សម្ពោធជាផ្លូវការកម្មវិធីអភិវឌ្ឍន៍អ្នកតម្រង់ទិសសម្រាប់សហគ្រិន ដើម្បីពង្រឹងគុណភាពសហគ្រិន និងធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា

06-03-2026 15:45

(ភ្នំពេញ)៖ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញអធិបតីក្នុងពិធីដាក់សម្ពោធជាផ្លូវការ កម្មវិធីអភិវឌ្ឍន៍អ្នកតម្រង់ទិសសម្រាប់សហគ្រិន (Entrepreneurship Mentor Development Program) ដើម្បីពង្រឹងគុណភាពការតម្រង់ទិសសម្រាប់សហគ្រិន និងធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. សហគ្រិន ធុរកិច្ចថ្មីឌីជីថល អង្គការគាំទ្រប្រព័ន្ធអេកូឡូស៊ី និងដៃគូអភិវឌ្ឍន៍ នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP Technology Center (ATC) នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយមានការគាំទ្រពី ក.ប.ទ. និង មូលនិធិ ស.អ.។

កម្មវិធីនេះរៀបចំដោយមជ្ឈមណ្ឌលបច្ចេកវិទ្យា ATC ក្រោមកិច្ចសហការជាមួយ Sasakawa Peace Foundation (SPF) និងអង្គការស្វីសខន់ថាក់កម្ពុជា (Swisscontact Cambodia) តាមរយៈគម្រោងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងការវិនិយោគ (3Ei) ដែលទទួលបានការគាំទ្រថវិកាពីសហគ្រិនខ្មែរ (Khmer Enterprise) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។

«កម្មវិធីអភិវឌ្ឍន៍អ្នកតម្រង់ទិសសម្រាប់សហគ្រិន» ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងគុណភាព និងប្រសិទ្ធភាពរបស់អ្នកតម្រង់ទិស តាមរយៈការបង្កើនសមត្ថភាពរបស់ពួកគាត់ ក្នុងការផ្តល់ការគាំទ្រដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ស្របតាមតម្រូវការជាក់ស្តែងរបស់សហគ្រិន ក្នុងដំណាក់កាលចាប់ផ្តើមអាជីវកម្មដំបូង។

កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីកសាងសមត្ថភាព និងសង្គតិភាព (ភាពស៊ីចង្វាក់គ្នា) របស់អ្នកតម្រង់ទិសតាមរយៈការរួមបញ្ចូលគ្នារវាងការបណ្តុះបណ្តាលចំគោលដៅ ការអនុវត្តការតម្រង់ទិសជាក់ស្តែង និងការបង្កើតបណ្តាញទំនាក់ទំនង។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋលេខាធិការ សូ វិសុទ្ធី បានបញ្ជាក់ថា ការផ្តល់ការតម្រង់ទិស (Mentorship) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការអភិវឌ្ឍសហគ្រិនភាព ការរីកលូតលាស់នៃអាជីវកម្ម និងជួយពង្រឹងនវានុវត្តន៍នៃប្រព័ន្ធអេកូឡូស៊ីឱ្យកាន់តែរឹងមាំ។ អ្នកតម្រង់ទិស ដែលមានប្រសិទ្ធភាព មិនត្រឹមតែផ្តល់ការណែនាំផ្នែកបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយតម្រង់ទិសដៅយុទ្ធសាស្ត្រ និងផ្តល់នូវបទពិសោធជាក់ស្តែង ដើម្បីជួយសហគ្រិន និងធុរកិច្ចថ្មីឌីជីថលក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅដំណាក់កាលដំបូង។

លោករដ្ឋលេខាធិការបានបន្ថែមថា កម្មវិធីនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការបង្កើនគុណភាពនៃការគាំទ្រតាមរយៈការតម្រង់ទិស នៅក្នុង ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនិងធុរកិច្ចថ្មីឌីជីថលរបស់កម្ពុជា៕