ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
06-03-2026 17:00
(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
ខាងក្រោមជាខ្លឹមសារនៃប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ដែលបានប្រឹងប្រែងបំពេញការងារយ៉ាងសស្រាក់សស្រាំលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យទទួលបានលទ្ធផលល្អប្រសើរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងការចូលរួមអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលរាជរដ្ឋាភិបាលបានដាក់ចេញចំនួន ១០លើក កន្លងមក ដោយទទួលបានលទ្ធផលល្អ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសុទិដ្ឋិនិយមចំពោះ «ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១» នឹងបន្តដើរតួជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញចលនាជាតិ និង ស្មារតីរួមទូទាំងប្រទេស ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមគ្រប់ទម្រង់, គ្រប់រូបភាព និងគ្រប់វិស័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមរភូមិគ្រឿងញៀន តាមបណ្តាប្រទេសនានាលើសកលលោក មិនទាន់បង្ហាញនូវសញ្ញាថមថយនៅឡើយទេ, ជាពិសេស នៅតំបន់អាមេរិកឡាទីន, វិបត្តិគ្រឿងញៀនបានក្លាយជាសង្គ្រាម និង ជម្លោះប្រដាប់អាវុធយ៉ាងវឹកវររវាងសមត្ថកិច្ច និង ក្រុមឧក្រិដ្ឋជន ដែលបានបង្កជាចលាចល និង សោកនាដកម្មធ្ងន់ធ្ងរក្នុងសង្គម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវកែសម្រួលពីគោលការណ៍ «វែកចក» ក្នុងអតីតកាលទៅជាគោលការណ៍ «សម្អាតចកចេញពីផ្ទៃបឹង និង រក្សាផ្ទៃបឹងឱ្យស្អាតថ្លាជាប្រចាំ» ដែលជាយុទ្ធនាការសម្អាតផ្ទះយើង, លើកកម្ពស់កិត្តិយសជាតិ, និង ធានានូវ «សុខដុមនីយកម្មក្នុងសហគមន៍»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈអភិបាលរាជធានី ខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការងារនេះ ដោយត្រូវរៀបចំយន្តការ ក្រុមការងារ និង មន្ត្រីបង្គោលទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យបានគ្រប់ថ្នាក់, ចាប់ពី ក្រុង ខណ្ឌ ស្រុក សង្កាត់ ឃុំ រហូតដល់ភូមិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យជំរុញពលរដ្ឋក្នុងមូលដ្ឋានទាញយក និង ប្រើប្រាស់ឱ្យបានទូលំទូលាយនូវកម្មវិធីទូរស័ព្ទដៃ «App NoDrug» របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីទទួលបានសារអប់រំ មេរៀន និងព័ត៌មាន ជាពិសេស ដើម្បីរាយការណ៍ដោយសម្ងាត់ពីបទល្មើសគ្រឿងញៀនក្នុងសហគមន៍ ឈានដល់ការបង្ក្រាបទាន់ពេល និងប្រកបដោយប្រសិទ្ធភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបន្តពង្រឹង និង ពង្រីកកិច្ចសហការ និងកិច្ចសហប្រតិបត្តិការ, ទាំងទ្វេភាគី និងពហុភាគី, និង ទាំងកម្រិតតំបន់ និង សកល, ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ព័ត៌មាន សភាពការណ៍ និង ជំនាញបច្ចេកទេស ក្នុងគោលបំណងរួមគ្នាជាធ្លុងមួយដើម្បីកាត់ផ្តាច់ចរន្តនៃក្រុមឧក្រិដ្ឋជនគ្រឿងញៀនអន្តរជាតិឆ្លងដែន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលខេត្តជាប់ព្រំដែន ត្រូវពង្រឹងយន្តការការិយាល័យទំនាក់ទំនង BLO ដោយត្រូវរៀបចំឱ្យមានទីស្នាក់ការត្រឹមត្រូវ, មន្ត្រីទទួលបន្ទុកការងារច្បាស់លាស់ និងរបៀបរបបការងារម៉ត់ចត់ សម្រាប់ធ្វើការទាក់ទងជាមួយប្រទេសជិតខាង, សំដៅទប់ស្កាត់ និង បង្ក្រាបទាន់ពេលនូវរាល់បទល្មើសឆ្លងដែន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាគ្រឿងញៀន និងបទល្មើសឆបោកអនឡាញ គឺជាចំណុចខ្សោយរបស់សង្គមកម្ពុជា ដែលត្រូវរួមគ្នាបោសសំអាត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបោសសំអាតបទល្មើសឆបោកអនឡាញ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់បោសសំអាត តាំងពីនីតិកាលចាស់ រហូតមកដល់នីតិកាលថ្មីនេះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងបទល្មើសឆបោកអនឡាញ ត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋផងដែរ ដើម្បីទទួលបានជោគជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកអនឡាញ ត្រូវអនុវត្តច្បាប់ តែអត់ត្រូវយកកាំភ្លើង គ្រាប់បែក គ្រាប់កាំភ្លើងធំទៅទម្លាក់ ឬបាញ់ផ្លោងលើទីតាំងនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីប្រទេសស្អាត ទាមទារឱ្យរាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិស្អាត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវតែប្តេជ្ញាចិត្តរួមគ្នាបោសសំអាតបទល្មើសឆបោកអនឡាញ កុំឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ សង្គម និងសេដ្ឋកិច្ច។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកំពុងរៀបចំច្បាប់ប្រឆាំងបទល្មើសឆបោកអនឡាញ។ ម្ចាស់ទីតាំង អ្នកជួលផ្ទះ ជួលអគារ និងអ្នកអូសទាញ ក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផលបានពីសកម្មភាពឆបោកអនឡាញ ជាសេដ្ឋកិច្ចពណ៌ខ្មៅ ដែលនាំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពណ៌ស ដែលជាសេដ្ឋកិច្ចត្រឹមត្រូវស្របច្បាប់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផលបានពីសកម្មភាពឆបោកអនឡាញ មិនបានចូលទៅសេដ្ឋកិច្ចជាតិនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវតែបន្តរួមគ្នា បោសសំអាតការឆបោកអនឡាញ ដែលជាសេដ្ឋកិច្ចខ្មៅ។ ការបោសសំអាតនេះ មិនអាចនរណាធ្វើជំនួស ក្រៅពីកម្ពុជានោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ស្វាគមន៍គ្រប់ជាតិសាសន៍ទាំងអស់ ដែលមកធ្វើសកម្មភាពត្រឹមត្រូវតាមច្បាប់ តែមិនស្វាគមន៍ការមកធ្វើសកម្មភាពខុសច្បាប់នោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីកម្ពុជា មានបញ្ហាព្រំដែនជាមួយថៃ តែមិនបានយកប្រជាពលរដ្ឋថៃ ធ្វើជាសត្រូវនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណុចអវិជ្ជមានតូចមួយធ្វើឱ្យប៉ះពាល់ធំដល់វិស័យទេសចរណ៍។ សម្តេចណែនាំរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រឹងប្រែងផ្សព្វផ្សាយចំណុចល្អរបស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានអ្នកចាំអ៊ុតពីប្រតិបត្តិការបោសសំអាតអំពើឆបោកអនឡាញ។ មិនបាច់រង់ចាំអ៊ុតទេ ការបោសសំអាតមិនដកថយទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ធ្លាប់ប្រឹងរស់ពីបាតដៃទទេ ដូច្នេះមិនត្រូវការសេដ្ឋកិច្ចពណ៌ខ្មៅនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការឃាត់ខ្លួនឧកញ៉ាម្នាក់ និងការបង្ក្រាបករណីធំមួយនៅព្រែកចាក ខេត្តកំពត បានសហការជាមួយ FBI របស់អាមេរិក និងសមត្ថកិច្ចជំនាញរបស់ប្រទេសដទៃទៀត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី មិនមែនជាការរៀបចំកម្មវិធី ដើម្បីកម្សាន្តសប្បាយ ឱ្យភ្លេចបញ្ហាទឹកដីនោះទេ។ តែយើងមិនអាចឱ្យបញ្ហាទឹកដីនេះ ធ្វើឱ្យសេដ្ឋកិច្ចទាំងមូលនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿងជាតិទឹកដី និងរឿងកងទ័ព គឺគ្មានថ្ងៃដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋភ្លេចនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមស្តង់នានា នឹងមានរៀបចំរូបភាពបង្ហាញពីវីរភាពរបស់កងទ័ព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់ចំណូលបានពីព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នឹងយកទៅជួយដល់កងទ័ព និងជនភៀសសឹក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ថ្ងៃបុណ្យចូលឆ្នាំនឹងបើកឱ្យពលរដ្ឋចូលលេង ឬហាត់ប្រាណនៅព្រលានយន្តហោះចាស់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដើម្បីកុំឲ្យ Sad ហើយជួយរំលឹកដល់កងទ័ព និងជនភៀសសឹក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំតាមរាជធានីខេត្ត មិនឱ្យមានការប្រើឡានបាញ់ទឹករាំរែក ហើយលើកទឹកចិត្តលេងល្បែងប្រជាប្រិយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនគួរឱ្យការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ធ្វើឱ្យបែកបាក់សាមគ្គីជាតិនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ក្រុមហ៊ុនានា ចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ឧបត្ថម្ភភេសជ្ជៈដល់ពលរដ្ឋប្រើរថយន្តក្រុងសាធារណៈធ្វើដំណើរទៅស្រុកកំណើត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យផ្អាកការទៅធ្វើការ ឬទៅរៀននៅតំបន់មជ្ឈិមបូព៌ា រហូតដល់ស្ថានការណ៍វិលមកស្ងប់ស្ងាត់វិញ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋខ្មែរកំពុងរស់នៅតំបន់មជ្ឈឹមបូព៌ា ៤៨៧នាក់ និស្សិត ២៨២នាក់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ និងថាមពល តាមដានឱ្យបានជាប់លាប់រឿងតម្លៃប្រេងឥន្ធនៈ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈនានា កុំដំឡើងថ្លៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ខ្មែរគ្រប់រូបរួមគ្នាបន្តស្មារតីរួបរួមសាមគ្គីគ្នាជម្នះបញ្ហាសម្រាប់ឆ្នាំថ្មី។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែតសុន្ទរកថានៅវេលាម៉ោង ៤៖៤៥នាទីល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕


































































