ក្រសួងបរិស្ថាន រកឃើញថាក្រុមហ៊ុន Guo Binfen (Cambodia) នៅខេត្តកំពង់ស្ពឺ ខ្វះខាតផ្នែកបច្ចេកទេស និងល្មើសច្បាប់បរិស្ថាន
06-03-2026 10:58
(កំពង់ស្ពឺ)៖ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីតំណាង បរិស្ថានខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកភ្នំស្រួច រដ្ឋបាលឃុំអូរ អាជ្ញាធរភូមិក្រាំងតាតន់ និងអ្នកសារព័ត៌មាន បានចុះត្រួតពិនិត្យ និងរកឃើញក្រុមហ៊ុន Guo Binfen (Cambodia) Food Co., Ltd. ស្ថិតនៅភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបង្កផលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។
ក្រុមការងារបានរកឃើញ ការរៀបចំប្រព័ន្ធបង្ហូរសំណល់រាវ ដើម្បីចូលទៅក្នុងអាងប្រព្រឹត្តិកម្ម មានលក្ខណៈប្រាស់ចាក ពីក្នុងរបាយការណ៍ EIA ដំបូង ជាហេតុបង្កឱ្យមានការបញ្ចេញក្លិនស្អុយ (ជូរផ្អូម)។
ជាមួយគ្នាក្រុមហ៊ុនបានដំណើរប្រតិបត្តិការអាងសម្អាត ពុំអនុលោមតាមគោលកាណ៍បច្ចេកទេស និងម្យ៉ាងទៀត សមត្ថភាពអាងសម្អាត មានលក្ខណៈមិនឆ្លើយតបនឹងបរិមាណសំណល់រាវ ដែលបង្កើតមានជាក់ស្តែងល្មើសនឹងមាត្រា២៨៧ នៃក្រមបរិស្ថាន និងគ្មានលិខិតអនុញ្ញាតបញ្ចេញសំណល់ល្មើសនឹងមាត្រា ១៧៣ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ កន្លងមកនេះក្រុមហ៊ុនបានបញ្ចេញសំណល់រាវលើសស្តង់ដារ ល្មើសនឹងមាត្រា១៥៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។
ចំពោះបទល្មើសខាងលើក្រសួងបរិស្ថាន បានចាត់វិធានការអនុវត្តបន្ត ចំពោះក្រុមហ៊ុន មួយចំនួនដូចតទៅ៖
១- ត្រូវបញ្ឈប់ការបង្ហូរសំណល់រាវពីផ្នែកផលិតកម្ម ទៅស្តុកក្នុងស្រះដី ដែលស្ថិតនៅក្រៅបរិវេណទីតាំងក្រុមហ៊ុន ចាប់ពីពេលនេះតទៅ ដើម្បីជៀសវាងបង្កប៉ះពាល់ដល់បរិស្ថាន (ប្រភពទឹកក្រោមដី និងក្លិនស្អុយ) និងដីស្រែប្រជាពលរដ្ឋ
២- ត្រូវពិនិត្យ និងរៀបចំកែសម្រួលអាងប្រព្រឹត្តិកម្មសំណល់រាវឡើងវិញ ដើម្បីឱ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការសម្អាតសំណល់រាវ ឆ្លើយតបនឹងស្តង់ដារ
៣- ត្រូវពិន័យអន្ដរការណ៍ ដោយអនុលោមមាត្រា៨២៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងប្រកាសអន្តរក្រសួងលេខ ១០៧០ ស្តីពីការពិន័យអន្តរការណ៍ដោយក្រសួងបរិស្ថាន ចំពោះករណីល្មើសនឹងមាត្រា១៥៦ មាត្រា ១៦១ និងមាត្រា១៧៣ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។
៤- ត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ និងរបាយការណ៍បញ្ជាក់គុណភាពខ្យល់ក្នុងអគារ៕






















