មនុស្សជាង ៨ម៉ឺននាក់ ត្រូវជម្លៀសចេញពីភាគខាងត្បូងលីបង់ ស្របពេលការវាយប្រហាររបស់អ៉ីស្រាអែលកាន់តែខ្លាំងក្លា (Video inside)

05-03-2026 21:28

(ឌូបៃ)៖ មនុស្សរាប់ម៉ឺននាក់ត្រូវបានបង្ខំឱ្យជម្លៀសខ្លួនចេញពីផ្ទះសម្បែង បន្ទាប់ពីយោធាអ៉ីស្រាអែលបានប្រកាសកំណត់យក ៨ភាគរយនៃផ្ទៃដីភាគខាងត្បូងទន្លេ Litani របស់លីបង់ ជាតំបន់ប្រយុទ្ធសកម្ម។ កាលពីយប់ថ្ងៃព្រហស្បតិ៍ ការព្រមាននេះត្រូវបានពង្រីកវិសាលភាពរហូតដល់តំបន់ Dahiya នៅជាយរដ្ឋធានីបេរូត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

យោធាអ៉ីស្រាអែលបានចេញសារព្រមានជាភាសាអារ៉ាប់ ជំរុញឱ្យអ្នកស្រុកភាគខាងត្បូងលីបង់ទាំងអស់ ជម្លៀសឡើងទៅភាគខាងជើងទន្លេ Litani ជាបន្ទាន់ ដើម្បីធានាសុវត្ថិភាពអាយុជីវិត ដោយហាមដាច់ខាតមិនឱ្យនៅក្បែរទីតាំង ឬសមាជិកក្រុមហេសបូឡាឡើយ។ ឆ្លើយតបនឹងស្ថានភាពនេះ រដ្ឋមន្ត្រីកិច្ចការសង្គមលីបង់ លោកស្រី Haneen Sayed បានបញ្ជាក់ថា ពលរដ្ឋរហូតដល់ ៨៣,៨៤៧នាក់ បានទៅចុះឈ្មោះជ្រកកោននៅតាមមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ចំនួន ៣៩៩កន្លែង នៅទូទាំងប្រទេសរួចហើយ។

គួរបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃចន្ទមក មនុស្សយ៉ាងហោចណាស់ ៧២នាក់បានស្លាប់ និង ៤៣៧នាក់រងរបួស ក្នុងការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែល។ អំពើហិង្សានេះផ្ទុះឡើង ក្រោយក្រុមហេសបូឡាបាញ់ស្រោចរ៉ុក្កែតចូលអ៉ីស្រាអែល ដើម្បីសងសឹកការស្លាប់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាលី ខាមេណី៕