ក្រសួងទេសចរណ៍ ជូនដំណឹងស្ដីពី ការរៀបចំព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វន-Village Francophone> ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦
05-03-2026 21:06
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការរៀបចំព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វន-Village Francophone> ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
យោងតាមសេចក្ដីជូនដំណឹង បានបញ្ជាក់ថា ក្រសួងទេសចរណ៍ សូមជម្រាបជូនសាធារណជន សមាគមទេសចរណ៍ ប្រតិបត្តិករ ទេសចរណ៍ ផ្នែកឯកជន ដៃគូអភិវឌ្ឍ អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ឲ្យបានជ្រាបថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ដើម្បីអបអរសាទរក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ ក្រសួងទេសចរណ៍ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូន-Village Francophone> ដើម្បីតាំងបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌នៃប្រទេសសមាជិកអង្គការហ្វ្រង់កូហ្វូនី រួមជាមួយ សក្តានុពលផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍នានា ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ក្រសួងទេសចរណ៍ អញ្ជើញសាធារណជន សមាគម ឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន ដៃគូអភិវឌ្ឍ អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ- អន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ត្រៀមចូលរួមឱ្យបានច្រើនកុះករ និងជួយផ្សព្វផ្សាយព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូន-Village Francophone» ខាងលើឲ្យបានទូលំទូលាយ សំដៅទាក់ទាញទេសចរ ឲ្យមកទស្សនា «កម្ពុជា - ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង» កាន់តែច្រើន៕







