ចិនផ្តល់ហិរញ្ញប្បទានឥតសំណង លើគម្រោងធ្វើឱ្យប្រសើរឡើង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

06-03-2026 13:25

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក្នុងនាមរដ្ឋាភិបាលចិន នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោមក្របខណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានគោលបំណងលើកកម្ពស់គុណភាព និងសមត្ថភាពក្នុងការផ្តល់សេវាសុខាភិបាល ជាពិសេសចូលរួមចំណែកផ្តល់ការគាំពារដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទំនើប ការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ និងការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល។

គម្រោងនេះគ្របដណ្តប់លើការងារសំខាន់ៗរួមមាន៖ សាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលមានគ្រែសរុបចំនួន ២០០ គ្រែ និងទំហំអគារសរុបចំនួន ១៤ ០០០ ម៉ែត្រការ៉េ ដែលបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រចាំបាច់ និងគ្រឿងសង្ហារឹម ព្រមទាំងរៀបចំប្រព័ន្ធគ្រប់គ្រងព័ត៌មានវេជ្ជសាស្ត្រ។

ឆ្លៀតក្នុងឱកាសនោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋប្រជាមានិតចិន តាមរយៈ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលតែងតែឈរជាមួយកម្ពុជា ដើម្បីជំរុញអភិវឌ្ឍវិស័យសុខាភិបាលឱ្យមានចីរភាព និងសមធម៌។ ពិធីចុះហត្ថលេខានេះ គឺជាសក្ខីភាពមួយនៃការធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន ដែលបាន និងកំពុងរួមគ្នាអនុវត្តយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដារខ្ពស់។

ជាចុងក្រោយ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបាន និងបន្ដគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៅកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែសកម្មថែមទៀត ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្នុងការខិតខំបន្តពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អ ដែលបានពូនជ្រំដោយថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យសម្រេចសមិទ្ធផលជាផ្លែផ្កាកាន់តែច្រើនបន្ថែមទៀត៕