ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន វាយតម្លៃខ្ពស់ចំពោះគ្រប់ក្រសួង ស្ថាប័ន ដែលបានខិតខំរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន
05-03-2026 19:18
(ភ្នំពេញ)៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធមកពីគ្រប់ក្រសួង ស្ថាប័ន និងអង្គភាពទាំងអស់ ក្នុងការបំពេញបេសកកម្មប្រយុទ្ធប្រឆាំងគ្រឿងញៀនបានគ្រប់ទម្រង់ គ្រប់រូបភាព ពោលគឺទាំងការងារលើកកម្ពស់ការផ្សព្វផ្សាយអប់រំ, កិច្ចប្រតិបត្តិអនុវត្តច្បាប់, ការងារបន្យាបព្យាបាល និងស្តារនីតិសម្បទា, កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការងារគ្រប់គ្រងសារធាតុគីមីផ្សំ ដែលជាទិសដៅការងារ អាទិភាពចម្បង របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីរួមចំណែកដល់សន្តិសុខ សុវត្ថិភាព សុខុមាលភាពសង្គម និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតី បើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានបញ្ជាក់ថា ឆ្នាំ២០២៥កន្លងទៅ បរិមាណគ្រឿងញៀនប្រមាណ៨០ ទៅ៨៥% ត្រូវបានចរាចរ ក្នុងគោលដៅបញ្ជូនទៅប្រទេសទី៣ និងមានតែ១៥ ទៅ២០%ប៉ុណ្ណោះ ដែលប៉ុនប៉ងជួញដូរ នៅក្នុងប្រទេសកម្ពុជា។
បើតាមលោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី, នេះគឺបានសបញ្ជាក់យ៉ាងច្បាស់ថា ទីផ្សារគ្រឿងញៀននៅកម្ពុជាកំពុងត្រូវបានកាត់បន្ថយបន្តិចម្ដងៗ និងឈានទៅលុបបំបាត់ទាំងស្រុង ដែលតថភាពនេះបានធ្វើឲ្យពិភពលោកបានឃើញថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំពុងតែដើរតាមមាគ៌ាដ៏ត្រឹមត្រូវ និងប្រកបដោយស័ក្តិសិទ្ធិភាពបំផុត ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឈានទៅសម្រេចបានគោលដៅវិសិដ្ឋមួយគឺ «កម្ពុជាគ្មានគ្រឿងញៀននាពេលអនាគត»។
យ៉ាងណាក៏ដោយ ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ក៏បានក្រើនរំលឹក និងជំរុញឲ្យគ្រប់ភាគីទាំងអស់ ត្រូវខិតខំចាត់វិធានការ និងទប់ស្កាត់អំពីបញ្ហាគ្រឿងញៀនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ខណៈសភាពការណ៍គ្រឿងញៀន ទាំងក្នុងក្របខណ្ឌអន្តរជាតិ និងក្នុងតំបន់ នៅតែមានបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនិងវិវត្តប្រែប្រួលស្មុគស្មាញ ប្រកបដោយគ្រោះថ្នាក់គួរឲ្យព្រួយបារម្ភ ហើយការប្រកួតប្រជែង ដណ្តើមភូមិសាស្រ្តនយោបាយ កត្តាអសន្តិសុខជាសកល បញ្ហាអស្ថិរភាពនយោបាយ និងវិបត្តិសេដ្ឋកិច្ចពិភពលោក បានធ្វើឲ្យឧក្រិដ្ឋជនឆ្លៀតឱកាសបង្កើន សកម្មភាពដាំដុះ និងផលិតគ្រឿងញៀន ក៏ដូចជាការលួចលាក់ចរាចរសារធាតុគីមីផ្សំខុសច្បាប់ ដើម្បីផលិតគ្រឿងញៀនសំយោគ ជាពិសេសនៅតំបន់អាមេរិកខាងត្បូង អឌ្ឍចន្ទមាស និងត្រីកោណមាសជាដើម៕






































