អគ្គីភ័យឆេះឃ្លាំងអេតចាយ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សមត្ថកិច្ចប្រើពេលជាច្រើនម៉ោងទើបគ្រប់គ្រងបាន ជាមួយទឹកជាច្រើនឡាន

06-03-2026 13:22

(កំពង់ស្ពឺ)៖ តាំងពីវេលាម៉ោងជិត៣រសៀល ថ្ងៃទី៥ ខែមីនា រហូតដល់វេលាថ្ងៃត្រង់ទី៦ ខែមីនា ឆ្នាំ២០២៦នេះ អគ្គីភ័យឆេះឃ្លាំងអេតចាយ នៅភូមិមនោរម្យ​ ឃុំហោងសំណំ​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ កម្លាំងសមត្ថកិច្ចចម្រុះគ្រប់គ្រងបានទាំងស្រុងហើយ។

ប្រតិបត្តិការសង្គ្រោះនេះ ធ្វើឡើងដោតកម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យ ស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការរថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនស៊ីម៉ង់ដែលបានរួមចំណែកអន្តរាគមន៍រហូតបានជោគជ័យ។

បើគិតមកដល់ម៉ោងនេះ កម្លាំងបានគ្រប់គ្រងបានទាំងស្រុងហើយ ដោយប្រើប្រាស់រយន្តពន្លត់ចំនួន៩គ្រឿង រួមទាំងគ្រឿងចក្រកាយចំនួន៣គ្រឿង។

សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះបណ្តាលមកពីភ្លើងឆេះព្រៃខាងក្រោយឃ្លាំងអេតចាយដ៏ធំនេះ តែសមត្ថកិច្ចនៅបន្តស្រាវជ្រាវបន្ថែមទៀតជុំវិញករណីបណ្តាលឲ្យឆេះបំផ្លាញឃ្លាងអេតចាយនេះ៕