លោក ឆាយ ឫទ្ធិសែន អនុញ្ញាតឱ្យ ភារធារីស្តីទីនៃស្ថានទូតលុចសំបួ ប្រចាំប្រទេសឡាវ ទទួលបន្ទុកកិច្ចការសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

05-03-2026 19:30

(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង បានអនុញ្ញាតជូន លោក Thomas Lammar, ភារធារីស្តីទីនៃស្ថានទូតលុចសំបួ ប្រចាំប្រទេសឡាវ ទទួលបន្ទុកកិច្ចការសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា រួមជាមួយសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រី បានសម្តែងកាស្វាគមន៍ចំពោះ លោកភារធារីស្តីទី និងសហការី ដែលបានអញ្ជើញមកនាឱកាសនេះ។ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រតិភូ អំពីការអភិវឌ្ឍប្រទេស ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

លោករដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមករបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព” ស្របតាមគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដែលបានដាក់ចេញនូវកម្មវិធីអាទិភាព ចំនួន៥ ផងដែរ។

លោកភារធារីស្តីទី បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍក្នុងសន្ទុះមួយដ៏លឿនរបស់កម្ពុជា។ លោកក៏បានលើកឡើងអំពីកាចាប់ផ្តើមធ្វើទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលលុចសំបួរ និងរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ហើយជំនួបនាពេលនេះគឺជាការបន្តធ្វើទំនាក់ទំនងក្នុងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និតបន្ថែម។ លោកភារធារីស្តីទី បានបន្តលើកឡើងទៀតថាការអភិវឌ្ឍន៍នៅតំបន់ជនបទពិតជាមានសារៈសំខាន់ ដូចនេះលុចសំបួរនិងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ជនបទនៅក្នុងប្រទេសកម្ពុជា។

លោកភារធារីស្តីទី បានស្នើឱ្យមានការសិក្សាលទ្ធភាពក្នុងការអនុវត្តគម្រោងរួមគ្នានាថ្ងៃអនាគត ដោយទីភ្នាក់ងាអភិវឌ្ឍន៍លុចសំបួរ សហការជាមួយមន្ត្រីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ។

មុននឹងបញ្ចប់ លោករដ្ឋមន្ត្រី បានសម្តែងសេចក្ដីរីករាយ និងថ្លែងអំណរគុណចំពោះ លោកភារធារីស្តីទី និងសហការី ដែលបានបង្ហាញអំពីការចង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ លោករដ្ឋមន្ត្រីក៏បានបង្ហាញអំពីឆន្ទៈធ្វើឱ្យកិច្ចសហប្រតិបត្តការនេះសម្រេចបានជោគជ័យផងដែរ៕