ក្រសួងការងារ៖ កម្មកររោងចក្រស៊ីហាវ ២៩នាក់ បានជាសះស្បើយចេញទៅផ្ទះវិញ
06-03-2026 10:04
(ភ្នំពេញ)៖ គិតត្រឹមម៉ោង ១១ព្រឹកថ្ងៃទី៥ ខែមីនានេះ កម្មករនិយោជិតនៃរោងចក្រស៊ី ហាវ ហ៊ែនប៊ែក ឯ.ក ដែលមានអាស័យដ្ឋាននៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល សរុប ២៩នាក់បានជាសះស្បើយនិងត្រឡប់ទៅផ្ទះវិញហើយ ខណៈកម្មករម្នាក់ទៀតកំពុងសម្រាកបន្តនៅមន្ទីពេទ្យបង្អែកប៊ុន រ៉ានី ហ៊ុនសែន រការកោង។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ស៊ុន មេសា បានថ្លែងថា ក្រសួងការងារដែលជាអាណាព្យាបាលរបស់កម្មករតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះបងប្អូនកម្មករ។ សូមបន្តជឿជាក់មកក្រសួងការងារ និងសូមផ្តល់ដំណឹងមកក្រសួងក្នុងករណីរោងចក្រមានបរិយាកាសកើនកំដៅតាមរយៈ១២៨៦ ឬ១២៩៧ ឬតាមបណ្តឹងអណាមឹក៕





