កម្មវិធីអភិវឌ្ឍន៍អ្នកតម្រង់ទិសសម្រាប់សហគ្រិន បានដាក់ដំណើរការជាផ្លូវការ ដើម្បីពង្រឹងគុណភាពការតម្រង់ទិស និងគាំទ្រការអភិវឌ្ឍន៍សហគ្រិនភាពនៅកម្ពុជា
05-03-2026 21:25
(ភ្នំពេញ)៖ «កម្មវិធីអភិវឌ្ឍន៍អ្នកតម្រង់ទិសសម្រាប់សហគ្រិន» (Entrepreneurship Mentor Development Program) ដែលគាំទ្រដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង មូលនិធិ ស.អ. បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ ដើម្បីគាំទ្រការអភិវឌ្ឍន៍សហគ្រិនភាព ការរីកលូតលាស់នៃអាជីវកម្ម និងជួយពង្រឹងនវានុវត្តន៍នៃប្រព័ន្ធអេកូឡូស៊ីឲ្យកាន់តែរឹងមាំ។
កម្មវិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលបច្ចេកវិទ្យា (ATC) ក្រោមកិច្ចសហការជាមួយ Sasakawa Peace Foundation (SPF) និងអង្គការស្វីសខន់ថាក់កម្ពុជា (Swisscontact Cambodia) តាមរយៈគម្រោងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងការវិនិយោគ (3Ei) ដែលទទួលបានការគាំទ្រថវិកាពី សហគ្រិនខ្មែរ (Khmer Enterprise) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) និង ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។
ការផ្ដល់ការតម្រង់ទិស (Mentorship) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការអភិវឌ្ឍន៍សហគ្រិនភាព ការរីកលូតលាស់នៃអាជីវកម្ម និងជួយពង្រឹងនវានុវត្តន៍នៃប្រព័ន្ធអេកូឡូស៊ីឲ្យកាន់តែរឹងមាំ។ អ្នកតម្រង់ទិសដែលមានប្រសិទ្ធភាព មិនត្រឹមតែផ្ដល់ការណែនាំផ្នែកបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយតម្រង់ទិសដៅយុទ្ធសាស្ត្រ និងផ្ដល់នូវបទពិសោធន៍ជាក់ស្ដែង ដើម្បីជួយសហគ្រិនក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅដំណាក់កាលដំបូង។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសកម្ពុជា គុណភាពនៃការតម្រង់ទិសនៅមានកម្រិត ដោយសារកង្វះខាតនូវការកំណត់ស្ដង់ដារសមត្ថភាព និងយន្តការធានាគុណភាពច្បាស់លាស់។
ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ «កម្មវិធីអភិវឌ្ឍន៍អ្នកតម្រង់ទិសសម្រាប់សហគ្រិន» ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងគុណភាព និងប្រសិទ្ធភាពរបស់អ្នកតម្រង់ទិស តាមរយៈការបង្កើនសមត្ថភាពរបស់ពួកគាត់ ក្នុងការផ្ដល់ការគាំទ្រដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ស្របតាមតម្រូវការជាក់ស្ដែងរបស់សហគ្រិនក្នុងដំណាក់កាលចាប់ផ្ដើមអាជីវកម្មដំបូង។ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីកសាងសមត្ថភាព និងសង្គតិភាព (ភាពស៊ីចង្វាក់គ្នា) របស់អ្នកតម្រង់ទិស តាមរយៈការរួមបញ្ចូលគ្នារវាងការបណ្ដុះបណ្តាលចំគោលដៅ ការអនុវត្តការតម្រង់ទិសជាក់ស្ដែង និងការបង្កើតបណ្ដាញទំនាក់ទំនង។
ថ្លែងក្នុងពិធីដាក់សម្ពោធជាផ្លូវការនូវកម្មវិធីអភិវឌ្ឍន៍អ្នកតម្រង់ទិសសម្រាប់សហគ្រិន លោក សូ វិសុទ្ធី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា កម្មវិធីអភិវឌ្ឍន៍អ្នកតម្រង់ទិសសម្រាប់សហគ្រិន មានសារៈសំខាន់ណាស់ក្នុងការ ពង្រឹងសហគ្រិនភាព និងវិស័យនវានុវត្តន៍នៅកម្ពុជាឱ្យកាន់តែរឹងមាំ។
កម្មវិធីមានគោលបំណងផ្តល់ «វិញ្ញាបនបត្របញ្ជាក់សមត្ថភាពអ្នកតម្រង់ទិសថ្នាក់ជាតិ» ដើម្បីទទួលស្គាល់អ្នកផ្ដល់ការតម្រង់ទិសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាផ្លូវការសម្រាប់គាំទ្រ ធុរកិច្ចថ្មី (startups) និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅទូទាំងប្រទេសកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងនេះ នឹងរួមចំណែកដល់ការបង្កើតប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានបរិយាបន្ន និងនិរន្តរភាព ព្រមទាំងជំរុញកិច្ចសហការបន្តបន្ទាប់តាមរយៈបណ្ដាញអតីតអ្នកតម្រង់ទិស (Alumni Network)។
ក្នុងពិធីនេះ បានបង្កើតឱកាសឱ្យមានការជួបជុំអ្នកតម្រង់ទិស សហគ្រិន អង្គការគាំទ្រប្រព័ន្ធអេកូឡូស៊ី ដៃគូអភិវឌ្ឍន៍ និងតំណាងរាជរដ្ឋាភិបាល ដើម្បីណែនាំអំពីគោលបំណង វិធីសាស្ត្រអនុវត្ត និងលទ្ធផលរំពឹងទុកនៃកម្មវិធី រួមទាំងការប្រកាសបើកទទួលពាក្យសម្រាប់អ្នកតម្រង់ទិសដែលមានបំណងចង់ចូលរួម។ កម្មវិធីនេះ មានគោលបំណងទាក់ទាញអ្នកតម្រង់ទិសដែលមានឆន្ទៈក្នុងការគាំទ្រសហគ្រិន តាមរយៈការផ្ដល់ការណែនាំជាក់ស្ដែង និងការចែករំលែកបទពិសោធន៍។
ការដាក់សម្ពោធ «កម្មវិធីអភិវឌ្ឍន៍អ្នកតម្រង់ទិសសម្រាប់សហគ្រិន» នេះ គឺជាជំហានដ៏សំខាន់មួយក្នុងការបង្កើនគុណភាពនៃការគាំទ្រតាមរយៈការតម្រង់ទិស នៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់កម្ពុជា៕


















