សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប បើកកិច្ចប្រជុំលើកទី២ អាណត្តិទី៤ ដើម្បីពិនិត្យពិភាក្សា និងអនុម័តលើរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត

06-03-2026 17:12

(សៀមរាប)៖ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំលើកទី២ អាណត្តិទី៤ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ផែនការយុទ្ធសាស្ត្រ) ដើម្បីពង្រឹងសាមគ្គីភាព និងប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

កិច្ចប្រជុំនេះ ក្រោមវត្តមានរបស់លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ ថុល អភិបាលរងខេត្ត, លោក គៀង សេងគី អនុប្រធានអចិន្ត្រៃយ៍សម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សាមូលដ្ឋាន ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ និងអាជ្ញាធរក្រុង ស្រុកជាច្រើនចូលរួមផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក លី សំរិទ្ធ បានលើកឡើងថា គោលបំណងនៃការបង្កើតសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺបង្កើតជានីតិបុគ្គលធ្វើជាតំណាងឲ្យក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលជាសមាជិករបស់ខ្លួន សំដៅការពារផលប្រយោជន៍រួមរបស់សមាជិក ជម្រុញកិច្ចសហប្រតិបត្តិការរវាងសមាជិក ការអភិវឌ្ឍសមត្ថភាព និងលទ្ធភាពសម្រាប់ការធ្វើឲ្យប្រសើរឡើងនូវមុខងារ។

ជាពិសេស ធនធានតាមច្បាប់សម្រាប់សមាជិករបស់ខ្លួន តាមរយៈការចូលរួមក្នុងដំណើរការតស៊ូមតិ ការពិភាក្សា ពិគ្រោះយោបល់លើការរៀបចំគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធផ្សេងៗរបស់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិ។

លោកក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់ថ្នាក់ដឹកនាំសមាគម ដោយនាំមកនូវសមិទ្ធផលចំបងៗ មានដូចជា៖ វគ្គបណ្តុះបណ្តាល វេទិកាពង្រឹងតួនាទី ភារកិច្ច ចុះរៀបចំកិច្ចប្រជុំ ប្រឹក្សាយោបល់ និងប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំសាខាក្រុង ស្រុក ជូនដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ស្របតាមគោលបំណង និងទិសដៅរបស់សមាគមក្នុងការលើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់។

លោក លី សំរិទ្ធ ក៏បាន ជូននូវបញ្ហាគន្លឹះមួយចំនួន ដែលត្រូវបន្តយកចិត្តទុកដាក់អនុវត្ត និងដោះស្រាយនៅក្នុងឆ្នាំ២០២៦ ព្រមទាំងផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួន ដល់សមាជិក សមាជិកា សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ដែលជាមូលដ្ឋានគ្រឹះ យកទៅអនុវត្តផែនការយុទ្ធសាស្ត្រឲ្យប្រកបដោយប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ម៉្យាងទៀត សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ ត្រូវខិតខំអនុវត្តតួនាទី និងភារកិច្ច ដើម្បីបម្រើប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។

លោក សុខ ថុល ក៏បានលើកនូវចំណុចសំខាន់ៗមួយចំនួន ដើមី្បជាមូលដ្ឋានគ្រឹះ សម្រាប់សមាជិក សមាជិកា សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត ក្នុងការបន្តជម្រុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយបន្តខិតខំប្រឹងប្រែងបំផុសចលនាប្រជាពលរដ្ឋ ឲ្យចូលរួមក្នុងចលនានេះឲ្យបានជាប់ជាប្រចាំ។ ជាពិសេស ត្រូវយកចិត្តទុកដាក់ក្នុងការ សហការជាមួយគ្នាឲ្យបានស្អិតរមួត រវាងគណៈបញ្ជាការឯកភាពខេត្ត និងគណៈបញ្ជាការឯកភាពក្រុង ស្រុក។

លោកបន្ថែមថា ត្រូវបន្តជម្រុញការរៀបចំផែនការថវិកាសង្គម និងជំនួយសង្គម ក៏ដូចជា៖ ការទូទាត់ឯកសារចំណាយ ផ្សេងៗឱ្យសមស្របជាមួយផែនការព្រមទាំងលេខកូដគណនី នីមួយៗ ជៀសវាងមានរឿងកើតឡើងផ្សេងៗជាយថាហេតុ ដែលនាំខូចកេរ្ត៍ឈ្មោះរបស់ក្រុមប្រឹក្សា។

សូមជម្រាបថា ក្នុងកិច្ចប្រជុំបានធ្វើការអនុម័តទៅលើរបាយការណ៍ សកម្មភាព និង ថវិការបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តឆ្នាំ២០២៥ និងការអនុម័តលើផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៦ព្រមទាំងការអនុម័តលើការកែសម្រួលលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ និងការអនុម័តលើការអនុវត្តចំណូល ចំណាយ របស់កម្មវិធីមរណៈសង្គ្រោះឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦៕