លោកស្រីបណ្ឌិត បាន ស្រីមុំ ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា

06-03-2026 17:32

(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយលោក វ៉ាង វិនប៊ីន (WANG Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងសិក្សាឈ្វេងយល់អំពីសក្តានុពលព្រមទាំងស្ថានភាពទូទៅរបស់ខេត្តប៉ៃលិន ក្នុងគោលដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងរវាងអាជ្ញាធរនៃរដ្ឋបាលខេត្តប៉ៃលិន និងឯកអគ្គរដ្ឋទូត សាធារណរដ្ឋ ប្រជាមានិតចិន ក៏ដូចជាប្រជាជនចិន និងប្រជាជនកម្ពុជាផងដែរ។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ វត្តមានលោក វ៉ាង វិនប៊ីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំកម្ពុជា និងសហការីដែលបានអញ្ជើញមកកាន់ទឹកដីខេត្តប៉ៃលិន កាលពីរសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ព្រមទាំងបានជម្រាបជូនអំពីស្ថានភាពភូមិសាស្រ្តស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, ស្ថានភាពសេដ្ឋកិច្ច, ស្ថានភាពសន្តិសុខ និងសក្តានុពលរបស់ខេត្ត។

លោកស្រីបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា កម្ពុជា-ចិនគឺជាមិត្ដប្រវត្តិសាស្ត្រ ដ៏ជិតស្និទ្ធ ពិតប្រាកដ និងទុកចិត្តគ្នា ហើយតាមរយៈការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំ នៃប្រទេស ទាំងពីរ បានធ្វើឱ្យ ចំណងមិត្តភាពនេះ ប្រែក្លាយទៅជាមិត្តភាពដែកថែប ដែលមិនអាចកាត់ថ្លៃបាន និងជំរុញកិច្ច សហប្រតិបត្តិការរវាងគ្នានឹងគ្នាឱ្យបានកាន់តែស្អិតរមួតបន្ថែមទៀតហើយជាក់ស្តែងនៅខេត្តប៉ៃលិន រដ្ឋាភិបាល ប្រទេសចិន និងប្រជាជនចិនកន្លងមកបានជួយឧត្ថម្ភគាំទ្រលើវិស័យកសិកម្ម វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យសុខាភិបាល វិស័យអប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ មាន ដូចជា ផ្លូវស្ពានសាលារៀន មន្ទីរពេទ្យ និងប្រព័ន្ធធារាសាស្ត្រជាដើម។

ជាការឆ្លើយតបលោក វ៉ាង វិនប៊ីន (WANG Wenbin) បានកោតសរសើ ចំពោះការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្តប៉ៃលិន ព្រមទាំង សន្យា ថានឹងខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អាជ្ញាធរ និងប្រជាពលរដ្ឋខេត្ត ប៉ៃលិន ក្នុងនាម ប្រទេស ជាមិត្តដ៏យូអង្វែង ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែល្អប្រសើឡើង ស្របតាមគោល នយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមានសម្តេចមហាបវធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍វាយតម្លៃ ខ្ពស់ ចំពោះវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ របស់ភាគីកម្ពុជា និងគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជា ក្នុងការបោសសំអាតនូវ សកម្មភាព ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យាឱ្យអស់ពីឫសគល់ ហើយបន្តគាំទ្រកម្ពុជាឱ្យរក្សាបាននូវស្ថិរភាព និងការ អភិវឌ្ឍន៍ ឈានទៅភាពរុងរឿង និងការស្តាឡើងវិញដូចពេលមុន ដោយសន្យា ជំរុញ និងលើក ទឹកចិត្ត ដល់ វិនិយោគិន របស់ ខ្លួនមក វិនិយោគ នៅកម្ពុជា បន្ថែមទៀត រួមទាំងខេត្តប៉ៃលិន៕