វិភាគអន្តរជាតិ៖ តើ៥ថ្ងៃមកនេះ សហរដ្ឋអាមេរិកចាយលុយប៉ុន្មាន ក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់?
05-03-2026 18:35
(វ៉ាស៊ីនតោន)៖ វាពិតជាពិបាកខ្លាំងណាស់ក្នុងការវាយតម្លៃថាតើសហរដ្ឋអាមេរិកចំណាយអស់លុយប៉ុន្មាននៅក្នុងការវាយប្រហារលើអ៉ីរ៉ង់ ដោយសារតែវិសាលភាពធំពេកនៃប្រតិបត្តិការយោធា ហើយអាវុធ ដែលកំពុងត្រូវបានប្រើប្រាស់មិនទាន់ត្រូវបានបញ្ជាក់លម្អិតនោះទេ។ ប៉ុន្តែបើតាមទស្សនាវដ្ដីអាមេរិក Forbes សង្រ្គាមរបស់លោក ត្រាំ ជាមួយអ៉ីរ៉ង់បានធ្វើឱ្យសហរដ្ឋអាមេរិកចាយលុយអស់ជាង ១ពាន់លានដុល្លារទៅហើយ។ ដូច្នេះតើសង្រ្គាមជាង ៥ថ្ងៃមកនេះធ្វើឱ្យអាមេរិកចំណាយលុយជាង ១ពាន់លានដុល្លារនេះយ៉ាងដូចម្ដេច?
* ១៣លានដុល្លារក្នុងមួយថ្ងៃ៖ គឺជាថ្លៃចំណាយរបស់នាវាផ្ទុកយន្ដហោះចម្បាំងធាមេរិកទាំង២គ្រឿង USS Abraham Lincoln និង USS Gerald R. Ford នៅក្នុងតំបន់។ កាសែតអាមេរិក Wall Street Journal បានរាយការណ៍ថាយោធាអាមេរិកបានចល័តនាវាផ្ទុកយន្ដហោះចម្បាំង២គ្រឿងទៅកាន់តំបន់មជ្ឈិមបូព៌ា ដោយក្នុងនោះមជ្ឈមណ្ឌល Center for a New American Security បានវាយតម្លៃក្នុងឆ្នាំ២០១៣ថា ការធ្វើប្រតិបត្តិការរបស់នាវាទាំង២គ្រឿងនេះ ក្នុងមួយគ្រឿងត្រូវចំណាយអស់យ៉ាងហោច ៦.៥លានដុល្លារក្នុងមួយថ្ងៃ។
ប៉ុន្តែតួលេខនេះអាចនឹងខ្ពស់ជាងសព្វថ្ងៃ ពោលគឺសារព័ត៌មាន Bloomberg បានវាយតម្លៃកាលពីខែកុម្ភៈថាថ្លៃចំណាយលើការធ្វើប្រតិបត្តិការរបស់នាវាផ្ទុកយន្ដហោះចម្បាំង USS Gerald Ford ដែលកំពុងឈរជើងក្នុងតំបន់មជ្ឈិមបូព៌ា គឺមានជិត ១១.៤លានដុល្លារក្នុងមួយថ្ងៃ នៅពេលដែលនាវានេះឈរជើងនៅក្បែរវ៉េណេស៊ុយអេឡា។
* ៤៣.៨លានដុល្លារ៖ ជាការចំណាយលើដ្រូនអត្តឃាតជិត ១២៥០គ្រឿង។ ទីបញ្ជាការយោធាអាមេរិក CENTCOM យោធាអាមេរិកជាញឹកញាប់តែងតែប្រើដ្រូនអត្តឃាតនៅក្នុងការវាយប្រហារ ដោយសារវាមានតម្លៃថោក។ តែវាមិនទាន់ច្បាស់ថាតើមានការវាយប្រហារប៉ុន្មានលើកត្រូវធ្វើឡើងដែលប្រើប្រាស់ដ្រូនអត្តឃាតនោះទេ។ Bloomberg បានរាយការណ៍ថាដ្រូនអត្តឃាតមួយគ្រឿងមានតម្លៃ ៣៥០០០ដុល្លារ ហើយការវាយប្រហារលើគោលដៅធំៗណាមួយត្រូវចំណាយរាប់លានដុល្លារ។ លោក Cameron Chell ជា CEO ក្រុមហ៊ុនផលិតដ្រូន Draganfly បានប្រាប់ទូរទស្សន៍ Fox News ថាការវាយប្រហារតាមផ្លូវអាកាសដែលបានសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei កាលពីថ្ងៃទី២៨ ខែកុម្ភៈ ទំនងជាត្រូវចំណាយលុយរាប់លានដុល្លារ ដោយគិតលើការប្រើប្រាស់ដ្រូន និងយន្ដហោះចម្បាំងបើកការវាយប្រហារ។
* ១៣០ ០០០ដុល្លារ ដល់ ១៥០ ០០០ដុល្លារ ក្នុងពេលហោះចេញម្ដងៗ៖ យន្ដហោះទម្លាក់គ្រាប់បែកអាមេរិក B-2។ បើតាម New York Times យន្ដហោះទម្លាក់គ្រាប់បែក B-2 ដែល CENTCOM ទទួលស្គាល់ថាត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារលើអ៉ីរ៉ង់ ត្រូវចំណាយពី ១៣០ ០០០ដុល្លារ ដល់ ១៥០ ០០០ដុល្លារក្នុងពេលហោះចេញធ្វើប្រតិបត្តិការមួយម៉ោង ហើយនេះមិនទាន់រាប់បញ្ចូលការទម្លាក់ គ្រាប់បែក ឬបាញ់មីស៊ីលចេញនោះទេ។
* មីស៊ីល Tomahawk មួយគ្រាប់ ២លានដុល្លារ៖ សេចក្ដីរាយការណ៍ជាច្រើនបានរាយការណ៍ថាយោធាអាមេរិកបាន និងកំពុងប្រើប្រាស់មីស៊ីល Tomahawk វាយប្រហារលើអ៉ីរ៉ង់។ កាសែត New York Times ឱ្យដឹងថាមីស៊ីលនេះមួយគ្រាប់មានតម្លៃ ២លានដុល្លារ។
* ១២.៨លានដុល្លារ៖ មីស៊ីលរបស់ប្រព័ន្ធខែលប្រឆាំងមីស៊ីលអាមេរិក THAAD។ តាមសារព័ត៌មានអាមេរិក The Hill មីស៊ីល THAAD មានគ្រាប់មានតម្លៃ ១២.៨លានដុល្លារ តែវាមិនទាន់ច្បាស់ថា តើមានមីស៊ីល THAAD ប៉ុន្មានគ្រាប់ត្រូវបានប្រើប្រាស់នោះទេ៕











