អគារមន្ទីរពេទ្យកុមារថ្មីទំនើប កម្ពស់៥ជាន់ ទំហំជាង៩០០០ម៉ែត្រការ៉េ ចំណាយថវិកាជិត១៧លានដុល្លារ ជំនួយរបស់រដ្ឋាភិបាលកូរ៉េ ក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ គ្រោងនឹងបញ្ចប់ជាស្ថាពរនៅដើមឆ្នាំ២០២៨

05-03-2026 20:19

(ភ្នំពេញ)៖ លោក ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានបុកគ្រឹះសាងសង់អគារមិត្តភាពកម្ពុជា-កូរ៉េទី២ ថ្មីទំនើប ស្ថិតនៅក្នុងមន្ទីរពេទ្យកុមារជាតិ ដែលតម្លៃជិត១៧លានដុល្លារជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េតាមរយៈអង្គការ កូយកា (KOICA)។

នៅក្នុងឱកាសនោះលោក ញឹប អង្គាបុស្ស បានថ្លែងឱ្យដឹងថា អគារមន្ទីរពេទ្យថ្មីទំនើបនេះ មានកម្ពស់៥ជាន់ មានទំហំជាង៩០០០ម៉ែត្រការ៉េ ដោយចំណាយថវិកា១៦លាន៩៨ម៉ឺនដុល្លារ ដែលជាជំនួយរបស់រដ្ឋាភិបាលកូរ៉េ គ្រោងនឹងបញ្ចប់ការសាងសង់រហូតដល់ខែមករា ឆ្នាំ២០២៨ ខាងមុខ។

នាយកមន្ទីរពេទ្យកុមារជាតិ បានបន្តថា «អគារមិត្តភាពកម្ពុជា-កូរ៉េទី២ ថ្មីទំនើបនេះ នឹងជួយបង្កើនសមត្ថភាពរបស់មន្ទីរពេទ្យក្នុងការបម្រើសេវាជូនអ្នកជំងឺបានកាន់តែច្រើននិងប្រសើរជាងមុន ខណៈក្នុងមួយឆ្នាំ មន្ទីរពេទ្យបានទទួលពិគ្រោះជំងឺជាមធ្យម ៣២ម៉ឺននាក់ និងសម្រាកព្យាលក្នុងមន្ទីរពេទ្យជាមធ្យម ៥ម៉ឺន៥ពាន់នាក់ ក្នុងមួយឆ្នាំ»

លោកបន្តថា អគារមន្ទីរពេទ្យនេះ អាចដាក់គ្រែបានចំនួន ១៩៦ គ្រែ និងមានកន្លែងសម្រាប់បណ្ដុះបណ្ដាល និងការអនុវត្តផ្ទាល់ដល់ក្រុមគ្រូពេទ្យផ្នែកជំនាញកុមារមកពីតាមបណ្តាខេត្តផ្សេងៗ និងមានផ្នែកពិគ្រោះជំងឺក្រៅតាមឯកទេសនីមួយៗ មានអាហារដ្ឋាន កន្លែងក្មេងលេង និងមានបង្កើតសេវាថ្មីៗ សម្រាប់កុមារដូចជា ជំងឺត្រចៀក ច្រមុះបំពង់ក ភ្នែក តម្រងនោម ក្រពេញក្នុង ម៉ាស៊ីនលាងឈាមផ្នែកកុមារ ជំងឺមហារីកឈាម សួត ក្រពះពោះវៀន ម៉ាស៊ីនថតឆ្លុះក្រពះ ទងសួត និងជំងឺអូទីសឹមជាដើម។

សូមបញ្ជាក់ថា អគារមិត្តភាពកម្ពុជា-កូរ៉េទី២ថ្មីទំនើប មានកម្ពស់៥ជាន់នេះ ជាអគារមន្ទីរពេទ្យទី២ហើយ ដែលរដ្ឋាភិបាលកូរ៉េជួយសាងសង់ដល់មន្ទីរពេទ្យកុមារជាតិ ខណៈអគារទី ១ មានកម្ពស់ ៣ជាន់ ដោយបានសាងសង់នៅឆ្នាំ ២០០៧ មានឈ្មោះថា អគារមិត្តភាពកម្ពុជា-កូរ៉េ បានដាក់ឱ្យដំណើរការនៅឆ្នាំ២០០៩។ បន្ទាប់មកទៀត ដោយសារតម្រូវការរបស់មន្ទីរពេទ្យមានចំនួនអ្នកជំងឺកើនឡើងជាប្រចាំ ប្រទេសកូរ៉េបានធ្វើការជួសជុល និងពង្រីកឡើងវិញ នៅឆ្នាំ២០១៣ និងដាក់ដំណើរការនៅឆ្នាំ២០១៦៕