មណ្ឌលភៀសសឹកវត្តបាក់កាំ និងមណ្ឌលភៀសសឹកវត្តទួលអណ្តែត ក្នុងខេត្តព្រះវិហារ រៀបចំពិធីអបអរសាទរ ខួបលើកទី១១៥ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦
05-03-2026 21:12
(ព្រះវិហារ)៖ មន្ទីរកិច្ចការនារីខេត្តព្រះវិហារ សហការជាមួយអង្គការអាដ្រាកម្ពុជា ប្រចាំខេត្តព្រះវិហារ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីអបអរសាទរ ខួបលើកទី១១៥ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ» នៅតាមមណ្ឌលសុវត្ថិភាពក្នុងខេត្តព្រះវិហារ ដើម្បីសម្ដែងនូវការយកចិត្តទុកដាក់ លើកកម្ពស់តម្លៃស្ត្រី និងផ្តល់កម្លាំងចិត្តដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ឱ្យទទួលបាននូវភាពកក់ក្តៅ និងសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។
ពិធីនេះបានរៀបចំឡើងនៅទីតាំង២ផ្សេងគ្នា ទី១ នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ហៅវត្តបាក់កាំ ក្រោមអធិបតីភាព លោក សុខ សានតារ៉ា អភិបាលរងខេត្តព្រះវិហារ និងជាប្រធានមណ្ឌល និងទី២ នៅមណ្ឌលសុវត្ថិភាពវត្តឧត្តរគិរីទួលអណ្ដែត ហៅវត្តថ្នល់បែក ក្រោមអធិបតីភាព លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ និងជាប្រធានមណ្ឌល។
លោក សុខ សាន្តតារ៉ា ប្រធានមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ហៅវត្តបាក់កាំ បានថ្លែងថា ការរៀបចំពិធីអបអរសាទរ ខួបលើកទី១១៥ ទិវានារីអន្តរជាតិ ៨មីនា នៅមណ្ឌលសុវត្ថិភាពនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់រដ្ឋបាលខេត្ត រាជរដ្ឋាភិបាល ក៏ដូចជាអង្គការដៃគូ ចំពោះស្ត្រី និងគ្រួសារ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព។លោកថាកម្មវិធីនេះបានរួមចំណែកលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានទំនុកចិត្ត និងភាពកក់ក្តៅក្នុងការរស់នៅ និងបន្តជីវភាពប្រចាំថ្ងៃ។
ចំណែកលោក មិន ស៊ីថា ប្រធានមណ្ឌលសុវត្ថិភាពវត្តឧត្តរគិរីទួលអណ្ដែត ហៅវត្តថ្នល់បែក បានថ្លែងថា ទិវានារីអន្តរជាតិ ៨មីនា គឺជាឱកាសដ៏មានសារៈសំខាន់ ក្នុងការលើកកម្ពស់តម្លៃ តួនាទី និងសិទ្ធិស្ត្រីនៅក្នុងសង្គម។ការរៀបចំពិធីអបអរសាទរនេះ មិនត្រឹមតែជាការបង្ហាញពីការយកចិត្តទុកដាក់ចំពោះស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់កម្លាំងចិត្ត និងក្តីសង្ឃឹមដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ឱ្យមានភាពកក់ក្តៅ និងសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។
ក្នុងឱកាសនៃពិធីអបអរសាទរនោះ មន្ទីរកិច្ចការនារីខេត្តព្រះវិហារ ក៏បាននាំយកអំណោយមនុស្សធម៌ ដែលទទួលបានពីការឧបត្ថម្ភរបស់អង្គការដៃគូ និងសប្បុរសជននានា ចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក ដើម្បីជាការលើកទឹកចិត្ត និងសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។
ពិធីនេះក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរ និងអង្គការដៃគូ ចំពោះសុខុមាលភាព និងសុវត្ថិភាពរបស់ស្ត្រី និងគ្រួសារ ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាពក្នុងខេត្តព្រះវិហារ៕






















