Fresh Exclusive Analysis: ការព្យាករណ៍ភាពចុងក្រោយនៃសង្គ្រាមអ៊ីរ៉ង់៖ តើនឹងបញ្ចប់ដោយអ្វី?

05-03-2026 19:06

(ភ្នំពេញ)៖ សង្គ្រាមបើកចំហររវាងអ៊ីរ៉ង់នៃភាគី ជាមួយនឹងសហរដ្ឋអាមេរិក សហការជាមួយអ៊ីស្រាអែល នៃភាគីម្ខាងទៀត កំពុងធ្វើឱ្យពិភពលោកព្រួយបារម្ភជាខ្លាំង។ នៅក្នុងសង្គ្រាមមួយ ចំណុចដែលគួរឱ្យចាប់អារម្មណ៍មិនមែនត្រឹមតែ «អ្នកណាវាយឈ្នះក្នុងសមរភូមិ» ប៉ុណ្ណោះទេ ប៉ុន្តែគឺ «អ្នកណាអាចរក្សាបាននូវស្ថាបត្យកម្មអំណាចបន្ទាប់ពីសង្គ្រាម»។ ក្នុងវិបត្តិអ៊ីរ៉ង់បច្ចុប្បន្ន សញ្ញាចម្បងមួយកំពុងបង្ហាញថា សង្គ្រាមនេះកំពុងឆ្ពោះទៅមុខជាដំណាក់កាលថ្មី ដែលអាចកំណត់អនាគតនយោបាយ និងសន្តិសុខនៅមជ្ឈិមបូព៌ាទាំងមូល។
Fresh Exclusive សូមនាំលោក អ្នកនាង ស្តាប់អត្ថបទវិភាគមួយដែលស្វែងរកចម្លើយសំខាន់មួយ តើចុងបញ្ចប់នៃសង្គ្រាមនេះ នឹងបញ្ចប់ដោយអ្វី?

* ការបោះឆ្នោតព្រឹទ្ធសភាអាមេរិក

ការបោះឆ្នោតនៅព្រឹទ្ធសភាអាមេរិក ពាក់ព័ន្ធនឹងសេចក្តីសម្រេចមួយ ដែលមានគោលបំណងកំណត់អំណាចរបស់ប្រធានាធិបតី ក្នុងការប្រើកម្លាំងយោធាលើអ៊ីរ៉ង់។ ទោះជាយ៉ាងណា សេចក្តីសម្រេចនោះ ត្រូវបានព្រឹទ្ធសភា បោះឆ្នោតបដិសេធ កាលពីថ្ងៃពុធសប្តាហ៍នេះ។ លទ្ធផលនេះ មិនមានន័យថា ព្រឹទ្ធសភា បានអនុញ្ញាតឱ្យមានសង្គ្រាមថ្មីជាផ្លូវការឡើយ ផ្ទុយទៅវិញវាបង្ហាញថា សភាមួយ បានបដិសេធលើការអនុម័តវិធានការ ដែលនឹងកំណត់សិទ្ធិអំណាចយោធារបស់ប្រធានាធិបតីនៅដំណាក់កាលនេះ។
ដូច្នេះអត្ថន័យសំខាន់ៗរបស់វាគឺបង្ហាញថា សមាជិកភាគច្រើននៅព្រឹទ្ធសភា មិនគាំទ្រការកំណត់អំណាចយោធារបស់រដ្ឋាភិបាលនៅពេលនេះ វាក៏បង្ហាញដែរថា ព្រឹទ្ធសភា មិនបានបង្កើតឧបសគ្គនយោបាយបន្ថែម ចំពោះប្រតិបត្តិការយោធារបស់រដ្ឋាភិបាលក្នុងដំណាក់កាលបច្ចុប្បន្ននេះដែរ។ ទោះជាយ៉ាងណា ក៏នៅមានទឡ្ហីករណ៍សំខាន់មួយផងដែរ គឺថានៅក្នុង Congress អាមេរិក នៅតែមានការបែងចែកមតិយោបល់ច្បាស់លាស់ អំពីវិធីដោះស្រាយវិបត្តិនេះ។
ស្ថានភាពនេះបង្ហាញពីចំណុចសំខាន់ពីរយ៉ាងគឺ ភាពមិនចុះសម្រុងផ្នែកនយោបាយ នៅក្នុងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រទាក់ទងនឹងអ៊ីរ៉ង់ និងសង្គ្រាមនេះអាចមិនទទួលបានការគាំទ្រពេញលេញរយៈពេលវែងនៅក្នុងសភា Congress ប្រសិនបើជម្លោះបន្តពង្រីក។
ក្នុងន័យយុទ្ធសាស្ត្រសញ្ញានេះក៏អាចបង្ហាញថារដ្ឋាភិបាលក្រុង Washington អាចកំពុងជ្រើសរើសយុទ្ធសាស្ត្រប្រើសម្ពាធយោធាក្នុងកម្រិតកំណត់ (limited military pressure) ដើម្បីបង្កសម្ពាធយុទ្ធសាស្ត្រ និងសម្រេចគោលដៅយោធាជាក់លាក់ មិនមែនចូលទៅក្នុងសង្គ្រាមពេញទំហឹង និងរយៈពេលវែងឡើយ។

* ការវាយប្រហារយោធានៅតែបន្ត

ការវាយប្រហារគ្នា នៅតែបន្តនៅលើសមរភូមិ ដែលស្ថានភាពនេះបង្ហាញពីចំណុចសំខាន់ពីរយ៉ាងគឺ អ៊ីរ៉ង់នៅតែមានសមត្ថភាពវាយតប មិនទាន់ត្រូវបានបង្ខំឱ្យដកថយពីសមរភូមិ ខណៈដែលសម្ព័ន្ធអាមេរិក-អ៊ីស្រាអែល កំពុងព្យាយាមបង្កសម្ពាធយោធាបន្តបន្ទាប់ ដើម្បីបង្ខំឱ្យអ៊ីរ៉ង់បាត់បង់សមត្ថភាពយុទ្ធសាស្ត្ររបស់ខ្លួន។
ទោះជាយ៉ាងណា មានសញ្ញាមួយដែលគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងគឺ អ៊ីរ៉ង់មិនបានប្រើកម្លាំងទាំងអស់ក្នុងពេលតែមួយឡើយ។ ផ្ទុយទៅវិញ អ៊ីរ៉ង់ប្រើយុទ្ធសាស្ត្រវាយតបជាដំណាក់កាល ដោយផ្អែកលើឧបករណ៍យោធាចម្បងបីគឺ ការបាញ់មីស៊ីលវាយតប (missile retaliation), ការប្រើដ្រូនវាយប្រហារ (drone attacks), និងការប្រើកម្លាំងយុទ្ធជនតំណាង (proxy forces) ដើម្បីវាយប្រហារលើអ៊ីស្រាអែល និងលើមូលដ្ឋានកងទ័ពអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។
លំនាំប្រតិបត្តិការនេះបង្ហាញយ៉ាងច្បាស់ថា អ៊ីរ៉ង់កំពុងអនុវត្តយុទ្ធសាស្ត្រសង្គ្រាមមិនសមមាត្រ (asymmetric warfare) ដែលជាវិធីសាស្ត្ររបស់ប្រទេសអ៊ីរ៉ង់ តែងបានប្រើជាញឹកញាប់ក្នុងការប្រឈមមុខជាមួយអំណាចយោធាដែលធំជាងខ្លួន។

* វិបត្តិសេដ្ឋកិច្ចច្រក Hormuz
ការជាប់គាំងនៃការដឹកជញ្ជូនប្រេងតាមច្រក Hormuz គឺជាសញ្ញាដ៏ធំមួយ ដែលបង្ហាញថាវិបត្តិយោធានៅមជ្ឈិមបូព៌ា កំពុងបម្លែងទៅជាវិបត្តិសេដ្ឋកិច្ចពិភពលោក។ ច្រក Hormuz គឺជាច្រកសមុទ្រដ៏សំខាន់បំផុតមួយក្នុងប្រព័ន្ធថាមពលពិភពលោក។ តាមទិន្នន័យថាមពលអន្តរជាតិ ប្រហែល ២០ភាគរយ (១/៥) នៃប្រេងពិភពលោក ត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកនេះជារៀងរាល់ថ្ងៃ។ ដូច្នេះច្រកសមុទ្រនេះត្រូវបានគេចាត់ទុកថាជា «ចំណុចស្ទះថាមពល» “energy chokepoint” ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ប្រសិនបើមានការរាំងស្ទះ។
បើវិបត្តិនេះបន្ត ឬកាន់តែធ្ងន់ធ្ងរផលប៉ះពាល់អាចកើតមានយ៉ាងច្បាស់ ដោយតម្លៃប្រេងលើទីផ្សារអន្តរជាតិអាចឡើងខ្លាំង ដោយសារការផ្គត់ផ្គង់មានការរំខាន ថ្លៃដឹកជញ្ជូន និងថ្លៃផលិតកម្មអាចកើនឡើង នៅក្នុងប្រទេសជាច្រើន និងអាចបង្កឱ្យសេដ្ឋកិច្ចពិភពលោករងសម្ពាធ ឬឆ្ពោះទៅរកភាពអស្ថិរភាព។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រទេសដែលពឹងផ្អែកខ្លាំងលើការនាំចូលថាមពលដូចជា ប្រទេសអឺរ៉ុប ចិន ជប៉ុន និងកូរ៉េខាងត្បូង ក៏អាចរងផលប៉ះពាល់ដោយផ្ទាល់ផងដែរ។ ស្ថានភាពនេះធ្វើឱ្យមហាអំណាច និងប្រទេសឧស្សាហកម្មធំៗ ចាប់ផ្តើមបង្ហាញការព្រួយបារម្ភ និងជំរុញឱ្យមានដំណោះស្រាយតាមការទូត ដើម្បីកាត់បន្ថយការពង្រីកសង្គ្រាម។
ក្នុងន័យយុទ្ធសាស្ត្រ វិបត្តិនៅច្រក Hormuz ក៏ក្លាយជាឧបករណ៍សម្ពាធដ៏សំខាន់មួយផងដែរ។ ព្រោះថា ការរាំងស្ទះត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ក៏អាចបង្កឱ្យទីផ្សារថាមពលពិភពលោកមានភាពរំខានយ៉ាងខ្លាំង។ ដូច្នេះស្ថានភាពនេះបានធ្វើឱ្យប្រទេសធំៗជាច្រើន ចាប់ផ្តើមស្វែងរកវិធីបញ្ចប់សង្គ្រាមឱ្យបានឆាប់រហ័ស មុនពេលវិបត្តិយោធាបំលែងទៅជាវិបត្តិសេដ្ឋកិច្ចសកល។

* ប្រតិកម្មពិភពលោក

នៅពេលសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងកើនឡើង មហាអំណាចពិភពលោកបានបង្ហាញប្រតិកម្មខុសៗគ្នា ប៉ុន្តែមានចំណុចរួមមួយគឺ មិនចង់ឱ្យវិបត្តិនេះ ពង្រីកទៅជាសង្គ្រាមធំដែលអាចប៉ះពាល់ដល់ស្ថិរភាពពិភពលោកទាំងមូលឡើយ។
ប្រទេសអឺរ៉ុបពេលនេះបានអំពាវនាវឱ្យបញ្ឈប់ការវាយប្រហារ និងបន្ថយភាពតានតឹង បញ្ជាក់ក្តីព្រួយបារម្ភអំពីផលប៉ះពាល់សេដ្ឋកិច្ច ជាពិសេសតម្លៃថាមពល និងសុវត្ថិភាពការផ្គត់ផ្គង់ប្រេង និងជំរុញឱ្យមានការចរចាដោយប្រើវេទិកាការទូត និងស្ថាប័នអន្តរជាតិ។
ពីប្រទេសចិននោះវិញ រដ្ឋាភិបាលក្រុងប៉េកាំង បានគាំទ្រការបញ្ចប់ជម្លោះតាមវិធីសាស្ត្រការទូត បង្ហាញការព្រួយបារម្ភអំពីស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល និងពាណិជ្ជកម្មសមុទ្រ និងលើកឡើងពីសារៈសំខាន់នៃស្ថិរភាពនៅមជ្ឈិមបូព៌ា ដែលជាតំបន់សំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក។
ខណៈពីប្រទេសរុស្ស៊ី រដ្ឋាភិបាលក្រុងម៉ូស្គូ បានប្រើវិបត្តិនេះ ដើម្បីរិះគន់គោលនយោបាយយោធារបស់សហរដ្ឋអាមេរិក ប៉ុន្តែមិនបង្ហាញសញ្ញាច្បាស់ថាចង់ចូលសង្គ្រាមដោយផ្ទាល់ទេ នៅជាមួយគ្នានេះ បានជំរុញឱ្យមានដំណោះស្រាយតាមការទូត ដើម្បីជៀសវាងការពង្រីកជម្លោះ។
ក្រៅពីនេះ ប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ាខ្លះៗ ដូចជា ប្រទេសអារ៉ាប់នៅឈូងសមុទ្រ (Gulf states) ក៏បង្ហាញការប្រុងប្រយ័ត្នខ្ពស់ផងដែរ ព្រោះសង្គ្រាមធំមួយអាចប៉ះពាល់ដល់សុវត្ថិភាពថាមពល និងស្ថិរភាពនយោបាយក្នុងតំបន់។ សញ្ញាទាំងនេះបង្ហាញថា ទោះបីជាមានភាពតានតឹងខ្ពស់ក៏ដោយ មហាអំណាចពិភពលោកភាគច្រើន មិនចង់ឱ្យសង្គ្រាមនេះពង្រីកទៅជាសង្គ្រាមពិភពលោកឡើយ។ ផ្ទុយទៅវិញ ពួកគេកំពុងព្យាយាមរកតុល្យភាពរវាងការពារប្រយោជន៍របស់ខ្លួន និងការរក្សាស្ថិរភាពអន្តរជាតិ។

* គម្រោងប្រើប្រាស់ក្រុម Kurds និងសមរភូមិផ្លូវគោក

ក្រៅពីសញ្ញានយោបាយ សេដ្ឋកិច្ច និងយោធា ដែលបានរៀបរាប់ខាងលើ នៅមានកត្តាយុទ្ធសាស្ត្រមួយទៀត ដែលកំពុងទាក់ទាញការចាប់អារម្មណ៍ពីអ្នកវិភាគយោធានោះគឺ តួនាទីរបស់ក្រុម Kurds។ មានព័ត៌មាន និងសញ្ញាជាច្រើនបង្ហាញថា សហរដ្ឋអាមេរិកកំពុងព្យាយាមលើកទឹកចិត្ត និងទាក់ទាញក្រុម Kurds ឱ្យចូលរួមក្នុងប្រតិបត្តិការផ្លូវគោក ប្រសិនបើសង្គ្រាមពង្រីកទៅដល់ដំណាក់កាលថ្មី។ ក្នុងប្រវត្តិសាស្ត្រសង្គ្រាមនៅមជ្ឈិមបូព៌ា ក្រុម Kurds តែងតែត្រូវបានគេមើលឃើញថា ជាកម្លាំងដៃគូដ៏សំខាន់របស់អាមេរិក ជាពិសេសនៅក្នុងសង្គ្រាមប្រឆាំងក្រុម ISIS។
ប្រសិនបើក្រុម Kurds ចូលរួមក្នុងជម្លោះនេះ វាអាចមានន័យយុទ្ធសាស្ត្រច្រើនយ៉ាង អាចបង្កើតសមរភូមិផ្លូវគោក (ground front) ដែលបង្កសម្ពាធផ្ទាល់លើអ៊ីរ៉ង់ ធ្វើឱ្យសង្គ្រាមមិនត្រឹមតែជាការវាយប្រហារតាមអាកាស និងមីស៊ីលប៉ុណ្ណោះទេ ប៉ុន្តែអាចបម្លែងទៅជាការប្រយុទ្ធផ្លូវគោក និងអាចបង្កការប្រែប្រួលនៃតុល្យភាពអំណាចនៅក្នុងតំបន់។ ទោះជាយ៉ាងណាកត្តានេះក៏មានហានិភ័យនយោបាយ និងសន្តិសុខខ្ពស់ ផងដែរ។ ការចូលរួមរបស់ក្រុម Kurds អាចបង្កឱ្យមាន ប្រតិកម្មពីប្រទេសក្នុងតំបន់ ដែលមានការព្រួយបារម្ភអំពីបញ្ហាជាតិភាគតិច និងស្ថិរភាពផ្ទៃក្នុងរបស់ខ្លួន។
ក្នុងន័យយុទ្ធសាស្ត្រសញ្ញានេះបង្ហាញថា ប្រសិនបើសង្គ្រាមបន្តកើនឡើង សហរដ្ឋអាមេរិកអាចមិនពឹងផ្អែកតែការវាយប្រហារពីលើអាកាស និងសម្ព័ន្ធមិត្តបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែអាចស្វែងរកកម្លាំងដៃគូក្នុងតំបន់ ដើម្បីបង្កើនសម្ពាធលើអ៊ីរ៉ង់ និងបង្កើតសមរភូមិថ្មីនៅលើដី។

* ព្យាករណ៍ការបញ្ចប់ល្បែងនៃសង្គ្រាម

ដោយផ្អែកលើភស្ថុតាងខាងលើចាប់ពីការបោះឆ្នោតនៅព្រឹទ្ធសភាអាមេរិក ការវាយប្រហារយោធានៅតែបន្ត វិបត្តិសេដ្ឋកិច្ចនៅច្រក Hormuz ប្រតិកម្មពីមហាអំណាច និងសញ្ញាអំពីការចូលរួមរបស់កម្លាំងក្នុងតំបន់ អ្នកវិភាគយោធាជាច្រើនបានលើកឡើងថា សង្គ្រាមនេះអាចបញ្ចប់តាមសេណារីយ៉ូសំខាន់បី ខាងក្រោមនេះ៖
- សេណារីយ៉ូ១៖ ការវាយប្រហារយុទ្ធសាស្ត្រក្នុងដែនកំណត់ Limited Strategic Strike
ក្នុងសេណារីយ៉ូនេះ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល អាចជ្រើសរើសយុទ្ធសាស្ត្រវាយប្រហារយោធាកំណត់ ដោយផ្តោតលើគោលដៅសំខាន់ៗដូចជា មូលដ្ឋានយោធា និងគោលដៅយុទ្ធសាស្ត្រសំខាន់ ដោយប្រព័ន្ធមីស៊ីល ឬសមត្ថភាពអាវុធមួយចំនួនរបស់អ៊ីរ៉ង់។
គោលបំណងនៃប្រតិបត្តិការបែបនេះគឺ បង្ខំឱ្យអ៊ីរ៉ង់បាត់បង់សមត្ថភាពយោធាមួយផ្នែក និងបង្កសម្ពាធឱ្យចូលចរចា។ មានន័យថា បន្ទាប់ពីការវាយប្រហារដែលមានកម្រិតនេះ វាអាចឈានដល់ការការបន្ធូរភាពតានតឹង និងការចាប់ផ្តើមដំណើរការចរចាថ្មី។
ដោយសារតែវាអាចបំពេញគោលដៅយោធា ខណៈកាត់បន្ថយហានិភ័យនៃសង្គ្រាមធំ, សេណារីយ៉ូនេះត្រូវបានអ្នកវិភាគជាច្រើនចាត់ទុកថា មានប្រូបាប៊ីលីតេខ្ពស់បំផុត។

- សេណារីយ៉ូ២៖ សង្គ្រាមតំបន់ Regional War
សេណារីយ៉ូទីពីរ គឺការពង្រីកជម្លោះទៅជាសង្គ្រាមតំបន់។ វាអាចកើតឡើង ប្រសិនបើក្រុមយុទ្ធជន Hezbollah ចូលរួមសង្គ្រាមយ៉ាងពេញលេញ ច្រក Hormuz ត្រូវបានបិទ ឬមានការរំខានយ៉ាងខ្លាំង
និងប្រទេសនៅឈូងសមុទ្រ (Gulf states) ចូលរួមដោយផ្ទាល់ថែមទៀត។
ក្នុងករណីនេះ មជ្ឈិមបូព៌ាអាចក្លាយជាសមរភូមិធំ ដែលពាក់ព័ន្ធនឹងប្រទេសជាច្រើនក្នុងតំបន់។ ទោះជាយ៉ាងណា ភស្ថុតាងពីប្រតិកម្មរបស់មហាអំណាចបង្ហាញថា ប្រទេសធំៗកំពុងព្យាយាមជៀសវាងសេណារីយ៉ូនេះ ព្រោះវាអាចបង្កវិបត្តិសេដ្ឋកិច្ច និងសន្តិសុខពិភពលោកយ៉ាងធ្ងន់ធ្ងរ។
- សេណារីយ៉ូ៣៖ សង្គ្រាមប្រូកស៊ីបន្តវែង Long Proxy War
សេណារីយ៉ូទីបីគឺ សង្គ្រាមមិនបញ្ចប់ឆាប់រហ័សទេ ប៉ុន្តែបម្លែងទៅជាជម្លោះយូរអង្វែង ដែលមិនមែនប្រយុទ្ធជាសង្គ្រាមពេញទំហឹងរវាងរដ្ឋទល់រដ្ឋដោយផ្ទាល់ឡើយ។ ក្នុងសភាពបែបនេះ «សមរភូមិ» នឹងមិនមានតែមួយទីតាំង និងមិនមានពេលវេលាបញ្ចប់ច្បាស់លាស់ទេ ប៉ុន្តែបន្តជាលំនាំកើន-ថយ តាមអំពើវាយតប និងប្រតិបត្តិការបង្កសម្ពាធជាបន្តបន្ទាប់។
ក្នុងលក្ខណៈនេះ សង្គ្រាមអាចបន្តតាមរយៈឧបករណ៍សំខាន់ៗបី៖
- ទំនាស់តាមរយៈក្រុមសម្ព័ន្ធក្នុងតំបន់ (proxy conflict) ដែលធ្វើឱ្យជម្លោះពង្រីកទៅជាច្រើនសមរភូមិ ដោយបន្តការរក្សាសេចក្តីបដិសេធមិនពាក់ព័ន្ធ (plausible deniability) របស់ភាគីនៃ រដ្ឋដែលគាំទ្រនៅពីក្រោយ (State Sponsor)។
- ការវាយប្រហារបច្ចេកវិទ្យា (cyber attacks) លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា ថាមពល ទំនាក់ទំនង ប្រព័ន្ធហិរញ្ញវត្ថុ ឬបណ្តាញបញ្ជាការយោធា ដើម្បីបង្កភាពរំខាន និងបញ្ចុះសមត្ថភាពប្រតិបត្តិការរបស់គូប្រជែង។
- វិច្ឆេទ្ធកម្ម (sabotage) និងប្រតិបត្តិការសម្ងាត់ នៅតាមតំបន់ផ្សេងៗ ដើម្បីវាយបំបាក់សមត្ថភាពយោធា ឬបង្កសម្ពាធផ្នែកចិត្តវិទ្យា ដោយមិនចាំបាច់បើកសង្គ្រាមផ្ទាល់ពេញទំហឹង។
សេណារីយ៉ូបែបនេះអាចបន្តរយៈពេលច្រើនឆ្នាំ ហើយធ្វើឱ្យមជ្ឈិមបូព៌ា ស្ថិតក្នុងស្ថានភាពតានតឹងជាបន្តបន្ទាប់ ដែលប៉ះពាល់ដល់សន្តិសុខតំបន់ សេដ្ឋកិច្ចពិភពលោកនិងថាមពល ដោយសង្គ្រាមមិនចប់ តែប្តូរទម្រង់ពីការបាញ់គ្នាដោយផ្ទាល់ទៅជាការប្រយុទ្ធតាមប្រព័ន្ធ និងតាមឆាកដែលជំនួស។

សេចក្តីសន្និដ្ឋាន៖ សរុបពីភស្តុតាង និងទឡ្ហីករណ៍ ទាំងអស់ចាប់ពីការបោះឆ្នោតនៅព្រឹទ្ធសភាអាមេរិក ភាពបែកបាក់នយោបាយនៅក្នុង Congress ការវាយប្រហារយោធានៅតែបន្ត វិបត្តិសេដ្ឋកិច្ចនៅច្រក Hormuz ប្រតិកម្មពីមហាអំណាចពិភពលោក និងសញ្ញានៃការចូលរួមពីក្រុមជនជាតិឃើដស៍ បានបង្ហាញទិសដៅមួយដែលស្រដៀងគ្នា។ សញ្ញាទាំងនេះបង្ហាញថា សង្គ្រាមបច្ចុប្បន្ន អាចមិនពង្រីកទៅជាសង្គ្រាមសកល ដែលពាក់ព័ន្ធនឹងមហាអំណាចជាច្រើននោះទេ។ ផ្ទុយទៅវិញ វាមាននិន្នាការចូលទៅក្នុងសេណារីយ៉ូដែលមានកម្រិតកំណត់ច្រើនជាង Limited Strategic Strike គឺការប្រើកម្លាំងយោធាដើម្បីបង្កសម្ពាធយុទ្ធសាស្ត្រ បន្ទាប់មកបើកផ្លូវទៅរកការចរចានយោបាយ។
និយាយឱ្យសង្ខេបការបញ្ចប់នៃល្បែងសង្គ្រាមនេះ អាចមិនមែនជាជ័យជំនះយោធាដាច់ខាត ប៉ុន្តែជាការបង្ខំឱ្យអ៊ីរ៉ង់ចូលទៅក្នុងដំណាក់កាលចរចាថ្មី ពាក់ព័ន្ធនឹងសន្តិសុខតំបន់ និងការគ្រប់គ្រងសមត្ថភាពយោធារបស់ខ្លួន។ ក្នុងន័យនេះ សង្គ្រាមអាចក្លាយជាឧបករណ៍សម្ពាធយុទ្ធសាស្ត្រ មិនមែនជាគោលដៅចុងក្រោយនៃជម្លោះនោះឡើយ។ និយាយឱ្យសង្ខេបចុងបញ្ចប់នៃល្បែងសង្គ្រាម Endgame អាចជាការបង្ខំ ឱ្យអ៊ីរ៉ង់ចូលចរចាអំពីសន្តិសុខ និងកម្មវិធីយោធារបស់ខ្លួន៕