មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖ ធុរកិច្ចថ្មីឌីជីថលមានតួនាទីសំខាន់ក្នុងការជំរុញនវានុវត្តន៍ ការបង្កើតការងារ និងកំណើនសេដ្ឋកិច្ច

06-03-2026 15:10

(ភ្នំពេញ)៖ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី “Community Series: Bridging Cambodia and Southeast Asia - Innovation and Investment Connect” ដែលសហការរៀបចំដោយមជ្ឈមណ្ឌល Plug and Play Cambodia មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP Technology Center (ATC) និង ក.ប.ទ. ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. ក្រុមហ៊ុនឯកជន ធុរកិច្ចថ្មីឌីជីថលកម្ពុជា និងនិស្សិតសរុបប្រមាណ ៥០នាក់ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។

កម្មវិធីនេះមានគោលបំណងប្រមូលផ្តុំស្ថាបនិកធុរកិច្ចថ្មីឌីជីថល វិនិយោគិន និងអ្នកពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល ដើម្បីពិភាក្សានិងស្វែងយល់អំពីឱកាសពង្រីកទីផ្សារ ការកសាងភាពជាដៃគូ និងការពង្រីកអាជីវកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្នុងនោះដែរ កម្មវិធីនេះក៏ជាផ្នែកមួយនៃការបើកកម្មវិធីពន្លឿនធុរកិច្ចថ្មីឌីជីថលរដូវកាលទី២ ដើម្បីបន្តការអភិវឌ្ឍគំនិតច្នៃប្រឌិត ការផ្សារភ្ជាប់ទំនាក់ទំនង និងការយល់ដឹងពីយុទ្ធសាស្រ្តពង្រីកទីផ្សារ និងភ្ជាប់បណ្តាញជាមួយវិនិយោគិនអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ធុរកិច្ចថ្មីឌីជីថលមានតួនាទីសំខាន់ក្នុងការជំរុញនវានុវត្តន៍ ការបង្កើតការងារ និងកំណើនសេដ្ឋកិច្ច មួយវិញទៀតកម្មវិធីកម្មវិធីពន្លឿនធុរកិច្ចថ្មីឌីជីថលរដូវកាលទី១ អាចចាត់ទុកជាភាពជោគជ័យមួយ និងបានបង្ហាញចំណុចដ៏សំខាន់ នៅក្នុងជំហានវិវត្តជាវិជ្ជមាន របស់ធុរកិច្ចថ្មីឌីជីថលកម្ពុជា។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងបន្តសហការជាមួយដៃគូ ដើម្បីបង្កើតឱកាសសម្រាប់ធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា ក្នុងការចូលប្រកួតប្រជែងក្នុងតំបន់ និងលើឆាកអន្តរជាតិ៕