Fresh News បន្តទទួលបណ្ណសរសើរពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន (Video inside)
06-03-2026 12:10
(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ បានបន្តផ្តល់ប័ណ្ណសរសើរ ជូនបណ្ដាញព័ត៌មាន Fresh News បន្ទាប់ពីបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
ការផ្តល់ប័ណ្ណសរសើរនេះ ធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ក្រោមសហអធិបតីភាពរបស់លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
លិខិតសរសើរដែលចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានសរសេរយ៉ាងដូច្នេះថា «សូមកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃ អង្គភាពព័ត៌មាន Fresh News ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក»។
បណ្ដាញព័ត៌មាន Fresh News បានចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយសារអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនជាប្រចាំថ្ងៃ រួមទាំងការបង្ក្រាបបទល្មើសនានា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ពិសេសយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ចាប់តាំងពីលើកទី១ រហូតដល់លើកទី១១ បច្ចុប្បន្ននេះ។
លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកបណ្ដាញព័ត៌មាន Fresh News បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជារាជរដ្ឋាភិបាល ចំពោះការផ្តល់ប័ណ្ណសរសើរដល់ Fresh News។
លោកអគ្គនាយកបានបញ្ជាក់ទៀតថា «Fresh News នៅតែបន្តប្តេជ្ញាចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងផ្សព្វផ្សាយ អប់រំ ដើម្បីរួមចំណែកលុបបំបាត់គ្រឿងញៀននៅកម្ពុជា»៕







