អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា បន្តចុះពិនិត្យស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ដើម្បីត្រួតពិនិត្យជាក់ស្តែងគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃ មកលើកម្ពុជា

05-03-2026 21:14

(ព្រះវិហារ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ គណៈប្រតិភូអនុព័ន្ធយោធាបរទេស ១២ប្រទេសប្រចាំកម្ពុជា បានបន្តចុះត្រួតពិនិត្យស្ថានការណ៍ជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ដើម្បីត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃ មកលើកម្ពុជាកាលពីឆ្នាំ២០២៥កន្លងទៅ និងស្ថានការណ៍នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលបានចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។

មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានធ្វើបទបង្ហាញជូនគណៈប្រតិភូទាំង ១២ប្រទេស អំពីប្រភេទគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងប្រភេទគ្រាប់បានប្រើប្រាស់មានសរុប ១ ២២៣គ្រាប់ ត្រូវបានរកឃើញនៅក្នុងបរិវេណប្រាសាទព្រះវិហារ ដែលជាគ្រាប់របស់យោធាថៃ បានប្រើប្រាស់ក្នុងអំឡុងពេលវាយប្រហារមកលើប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាមរតកវប្បធម៌ប្រវត្តិសាស្រ្តដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ។

សូមគូសបញ្ជាក់បន្ថែមផងដែរថា សកម្មភាពបោសសម្អាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមរបស់មជ្ឈមណ្ឌលស៊ីម៉ាក់ (CMAC) ត្រូវបានអនុវត្តឡើងតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងបានកំណត់ថាជាកិច្ចការចាំបាច់អាទិភាព ក្នុងការធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ៕