គម្រោងលើកកម្ពស់ការចម្អិនស្អាត ប្រែក្លាយតំបន់ជនបទ និងដាច់ស្រយាល ពីការប្រើប្រាស់អុសសម្រាប់ចម្អិន ប្តូរទៅរកថាមពលចម្អិនស្អាត

06-03-2026 16:31

(ភ្នំពេញ)៖ គម្រោងលើកកម្ពស់ការចម្អិនស្អាត (HTCC) ដែលជាការសហការរវាងអង្គការអភិវឌ្ឍន៍ហូឡង់ SNV និងក្រសួងរ៉ែ និងថាមពល (MME) បានចូលរួមប្រែក្លាយតំបន់ជនបទ និងដាច់ស្រយាល ពីការប្រើប្រាស់អុសសម្រាប់ចម្អិន ប្តូរទៅរកថាមពលចម្អិនស្អាត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការអភិវឌ្ឍន៍ហូឡង់ SNV។

រយៈពេល៤ឆ្នាំ គម្រោងនេះបានចូលរួមចំណែកយ៉ាងច្រើន ដល់ការកាត់បន្ថយការចម្អិនអាហារដោយប្រើអុស ទៅជាការប្រើប្រាស់ថាមពលចម្អិនស្អាតនៅតាមសហគមន៍ជនបទ និងសហគមន៍ដាច់ស្រយាល។

នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះផងដែរ អង្គការអភិវឌ្ឍន៍ហូឡង់ SNV និងក្រសួងរ៉ែ និងថាមពល (MME) ក៏បានរៀបចំសិក្ខាសាលាបិទបញ្ចប់គម្រោងរយៈពេលបួនឆ្នាំ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ រួមមាន គម្រោងលើកកម្ពស់ការចម្អិនស្អាត(HTCC) និងគម្រោងភូមិគ្មានផ្សែង។

ក្នុងពិធីនេះ អ្នកពាក់ព័ន្ធគម្រោង បានជួបគ្នាឆ្លុះបញ្ចាំងពីលទ្ធផលគម្រោងដែលសម្រេចបាន និងបញ្ជាក់ជាថ្មីអំពីកិច្ចសហប្រតិបត្តិការបន្ត ដើម្បីពង្រីកដំណោះស្រាយចម្អិនអាហារស្អាតនៅក្នុងប្រទេសកម្ពុជាដោយមានការចូលរួមពីក្រសួងពាក់ព័ន្ធ វិស័យឯកជន វិនិយោគិន និងអង្គការមិនមែនរដ្ឋាភិបាល។

ចង្ក្រានស្អាតកាត់បន្ថយតម្រូវការប្រើប្រាស់អុសសម្រាប់ចម្អិនអាហារ ដែលមានផលប៉ះពាល់យ៉ាងជ្រៅទៅលើសុខភាព ជីវភាពរស់នៅ និងបរិស្ថាន។ ដូច្នេះ ការទទួលបានចង្ក្រានស្អាតនៅតំបន់ជនបទនៃប្រទេសកម្ពុជា គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការផ្លាស់ប្តូរទៅរកថាមពលចម្អិនស្អាត។

អង្គការអភិវឌ្ឍន៍ហូឡង់ SNV បានបង្ហាញពីលទ្ធផលសំខាន់ៗពីការអនុវត្តន៍គម្រោងលើកកម្ពស់ការចម្អិនស្អាត (HTCC) នៅកម្ពុជា ជាមួយនឹងការលក់ចង្ក្រានស្អាតចំនួន ៣១,៦៥៣ របស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក (ចង្ក្រានអគ្គិសនីចំនួន ៣០,១៩០ និងចង្ក្រានបរិស្ថានចំនួន ១,៤៦៣) និងការដំឡើងឡជីវឧស្ម័នក្នុងស្រុកចំនួន ៧៣១ឡ។

គម្រោងនេះ បានគាំទ្រដល់សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យមនៅតាមជនបទចំនួន ៦២សហគ្រាស ដែលមានអាជីវកម្មដែលគ្រប់គ្រងដោយស្ត្រីចំនួន ៤២សហគ្រាស ដើម្បីពង្រីកប្រតិបត្តិការរបស់ពួកគេ និងគម្រោងបានផ្តល់មូលនិធិសម្រាប់ការច្នៃប្រឌិតទៅដល់សហគ្រាសចំនួន ៨ (បីសហគ្រាសដឹកនាំដោយស្ត្រី) ដើម្បីសាកល្បងវិធីសាស្រ្តអាជីវកម្មថ្មីៗ។ សហគ្រាសដែលគាំទ្រដោយគម្រោងនេះបានបង្កើនការលក់ចង្ក្រានស្អាត និងទទួលបានទំនុកចិត្ត និងជំនាញគ្រប់គ្រង។

គម្រោងនេះ ក៏បានរួមចំណែកធ្វើអោយបរិយាកាសអំណោយផលកាន់តែរឹងមាំ សម្រាប់ការចម្អិនស្អាត ជួយដល់ការបង្កើតគោលនយោបាយចម្អិនស្អាតដូចជាយុទ្ធសាស្ត្រថាមពលចម្អិនស្អាត និងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC 3.0) របស់កម្ពុជា។

លោក Bastiaan Teune នាយកប្រចាំប្រទេសនៃអង្គការអភិវឌ្ឍន៍ហូឡង់ SNV នៅកម្ពុជាបានមានប្រសាសន៍ថា៖ «គម្រោងលើកកម្ពស់ការចម្អិនស្អាតបានបង្ហាញពីអ្វីដែលអាចធ្វើទៅបាននៅពេលដែលវិស័យសាធារណៈ និងវិស័យឯកជនធ្វើការជាមួយគ្នា និងនៅពេលដែលសហគ្រិនទទួលបានការគាំទ្រជាក់ស្តែង និងទទួលបានហិរញ្ញប្បទានជំរុញ។ គម្រោងនេះបានជួយបកប្រែមហិច្ឆតាគោលនយោបាយទៅជាលទ្ធផលជាក់ស្តែងសម្រាប់គ្រួសារនិងអាជីវកម្ម»

បន្ថែមលើសនេះទៀត អង្គការអភិវឌ្ឍន៍ហូឡង់ SNV បានបង្ហាញពីលទ្ធផលសំខាន់ៗរបស់គម្រោងភូមិគ្មានផ្សែង ដែលបានផ្តល់លទ្ធភាពដល់ប្រជាជនចំនួន ១១១,០០០ខ្នងផ្ទះ នៅក្នុងភូមិគោលដៅ បានផ្លាស់ប្តូរការអនុវត្តន៍ទៅរកការចម្អិនស្អាត និងភូមិចំនួន ៤៣២ នៃ៤៤៨ ភូមិគោលដៅសរុប(៨៩%) សម្រេចបានលើស 85% នៃខ្នងផ្ទះដែលបានប្រើប្រាស់មធ្យោបាយចម្អិនស្អាតជាចម្បង។

តំណាងមកពីក្រសួងរ៉ែ និងថាមពល និងគណៈប្រតិភូសហភាពអឺរ៉ុប បានថ្លែងសុន្ទរកថាទទួលស្គាល់ភាពជាដៃគូ និងវឌ្ឍនភាពឆ្ពោះទៅរកការទទួលយកការចម្អិនស្អាតកាន់តែទូលំទូលាយ ជាពិសេសនៅក្នុងសហគមន៍ជនបទ និងសហគមន៍ដាច់ស្រយាល។

សិក្ខាសាលានេះ ក៏បានកត់សម្គាល់ពីការប្រកាសជាផ្លូវការនៃការបិទបញ្ចប់គម្រោង លើកកម្ពស់ការចម្អិនស្អាត (HTCC)និងគម្រោងភូមិគ្មានផ្សែង (SFV) រួមទាំងប្រកាសអំពីការចុះ អនុស្សរណៈនៃការយោគយល់គ្នាជាថ្មីរវាងក្រសួងរ៉ែ និងថាមពល (MME) និងអង្គការអភិវឌ្ឍន៍ហូឡង់(SNV) ដើម្បីបន្តពង្រឹងកិច្ចសហការលើវិស័យថាមពលស្អាត និងគំនិតផ្តួចផ្តើមនៃការចម្អិនស្អាតនៅក្នុងប្រទេសកម្ពុជា។

កម្មវិធីនេះ ទទួលបានហិរញ្ញប្បទានរួមគ្នាពីគណៈកម្មការអឺរ៉ុប ក្រសួងការបរទេសហូឡង់ និង Danida។ កម្មវិធីនេះសម្របសម្រួលដោយ RVO និងដំណើរការក្នុងភាពជាដៃគូជាមួយភ្នាក់ងារអភិវឌ្ឍន៍ថាមពល Energising Development (EnDev)។

សូមជម្រាបថា អង្គការអភិវឌ្ឍន៍ហូឡង់ SNV គឺជាដៃគូអភិវឌ្ឍន៍សកល ដែលមានឫសគល់នៅក្នុងទ្វីបអាហ្រ្វិក និងអាស៊ី។

ជាមួយនឹងបទពិសោធន៍ ៦០ឆ្នាំ និងក្រុមការងារដែលមានមនុស្សប្រមាណ ១,៦០០នាក់ បេសកកម្មរបស់អង្គការនេះ គឺពង្រឹងសមត្ថភាព និងជំរុញភាពជាដៃគូដែលផ្លាស់ប្តូរប្រព័ន្ធកសិកម្ម ថាមពល និងទឹកស្អាតធ្វើឱ្យការរស់នៅមាននិរន្តរភាព និងសមភាពបន្ថែមទៀតសម្រាប់ទាំងអស់គ្នា។

នៅក្នុងប្រទេសកម្ពុជា អង្គការអភិវឌ្ឍន៍ហូឡង់ SNV ធ្វើការលើប្រព័ន្ធថាមពល ទឹកស្អាត និងកសិ-អាហារ ដោយប្រើវិធីសាស្រ្តផ្អែកលើទីផ្សារ ដើម្បីជំរុញកំណើនដែលធន់នឹងអាកាសធាតុ និងបរិយាបន្ន។ នៅក្នុងវិស័យថាមពល អង្គការបានលើកកម្ពស់ការអនុវត្តការចម្អិនអាហារស្អាតដែលផ្លាស់ប្តូរតាមរយៈការធ្វើអន្តរាគមន៍ទីផ្សារ ការផ្លាស់ប្តូរអាកប្បកិរិយា និងការអប់រំ៕