លោក លឹម សុវណ្ណរិទ្ធ៖ បើរបបអ៊ីស្លាមនៅអ៊ីរ៉ង់ ដួលរលំសង្គ្រាមសាសនា ការវាយប្រហារប្រឆាំងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត នឹងរីករាលដាលនៅក្នុងតំបន់នេះ

06-03-2026 11:43

(ភ្នំពេញ)៖ លោកបណ្ឌិត លឹម សុវណ្ណរិទ្ធ គ្រូបង្រៀនមុខវិទ្យសាស្រ្តនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ក្រោយកិច្ចចរចាការទូតរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅតែបន្ត ប៉ុន្តែនៅមិនទាន់ទទួលបានលទ្ធផលជាទីគាប់ចិត្ត ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាសម្ព័ន្ធមិត្តបានចាប់ផ្ដើមវាយប្រហារទ្រង់ទ្រាយធំទៅលើអ៊ីរ៉ង់ជាមហាអំណាចនៅតំបន់អារ៉ាប់។ សហរដ្ឋអាមេរិក បានហៅប្រតិបត្តិការនេះថា "Epic Fury" ខណៈដែលអ៊ីស្រាអែលហៅវាថា "Lion's Roar"។

នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់នេះ មេដឹកនាំសាសនា លោក អាលី ខាមេនី មេបញ្ជាការអ៊ីរ៉ង់ ប្រមាណ៣០នាក់ និងយ៉ាងហោចណាស់ មេដឹកនាំកំពូលទាំង៣ក្នុងចំណោមទាំង៥ផ្សេងទៀតនៅក្នុងក្រុមប្រឹក្សាការពារជាតិអ៊ីរ៉ង់ ត្រូវបានសម្លាប់។ ក្រោយការវាយប្រហារក្នុងទ្រង់ទ្រាយធំធ្វើឡើងដោយសហរដ្ឋអាម៉េរិកនិងសម្ព័ន្ធនាពេលនេះ អ៊ីរ៉ង់បានបើកការវាយប្រហារតបតទៅវិញ ទៅលើប្រទេសអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ ដែលសរុបមានប្រទេសយ៉ាងតិច១១ (ដូចជា អារ៉ាប៊ីសាអូឌីត កាតា បារ៉ែន អារ៉ាប់រួម គុយវ៉ែត អូម៉ង់ និងហ្សកដានីជាដើម) ដែលជាហេតុធ្វើឱ្យសង្គ្រាមអាមេរិក-អ៊ីស្រាអែល-អ៊ីរ៉ង់ ត្រូវបានទាញចូលក្នុងសង្គ្រាមដ៏ស្រួចស្រាល់និងជាសង្គ្រាមឥតប្រកាសជាមុននេះ។

សង្គ្រាមប្រឆាំងនឹងរដ្ឋាភិបាលអ៊ីស្លាមអ៊ីរ៉ង់នេះ ត្រូវបានលោក ដូណាល់ ត្រាំ អះអាងថា ធ្វើឡើងដោយសារហេតុផលរដ្ឋាភិបាលអ៊ីរ៉ង់មិនព្រមបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរ ហើយអ៊ីរ៉ង់បានអះអាងថាខ្លួនកំពុងអភិវឌ្ឍមីស៊ីលចម្ងាយឆ្ងាយ ដែលអាចគំរាមកំហែងដល់សន្តិសុខអឺរ៉ុប កងទ័ពសហរដ្ឋអាម៉េរិកនៅក្រៅប្រទេស និងអាចវាយប្រហារទៅដល់ទឹកដីសហរដ្ឋអាម៉េរិកឆាប់ៗនេះ។

ប្រធានាធិបតីសហរដ្ឋអាម៉េរិក ក៏បានគូសរំឭកឡើងអំពីវិបត្តិចំណាប់ខ្មាំងឆ្នាំ១៩៧៩នៅអ៊ីរ៉ង់ និងការទម្លាក់គ្រាប់បែកលើស្ថានទូតអាមេរិកនៅប៉េរូត ឆ្នាំ១៩៨៣ផងដែរ។ ហេតុផលចម្បងដែលលោក ដូណាល់ត្រាំ បានថ្លែងសង្កត់ធ្ងន់គឺ «ដើម្បីការពារប្រជាជនអាមេរិក ដោយលុបបំបាត់ការគំរាមកំហែងដែលជិតមកដល់ពីរបបអ៊ីរ៉ង់»។ នៅមុនការវាយប្រហារយោធារួមគ្នាជាមួយអ៊ីស្រាអែលនេះ លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានព្រមានថាខ្លួននឹងអន្តរាគមន៍យោធា បើមេដឹកនាំអ៊ីរ៉ង់សម្លាប់ប្រជាជនដែលតវ៉ាប្រឆាំងរបបនេះ ហើយមេដឹកនាំអ៊ីស្រាអែល ក៏ធ្លាប់បានលើកឡើងផងដែរថា អ៊ីស្រាអែលអាចនឹងវាយប្រហារអ៊ីរ៉ង់ជាមុន ដើម្បីការពារខ្លួន បើទោះបីជាសហរដ្ឋអាម៉េរិកប្ដូរចិត្តមិនវាយប្រហារលើអ៊ីរ៉ង់ក៏ដោយក្ដី។

នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួន ទាំងប្រធានាធិបតីសហដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ែនចាមីន នេតាន់យ៉ាហ៊ូ បានបង្ហាញពីក្តីសង្ឃឹមរបស់ពួកគេចំពោះការផ្លាស់ប្តូររបបនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលការប្រកាសនេះ បានធ្វើឡើងសូម្បីតែនៅមុនពេលមានការបញ្ជាក់អំពីការស្លាប់របស់ប្រមុខដឹកនាំសាសនាអ៊ីរ៉ង់ លោក អាលី ខាមេនី ក៏ដោយ។

គួរបញ្ជាក់ផងដែរថា ក្រៅពីអាមេរិកនិងអ៊ីស្រាអែល ដែលចូលរួមដោយផ្ទាល់ក្នុងប្រតិបត្តិការនេះ និងក្រុមប្រទេសដែលមានតាំងមូលដ្ឋានទ័ពសហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពក្នុងប្រទេសខ្លួនប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នោះ ប្រទេសបារាំង និងអង់គ្លេស ដែលជាមហាអំណាចពិភពលោក និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានចេញមុខអះអាងពីលទ្ធភាពនៃការអន្តរាគមន៍យោធា ចូលរួមលុបបំបាត់សមត្ថភាពឆ្លើយតបខាងយោធារបស់អ៊ីរ៉ង់ ដើម្បីការពារសម្ព័ន្ធមិត្ត និងការពារប្រជាជនរបស់ខ្លួនពីការវាយប្រហារផងដែរ។

មានន័យថា សង្គ្រាមអាមេរិកនិងអ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ នឹងរីករាលដាលទៅជាសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល ហើយមហាអំណាចបស្ចិមប្រទេសនឹងលូកដៃចូលរួមកាន់តែជ្រៅបន្ថែមទៀត ដែលជាហេតុទាញឱ្យសង្គ្រាមនេះក្លាយទៅជាសង្គមខ្ចីដៃ (Proxy War) ដែលមហាអំណាចដទៃទៀតអាចនឹងលូកដៃចូលជាបន្តបន្ទាប់ ព្រោះគេអាចមើលឃើញបានថា នេះមិនត្រឹមតែជាសង្គ្រាមប្រឆាំងនឹងរបបអ៊ីស្លាមអ៊ីរ៉ង់ដែលត្រូវបានអាម៉េរិកអះអាងថា ដើម្បីការពារសុវត្ថិភាពកងទ័ពនិងប្រជាជនខ្លួន ក៏ដូចជាអឺរ៉ុបប៉ុណ្ណោះទេ តែក៏នឹងអាចក្លាយទៅជាសង្គ្រាមប្រឆាំងឥទ្ធិពលមហាអំណាចខាងកើត ចេញពីតំបន់ជម្រុកប្រេងរបស់ពិភពលោកមួយនេះផងដែរ។

សង្គ្រាមរបស់អាមេរិកនិងអ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ ក៏ទំនងគឺជាចំណែកមួយនៃយុទ្ធសាស្ត្រពង្រឹងឥទ្ធិពលអាមេរិកនិងសម្ព័ន្ធមិត្តនៅក្នុងតំបន់ផងដែរ ដោយគេអាចមើលឃើញបានថា ក្រោយការដួលរលំរបបអាសាដនៅស៊ីរីដែលស្និទ្ធនឹងរុស្ស៊ីនិងអ៊ីរ៉ង់ អ៊ីស្រាអែលជាសត្រូវសួរពូជនឹងអ៊ីរ៉ង់ និងដែលតែងតែព្រួយបារម្ភចំពោះការគាំទ្ររបស់អ៊ីរ៉ង់ដល់ក្រុមសកម្មប្រយុទ្ធនៅមជ្ឈិមបូព៌ា និងការកើនឡើងនូវសមត្ថភាពវាយប្រហាររបស់កងទ័ពឆ្មាំបដិវត្តន៍ ព្រមទាំងលទ្ធភាពដែលអ៊ីរ៉ង់អាចក្លាយទៅជារដ្ឋនុយក្លេអ៊ែរដែលជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខអ៊ីស្រាអែល។

ត្រង់ចំណុចនេះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក នេតាន់យ៉ាហ៊ូ ក៏ធ្លាប់បានលើកឡើងផងដែរថា របបអ៊ីស្លាម មិនត្រូវបានអនុញ្ញាតឱ្យមាននុយក្លេអ៊ែរទេ។ បន្ថែមពីនេះ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាមហាអំណាចតំបន់អារ៉ាប់ និងជាប្រទេសនាំមុខគេក្នុងក្រុមប្រទេសអ៊ីស្លាមនិកាយស៊ុននី ក៏ត្រូវបានដាក់ឱ្យប្រឈម និងទទួលរងការវាយប្រហារពីសំណាក់ប្រទេសអ៊ីរ៉ង់ ជាប្រទេសបងធំក្នុងតំបន់ដែលប្រកាន់សាសនាអ៊ីស្លាមនិកាយស្ហ៊ីតផងដែរ។ គេអាចហៅថា ចាត់ទុកថានេះជាសង្គ្រាមបោសសម្អាតការគំរាមកំហែងសម្រាប់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត នៅក្នុងតំបន់ក្រុមប្រទេសនាំចេញប្រេងដ៏សំខាន់របស់ពិភពលោក ខណៈដែលប្រទេសអ៊ីរ៉ង់ ត្រូវបានគេមើលឃើញថា បានឈរនៅពីក្រោយខ្នងគាំទ្រដល់ក្រុមប្រដាប់អាវុធនានាដូចជា ក្រុមហាម៉ាស់នៅប៉ាឡេស្ទីន ក្រុមហេសប៊ូឡានៅលីបង់ ក្រុមហួទីនៅយេម៉េន និងក្រុមប្រដាប់អាវុធផ្សេងៗទៀតនៅក្នុងអ៊ីរ៉ាក់និងស៊ីរីជាដើម។

ហេតុផលមួយទៀត ដែលសហរដ្ឋអាមេរិក សម្រេចធ្វើសង្គ្រាមដោយប្រើប្រាស់សព្វាវុធនិងកងនាវាផ្ទុកយន្តហោះដែលមានទ្រង់ទ្រាយធំមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនោះ ក៏ទំនងដោយសារសហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោក ដូណាល់ត្រាំ បានសម្លឹងមើលផលប្រយោជន៍បានមកពីស្តុកប្រេងដ៏សម្បើម និងធនធានធម្មជាតិនានានៅក្នុងប្រទេសនេះផងដែរ ខណៈដែលអ៊ីរ៉ង់គឺជាមហាអំណាចកាន់កាប់ស្តុកប្រេងលំដាប់ទី៣របស់ពិភពលោក។

បន្ថែមពីនេះ សង្គ្រាមដ៏ធំដែលមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍សម្ព័ន្ធមិត្ត និងទទួលបានការគាំទ្រពីសម្ព័ន្ធមិត្តសំខាន់ពីរនៅក្នុងតំបន់នេះគឺ អ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីតនោះ ក៏នឹងបម្រើគោលបំណងរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលតែងតែសម្លឹងឃើញផលប្រយោជន៍សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ស្ទើនៅគ្រប់ការសម្រេចចិត្តនោះ អាម៉េរិកយល់ឃើញថា ប្រសិនបើខ្លួនអាចវាយបំបាក់កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់និងដាក់ឱ្យរដ្ឋាភិបាលថ្មីស្ថិតនៅក្រោមឥទ្ធិពលរបស់ខ្លួន នោះការគ្រប់គ្រងទីតាំងភូមិសាស្ត្រដ៏មានសារៈប្រយោជន៍របស់ពិភពលោកនឹងលែងស្ថិតនៅក្នុងដៃគូសត្រូវរបស់ខ្លួនទៀតឡើយ ខណៈដែលច្រកសមុទ្រហូម៉ូស គឺច្រកនាំប្រេងចេញពីតំបន់មជ្ឈិមបូព៌ាដ៏សំខាន់របស់ពិភពលោក និងជាច្រកកំណត់ស្ថិរភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មសាកល។

ចំណុចសំខាន់មួយទៀតនៃការបើកសង្គ្រាមទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ សហរដ្ឋអាមេរិកក៏ប្រហែលជាមានបំណងយកអន្តរាគមន៍យោធានាពេលនេះ ដើម្បីបន្តបង្ហាញអានុភាពសព្វាវុធរបស់អាមេរិក ល្បងជាមួយនឹងសមត្ថភាពខែលប្រឆាំងមីស៊ីលរបស់ចិននិងសហព័ន្ធរុស្ស៊ី ដើម្បីទីផ្សារសព្វាវុធពិភពលោកផងដែរ ខណៈដែលខ្លួនធ្លាប់បានបង្អួតឫទ្ធានុភាពម្ដងរួចមកហើយ នៅក្នុងប្រតិបត្តិការចាប់ខ្លួនមេដឹកនាំវេណេហ្ស៊ូអេឡា។

សម្រាប់នៅក្នុងដំណាក់កាលដំបូងនៃសង្គ្រាមប្រឆាំងរដ្ឋាភិបាលអ៊ីស្លាមអ៊ីរ៉ង់នាពេលនេះ គេមើលឃើញថា បច្ចេកវិទ្យារំខានការចាប់សញ្ញានៃប្រព័ន្ធខែលមីស៊ីលចិននិងរុស្ស៊ី ដែលត្រូវបំពាក់លើយន្តហោះ EA-18G ពិតជាបានបង្ហាញនូវប្រសិទ្ធភាពរបស់ខ្លួនជាថ្មី ដើម្បីគាំទ្រដល់ប្រតិបត្តិការសឹកនៃយន្តហោះចម្បាំងជំនាន់ថ្មីទាំងពីរគឺ F-35 និង F-22 រួមជាមួយនឹងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-2 ដែលមានរហស្សនាម «ខ្មោចអាកាស» របស់មហាអំណាចយោធាទីមួយពិភពលោកមួយនេះ។

ទោះជាយ៉ាងណា អន្តរាគមន៍យោធាប្រឆាំងនឹងរបបអ៊ីស្លាមអ៊ីរ៉ង់ ពីសំណាក់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនាពេលនេះ ក៏ត្រូវបានធ្វើឡើងនៅមុនការឈានទៅសម្រេចកិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់និងចិន ដែលអ៊ីរ៉ង់មានបំណងទិញមីស៊ីលអ៊ីពែសូនិក (ល្បឿងលឿនជាងសម្លេង) ឈ្មោះ CM-302 របស់ចិន ដែលមហាអំណាចមួយនេះធ្លាប់បានអះអាងថា អាចវាយប្រហារលើនាវាចម្បាំងសហរដ្ឋអាមេរិក បានយ៉ាងមានប្រសិទ្ធភាពផងដែរ។

នៅក្នុងចំណែកមួយផ្សេងទៀតសម្រាប់លោក ដូណាល់ ត្រាំ សង្គ្រាមប្រឆាំងអ៊ីរ៉ង់នាពេលនេះ ក៏ទំនងជានៅក្នុងហេតុផលមួយដែលប្រធានាធិបតីរូបនេះ ចង់បង្ហាញឱ្យគេមើលឃើញឧត្ដមភាពនិងកិត្យានុភាពជាមហាអំណាចពិភពលោករបស់សហរដ្ឋអាមេរិក ក្នុងអាណត្តិដឹកនាំរបស់លោក ព្រោះលោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់មេដឹកនាំអាមេរិកមុនៗជាច្រើនលើកច្រើនសារមកហើយថា បានធ្វើសម្បទានច្រើនខ្លាំងពេកទៅឱ្យអ៊ីរ៉ង់ ដែលហាក់មិនញញើតនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិកជាមហាអំណាចទីមួយពិភពលោកទាល់តែសោះ។ ត្រង់ចំណុចនេះ គេអាចនឹកឃើញនូវពាក្យស្លោកនយោបាយដ៏លេចធ្លោមួយ ដែលលោកត្រាំ តែងតែអះអាងម្ដងហើយម្ដងទៀតថា លោកនឹងធ្វើឱ្យសហរដ្ឋអាមេរិកអស្ចារ្យឡើងវិញ (Make American Great again)។

ទោះជាយ៉ាងណា គេជឿជាក់ថា សហរដ្ឋអាមេរិកអាចនឹងមិនលូកដៃចូលសង្គ្រាមដែលត្រូវអូសបន្លាយពេលវេលាយូរនោះទេ។ សហរដ្ឋអាមេរិក ទំនងជានឹងទម្លាក់តួនាទីបន្តសង្គ្រាមនេះឱ្យអ៊ីស្រាអែល ដែលជាប្រទេសប្រឈមនឹងបញ្ហាសន្តិសុខដោយផ្ទាល់និងខ្លាំងជាងគេពីសំណាក់អ៊ីរ៉ង់។ បន្ថែមពីនេះ លោក ដូណាល់ត្រាំ ដែលបានប្រកាសពីការគាំទ្ររបស់ខ្លួនចំពោះពលរដ្ឋអ៊ីរ៉ង់ ដែលធ្លាប់បានចេញបាតុកម្មតវ៉ាទាមទារផ្ដួលរំលំរបប លោក អាលី ខាមេនី និងពលរដ្ឋអ៊ីរ៉ង់ដែលកំពុងស្រេកឃ្លានប្រជាធិបតេយ្យនិងសេរីភាពនោះ ទំនងជាចង់ជំរុញឱ្យពលរដ្ឋអ៊ីរ៉ង់បន្តធ្វើសង្គ្រាមប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់ ដើម្បីបន្ថែមបន្ទុកលើរបបដឹកនាំអាយ៉ាតូឡះ និងបញ្ចៀសការចំណាយដែលអាចនឹងត្រូវបង់ថវិកាច្រើនសន្ធឹកសន្ធាប់ នៅក្នុងសង្គ្រាមផ្ដួលរំលំរបបនយោបាយនៅអ៊ីរ៉ង់។

ប្រសិនបើពលរដ្ឋអ៊ីរ៉ង់ចូលរួមនៅក្នុងសង្គ្រាមស៊ីវិលប្រឆាំងរដ្ឋាភិបាលខ្លួន នោះក្រុមប្រឆាំងអាចនឹងត្រូវបានសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបំពាក់សព្វាវុធឱ្យប្រយុទ្ធជំនួសខ្លួន ហើយសហរដ្ឋអាមេរិកអាចនឹងជួយគាំទ្រពីក្រោយដោយប្រតិបត្តិការតាមអាកាស និងរង់ចាំតែទទួលផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចដ៏មហាសាលពីប្រទេសជាបងធំក្នុងតំបន់មួយនេះ។

អ្វីដែលជាចំណោទនៅក្នុងពេលនេះគឺ តើសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តពិតជាអាចផ្ដួលរំលំរដ្ឋាភិបាលនិងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានទាំងស្រុងដែរឬទេ? ក្នុងករណីដែលរដ្ឋាភិបាលនិងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់អាចត្រូវបានផ្ដួលរំលំ ដោយគ្មានការអន្តរាគមន៍ពីរុស្ស៊ី និងចិន តើសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអាចធានាសន្តិសុខ និងការរៀបចំរដ្ឋាភិបាលថ្មីដែលអាចគ្រប់គ្រងទឹកដីនិងសន្តិសុខប្រទេសបានទាំងស្រុងដែរឬទេ? តើនេះអាចនឹងក្លាយជាការរៀបចំសណ្ដាប់ធ្នាប់តំបន់មជ្ឈិមបូព៌ាឡើងវិញ ឬជាការទាញស្ថានការណ៍តំបន់និងពិភពលោកកាន់តែធ្ងន់ធ្ងរ និងកាន់តែគ្មានសណ្ដាប់ធ្នាប់ជាងមុនបន្ថែមទៀត?

គេមិនត្រូវភ្លេចនោះទេថា រដ្ឋាភិបាលអ៊ីរ៉ង់បានផ្ដល់ការគាំទ្រដល់ក្រុមប្រដាប់អាវុធជាច្រើននៅក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីពង្រីកឥទ្ធិពលនយោបាយនិងយោធារបស់ខ្លួន ក្នុងនាមជាមហាអំណាចក្នុងតំបន់ ហើយបើទោះបីជាអាមេរិកនិងសម្ព័ន្ធមិត្តអាចយកប្រៀបឬផ្ដួលរំលំរបបនៅអ៊ីរ៉ង់បានក្ដី ក៏ការណ៍នោះមិនមែនន័យថា បញ្ហាប្រឈមរបស់អាមេរិកនិងសម្ព័ន្ធមិត្តនៅក្នុងតំបន់នេះនឹងត្រូវបានដោះស្រាយនោះទេ។

វត្តមានចលនាតស៊ូ និងកម្លាំងប្រដាប់អាវុធថ្មីៗ អាចនឹងកើតមានកាន់តែច្រើនបន្ថែមៀត ខណៈអ៊ីរ៉ង់ក៏ជាប្រទេសដែលសម្បូរទៅដោយកុលសម្ព័ន្ធជាច្រើន ដែលអាចមានការបែកបាក់គ្នាខ្លាំងផងដែរ។ បន្ថែមពីនេះ អ៊ីរ៉ង់គឺជាប្រទេសបងធំនៃក្រុមប្រទេសប្រកាន់សាសនាអ៊ីស្លាមនិកាយស៊ីនីត។ នៅក្រោយការដួលរលំរបបអ៊ីស្លាមនៅអ៊ីរ៉ង់ នឹងកាន់តែនាំមកនូវវិបត្តិកាន់តែធ្ងន់ធ្ងរ ពិសេសគឺការប្រឈមគ្នារវាងក្រុមប្រដាប់អាវុធដែលប្រកាន់និកាយសាសនាផ្សេងៗគ្នា និងអាចឈានដល់ការញុះញង់ឱ្យមានសង្គ្រាមសាសនាកាន់តែខ្លាំងក្លាបន្ថែមទៀតនៅតំបន់នេះ ហើយសកម្មភាពវាយប្រហារប្រឆាំងប្រជាជននិងផលប្រយោជន៍សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនៅក្នុងតំបន់ អាចនឹងរីករាលដាលបន្ថែមទៀតផងដែរ៕