មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ណែនាំឲ្យមន្ត្រីជំនាញហាមមិនឲ្យចាប់ក្តាមថ្មមិនគ្រប់គីឡូ យកមកលក់នោះឡើយ

06-03-2026 15:40

(កោះកុង)៖ លោក កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យមន្ត្រីជំនាញជួយមើលថែរក្សាសក្តានុពលព្រៃកោងកាងឲ្យបានល្អ ជាពិសេសសូមផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយ ដើម្បីឲ្យសមាគមអាជីវករ ប្រជានេសាទ កុំចាប់ក្តាមថ្មមិនទាន់គ្រប់គីឡូ មកលក់ឲ្យសោះ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជានេសាទ។

លោក កឹម សុខុន បានថ្លែងដូចនេះនាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ នាឱកាសដែលលោក និងលោក ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោក សួន វិជ្ជា ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បាន អញ្ជើញចូលរួមមហាសន្និបាត កំណើតដំបូងសមាគមក្តាមថ្ម ដោយមានការទទួលស្វាគមន៍ពីលោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង ប្រធានមន្ទីរគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងអាជីវករនេសាទសហគមន៍ ជាច្រើនរូប ដើម្បីពិគ្រោះយោបល់ស្ដីពី ការពិនិត្យនិងផ្ដល់ភាពចូលលើសេចក្តីព្រាងលក្ខន្តិកៈ សមាគម និងសៀវភៅបន្ទប់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្តាមថ្មកោះកុង»។

លោក កឹម សុខុន បានបន្ថែមថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្មឧស្សាហកម្ម និងពង្រឹងការប្រកួតប្រជែងរបស់អាជីវករក្នុងស្រុក ជាក់ស្ដែងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី១ ត្រូវបានដាក់ចេញនៅក្នុងនីតិកាលទី៧ ដោយផ្ដោតជាសំខាន់លើអាទិភាពគន្លឹះចំណុច ៥ មាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ព្រមទាំងជំរុញឲ្យមានចក្ខុវិស័យសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០៥០ ឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់មួយផងដែរ។

លោកបានបន្តថា ក្រោមឆ័ត្រ នៃយុទ្ធសាស្ត្របច្ចេកដំណាក់កាលទី១ ក្រសួងពាណិជ្ជកម្ម បានរៀបចំនូវគោលនយោបាយស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣ ដល់ ២០២៨ ដែលជាផែនទីបង្ហាញផ្លូវមួយសម្រាប់ក្រសួងស្ថាប័នជាតិ ដែលមានជាប់ពាក់ព័ន្ធនិងវិស័យនេះ អាចយកទៅអនុវត្តនិងអភិវឌ្ឍន៍។ សកម្មភាពរបស់ខ្លួនឲ្យស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញគំនិតបង្កើតថ្មី ជំរុញឲ្យអនុវត្តផលិតផល និងសេវាកម្មថ្មីៗ និងជំរុញវិស័យពាណិជ្ជកម្មឧស្សាហកម្មបច្ចេកវិទ្យាវេជ្ជសាស្ត្រកសិកម្មទេសចរណ៍ និងសុខាភិបាលជាដើម។

នាឱកាសនោះលោក ឈេង សុវណ្ណា បានថ្លែងថា សេចក្តីព្រាងលក្ខត្តិកសមាគម និងសៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្តាមថ្មកោះកុង» មួយនេះ កំពុងបន្តដល់ធាតុចូលយ៉ាងសកម្មក្នុងការថែរក្សាការបន្តពូជរបស់ក្តាមថ្ម។ ដើម្បីអនុវត្តតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគិតបណ្ឌិតរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំខេត្តមន្ត្រីរាជការ និងប្រជាពលរដ្ឋកំពុងខិតខំអនុវត្តការងារយ៉ាងសកម្ម និងសម្រេចបានជោគជ័យនៅគ្រប់ភារកិច្ចរបស់ខ្លួន។ ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាបាននៅសុខសន្តិភាពសុវត្ថិភាពនយោបាយ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការការពារធនធានធម្មជាតិបរិស្ថានបានល្អប្រសើរ។

លោកអភិបាលរងបានបន្តថា ខេត្តកោះកុងស្ថិតក្នុងតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា មានសណ្ឋានដីជាលក្ខណៈភ្នំខ្ពង់រាប និងឆ្នេរសមុទ្រដែលមានផ្ទៃដីសរុបប្រមាណ ១០០.៤៥៩គីឡូម៉ែត្រការ៉េ មានឆ្នេរប្រវែង ២១៤គីឡូម៉ែត្រមានកោះចំនួន២៣ និងកោះនៅតាមដៃព្រែកចំនួន ១២កោះ ចែកចេញ១ក្រុង ៦ស្រុក និងមានប្រជាពលរដ្ឋ ៣៦,៦០៨គ្រួសារ ក្នុងនោះមុខរបរនេសាទប្រមាណ ៥៦,១០% ផ្នែកសេវាកម្ម និងពាណិជ្ជកម្មប្រមាណ ៤៣,៥%ផ្នែកកសិកម្មនិងមុខរបរបន្ទាប់បន្សំប្រមាណ ០,៤%បច្ចុប្បន្ននេះ ផលិតផលក្នុងស្រុកសរុបរបស់ប្រជាជនក្នុងខេត្តកោះកុងម្នាក់ៗ មាន ២១៤៨ដុល្លា ក្នុង១ឆ្នាំ៕