បីធានាបាននូវដែលអាចធ្វើឱ្យអ្នកស្រឡាញ់ភេទដូចគ្នាងាយរងគ្រោះចំពោះការប្រព្រឹត្តិដែលមិនស្មើភាពគ្នា។

បន្ថែមពីនេះ លោកស្រី ឡុង សូនីតា បានបញ្ជាក់ថា នៅក្នុងយន្តការពិនិត្យឡើងវិញជាសកល (UPR) ជុំទី៤ សម្រាប់កម្ពុជាក្នុងឆ្នាំ២០២៤ អនុសាសន៍ចំនួន១២ ទាក់ទងនឹងសិទ្ធិស្មើគ្នារបស់អ្នកស្រឡាញ់ភេទដូចគ្នាត្រូវបានលើកឡើង រួមទាំងអនុសាសន៍របស់អូស្ត្រាលីឱ្យបន្តវឌ្ឍនភាពវិជ្ជមានឆ្ពោះទៅរកសមភាពពេញលេញសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា រួមទាំងការដើរឆ្ពោះទៅរកការធ្វើឱ្យស្របច្បាប់នូវការរៀបការរវាងភេទដូចគ្នា ផងដែរ។ អនុសាសន៍ទាំង១២ រួមទាំងរបស់អូស្ត្រាលី ត្រូវបានទទួលយកដោយរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបដែរថា វេទិកានេះដើម្បីបញ្ច្រាបការយល់ដឹងរបស់អ្នកចូលរួមអំពីតម្រូវការ និងអាទិភាពសហគមន៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ការអនុវត្តល្អៗសម្រាប់ធានាសមភាព និងបរិយាបន្ន ចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងអត្ថប្រយោជន៍សេដ្ឋកិច្ច និងសង្គមនៃសមភាពជាក់ស្តែង, ពង្រឹងការចែករំលែកចំណេះដឹងរវាងកម្ពុជា និងអូស្ត្រាលី ដើម្បីគាំទ្រដល់ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញអនុសាសន៍ UPR ស្តីពីសមភាពចំពោះសហគមន៍អ្នកស្រឡាញភេទដូចគ្នា ដែលបានទទួលយកនៅឆ្នាំ២០២៤, និងលើកកម្ពស់ការប្តេជ្ញាចិត្តរបស់ អ្នកចូលរួមក្នុងការតស៊ូមតិ ដើម្បីសមភាពសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា និងវិធានការប្រឆាំងនឹងការរើសអើងផងដែរ៕