សន្និបាតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន! ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ផ្សព្វផ្សាយនិយាមនីតិវិធីប្រតិបត្តិសម្រាប់មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

05-03-2026 20:46

(ភ្នំពេញ)៖ ក្នុងឱកាសបន្ដដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្សព្វផ្សាយនិយាមនីតិវិធីប្រតិបត្តិសម្រាប់មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន (ស្ដង់ដារ SOP)។

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្ដានីតិសម្បទាអ្នកញៀនគ្រឿងញៀន បានថ្លែងនូវរបាយការណ៍សង្ខេប ស្តីពីដំណើរការសៀវភៅនិយាមនីតិប្រតិបត្តិសម្រាប់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

លោកបញ្ជាក់ថា ការបង្កើតនិយាមនីតិប្រតិបត្តិនេះ មានគោលបំណង ដើម្បីប្រើប្រាស់ជាឧបករណ៍ក្នុងការធានាដល់ការបម្រើសេវាក្នុងមជ្ឈមណ្ឌល មានលក្ខណៈគ្រប់ជ្រុងជ្រោយប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងសម្រាប់តម្រង់ទិសដល់មជ្ឈមណ្ឌល ដែលកំពុងដំណើរការហើយមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឲ្យធ្វើការកែលម្អឲ្យស្របទៅតាមលក្ខណៈបច្ចេកទេសវិទ្យាសាស្រ្ត និងមានវិសាលភាពអនុវត្ត ចំពោះមជ្ឈមណ្ឌលទាំងរដ្ឋ ឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសមាគម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោកសាស្ដ្រាចារ្យ ឈាង រ៉ា ដែលបានរៀបចំស្ដង់ដារ SOP និងថ្លែងអំណរគុណចំពោះការចូលរួមស្ថាប័នពាក់ព័ន្ធ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋបាលរាជធានី-ខេត្ត។

បន្ទាប់ពីផ្ដល់ឱកាសឲ្យអង្គប្រជុំចូលរួមមតិយោបល់រួចហើយនោះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានផ្ដល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួន ដល់ការងារព្យាបាលស្ដារនីតិសម្បទារើ

*ទី១៖ ជំរុញការព្យាបាលតាមមជ្ឈមណ្ឌលរដ្ឋ និងឯកជន ពោលគុណភាព នៃមជ្ឈមណ្ឌល គឺមានសារៈសំខាន់ ដោយត្រូវរៀបចំឲ្យមានស្ដង់ដារ និងគុណភាព

*ទី២៖ ក្រសួងសុខាភិបាល ត្រូវស្រាវជ្រាវជាសកលអំពីវិធីសាស្ត្រ និងថ្នាំព្យាបាល ព្រមទាំងត្រូវបង្កើនកិច្ចសហការ ផ្លាស់ប្តូរពិសោធជាមួយអង្គការអន្តរជាតិនានា

*ទី៣៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបង្កើនការគ្រប់គ្រងមជ្ឈមណ្ឌលរដ្ឋ និងឯកជន, ជំរុញឲ្យមណ្ឌលទាំងអស់ អនុវត្ត SOP និងកៀរគរវិស័យនានាជួយឧបត្ថម្ភបន្ថែម ហើយត្រូវបង្កលក្ខណៈងាយស្រួលជាមួយវិស័យឯកជន ដែលចង់បើកមជ្ឈមណ្ឌលឯកជន

*ទី៤ អភិបាលរាជធានី-ខេត្ត ត្រូវក្ដាប់ឲ្យបានចំនួនអ្នកញៀនក្នុងភូមិសាស្ត្រខ្លួន, រៀបចំផែនការពិនិត្យកន្លែងព្យាបាលទេ, លើកផែនការមកកាន់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងករណីអ្នកញៀនច្រើន ក្នុងការបង្កើតមជ្ឈមណ្ឌលស្តារនីតិសម្បទា, ត្រូវបង្កលក្ខណៈដល់មជ្ឈមណ្ឌលទាំងរដ្ឋ ឯកជនក្នុងមូលដ្ឋានខ្លួនជាឧបត្ថម្ភ ឬបន្ធូរបន្ថយចំណាយនានា

*ទី៥៖ ប្រធាន ឬតំណាងមជ្ឈមណ្ឌលទាំង១៨ ត្រូវចាប់ផ្ដើមបំពេញតាមលក្ខខណ្ឌ SOP បានចែង, ត្រូវសហការជាមួយ អគ្គលេខាធិការដ្ឋាន បញ្ចូលទិន្នន័យចូលថ្នាលឌីជីថល, មជ្ឈមណ្ឌលត្រូវមានផែនការ ព្យាបាលច្បាស់លាស់ និងត្រូវចាំថា មជ្ឈមណ្ឌលគឺសំខាន់ ជាកន្លែងកសាងធនធានមនុស្សឡើងវិញ ដូច្នេះត្រូវមានស្មារតីជាតិទទួលខុសត្រូវខ្ពស់៕